អន្តរជាតិ
ព្រោះ​បារម្ភ​ពី​សន្តិសុខ ឥណ្ឌា​បញ្ជា​ឲ្យ​ទ័ព​ជួរមុខ​ជាប់​ព្រំដែន​ជាមួយ​ចិន លុប​កម្មវិធី​ទូរស័ព្ទ​របស់​ចិន
01, Dec 2017 , 10:59 pm        
រូបភាព
ដោយ:
​រដ្ឋាភិបាល​ឥណ្ឌា ដាក់​បញ្ជា​ឲ្យ​កងទ័ព​ជួរមុខ​របស់ខ្លួន​ទាំងអស់​លុបចោល​កម្មវិធី​នៅក្នុង​ទូរ​សព្ទ័​របស់​ពួកគេ ដែល​ផលិត​ដោយ​ចិន ។ បទបញ្ជា​នេះ មាន​គោលដៅ ការពារ​មិន​ឲ្យ​ចិន អាច​ដឹង​ពី​ទីតាំង ដែល​កងទ័ព​ខ្លួន ខណៈ​ស្ថានភាព​សន្តិសុខ​ព្រំដែន​ទាំងពីរ ហាក់​នៅតែ​មិនទាន់​ល្អប្រសើរ​នៅឡើយ​នោះ ។


​ក្រសួងការពារជាតិ​ឥណ្ឌា បាន​បង្គាប់បញ្ជា​ឲ្យ​កងទ័ព​របស់ខ្លួន ដែល​កំពុងតែ​ឈរជើង​នៅតាម​ព្រំដែន​ជាមួយ​ចិន លុបចោល​កម្មវិធី​ជាង​៤០ ដែល​ផលិត​ដោយ​ចិន​ពី​ឧបករណ៍​របស់​ពួកគេ ដែល​រួមទាំង​កម្មវិធី BeautyPlus ដែលជា​កម្មវិធី​ដែលមាន​អ្នកប្រើប្រាស់​ទូទាំង​សកល ៥០០​លាន​នាក់​នោះ ។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន​ចិន People’s Daily នៅ​ថ្ងៃ​៣០ វិច្ឆិកា ។

​តាម​ប្រភពព័ត៌មាន​ដដែល ឥណ្ឌា​អះអាងថា ចំណាត់ការ​នេះ​មាន​គោលដៅ​ទប់ស្កាត់​ការតាមដាន​ទីតាំង​របស់​កងទ័ព ដែល​កំពុងតែ​ប្រើប្រាស់​តាមរយៈ​ទូរស័ព្ទដៃ​របស់​ពួកគេ​ដោយ​ចិន ខណៈ​ស្ថានភាព​សន្តិសុខ​តាម​ព្រំដែន​ប្រទេស​ទាំងពីរ ក៏​នៅ​មិនទាន់​អាច​ធានា​ពី​ស្ថិរភាព​នៅឡើយ​នោះ ។

​បទបញ្ជា​នេះ​ត្រូវបាន​ដាក់ចេញ​ដែរ ក៏​ស្រប​ពេលដែល​ក្រសួងការពារជាតិ​ឥណ្ឌា​ណែនាំ​ឲ្យ​កងទ័ព​ទាំងបី​ប្រភេទ​របស់ខ្លួន​ចៀសវាង ការប្រើប្រាស់​កម្មវិធី​ប​ណ្តា​ញ​សង្គម ដែល​អាចធ្វើ​ឲ្យ​អ្នក​ខាងក្រៅ​ដឹង​ពី​ទីតាំង​របស់​ពួកគេ​ឈរជើង​ផងដែរ​នោះ ។​

​យ៉ាងណាក៏ដោយ​នេះ មិនមែនជា​លើកទីមួយ​ឡើយ ដែល​រដ្ឋាភិបាល​ឥណ្ឌា ចាត់​វិធាន​តឹងរឹង​ដើម្បី​តទល់​ជាមួយ​ចិន​នោះ ។ ថ្មីៗ​នេះ រដ្ឋាភិបាល​ឥណ្ឌា ក៏បាន​ស្នើ​ឲ្យ​ក្រុមហ៊ុន​ទូរ​សព្ទ​ចិន រក្សា​សិទ្ធិ និង​ធានា​ពី​ការមិន​ប៉ះពាល់​ដល់​ឯកជន​ភាព​អ្នកប្រើប្រាស់ ជាពិសេស​ជនជាតិ​ឥណ្ឌា​តែម្តង ។ មិន​ត្រឹមតែ​ប៉ុណ្ណោះ អាជ្ញាធរ​ឥណ្ឌា ក៏មាន​ការពិនិត្យ​ខ្ពស់​ផងដែរ​លើ​ផលិតផល​របស់​ប្រទេស​ចិន​ដែរ​៕

Tag:
 ចិន
  ឥណ្ឌា
© រក្សាសិទ្ធិដោយ thmeythmey.com