អន្តរជាតិ
EU សម្រេច​បញ្ជូន​អ្នក​អង្កេត​ការណ៍​ឃ្លាំមើល​ការបោះឆ្នោត​ស៊ីម​បា​វ៉េ​លើកដំបូង ក្រោយ មូ​ហ្កា​បេ ធ្លាក់​ពី​តំណែង​
30, May 2018 , 9:19 am        
រូបភាព
​សហភាព​អឺរ៉ុប​នឹង​បញ្ជូន​ក្រុម​អ្នក​អង្កេត​ការណ៍​របស់ខ្លួន​ទៅ​ត្រួតពិនិត្យ​ការបោះឆ្នោត​សាកល​នៅ​ស៊ីម​បា​វ៉ា​ជា​លើកដំបូង​ក្នុង​រយៈពេល ១៦ ឆ្នាំ​ចុងក្រោយ ហើយ​វា​ក៏​ជា​លើកដំបូង​ក្រោយ​លោក រ៉ូបឺត មូ​ហ្កា​បេ អស់អំណាច​។ ក្រៅពី​សហភាព​អឺរ៉ុប អង្គការ​ធំៗ​របស់​អាមេរិក​ចំនួន​ពីរ​ក៏​នឹងចូលរួម​អង្កេត​ការ​ដូចគ្នា​។


​នៅ​ខែកក្កដា​ខាងមុខ ស៊ីម​បា​វ៉េ​នឹង​រៀបចំ​ការបោះឆ្នោត​សាកល​មួយ​ដើម្បី​ជ្រើសរើស​តំណាងរាស្ត្រ​។ វា​នឹង​ក្លាយជា​ការបោះឆ្នោត​លើកដំបូង​ក្នុង​រយៈពេល ១៦ ឆ្នាំ ដែលមាន​ការចូលរួម​ដោយ​ក្រុម​អង្កេត​ការណ៍​សហភាព​អឺរ៉ុប​នោះ​។​

​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP សហភាព​អឺរ៉ុប បានសម្រេច​ចុះ​អនុស្សារណៈ​យោគយល់​គ្នា​នៅ​ថ្ងៃ​ចន្ទ ទី ២៨ ខែឧសភា ដើម្បី​កំណត់​ពី​សិទ្ធិ និង​កាតព្វកិច្ច​របស់​អ្នក​អង្កេត​ការណ៍​បោះឆ្នោត​សហភាព​អឺរ៉ុប​។ ការចុះ​កិច្ចព្រមព្រៀង​នេះ​ធ្វើឡើង បន្ទាប់ពី​រដ្ឋាភិបាល​ស៊ីម​បា​វ៉េ​អញ្ជើញ​អ្នក​អង្កេត​ការណ៍​សហភាព​អឺរ៉ុប​ជា​ផ្លូវការ​កាលពី​ខែមីនា​នោះ​។

​ប្រធាន​ប្រតិភូ​សហភាព​អឺរ៉ុប​ប្រចាំ​ស៊ីម​បា​រ៉េ​លោក Philippe Van Damme បានប្រកាស​ស្វាគមន៍​ការប្រឹងប្រែង​របស់​រដ្ឋា​ភិ​បាល​ក្រុង​ហា​រ៉ា​រេ​។ លោក​បាន​ថ្លែង​ក្រោយ​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​រដ្ឋមន្ត្រីការបរទេស​ស៊ីម​បា​វ៉េ​លោក Sibusiso Moyo ដូច្នេះ​៖«​សហភាព​អឺរ៉ុប​ស្វាគមន៍​ការប្តេជ្ញាចិត្ត​របស់​រដ្ឋា​ភិ​បាល​ស៊ីម​បា​វ៉េ​ក្នុង​ការធានា​ឲ្យ​មានការ​បោះឆ្នោត​ប្រកបដោយ​សន្តិភាព យុត្តិធម៌ ត្រឹមត្រូវ តម្លាភាព និង​ពេញលេញ​ផង​»​។​

​ការបោះឆ្នោត​សភា​នៅ​ខែកក្កដា​នេះ​នឹង​ក្លាយជា​ការបោះឆ្នោត​លើកដំបូង​បំផុត​ចាប់ពី​មេដឹកនាំ​ផ្តាច់ការ រ៉ូបឺត មូ​ហ្កា​បេ អស់អំណាច​កាលពី​ខែវិច្ឆិកា​ឆ្នាំមុន ក្រោយ​ក្រុម​យោធា​ដណ្តើម​អំណាច​នោះ​។ លោក Emmerson Mnangagwa ដែលជា​អនុ​ប្រធានាធិបតី ហើយ​ត្រូវ​លោក មូ​ហ្កា​បេ បណ្តេញចេញ​នោះ បាន​ជំនួស​តំណែង​លោក​ជា​ប្រធានាធិបតី ហើយនឹង​ត្រូវ​ប្រជែង​យក​កៅ​ប្រធានាធិបតី​ក្នុងការ​បោះឆ្នោត​ខែវិច្ឆិកា​ខាងមុខ​ដូចគ្នា​។

​ការបោះឆ្នោត​ដែល​ត្រូវបាន​រៀបចំឡើង​ក្រោម​អាណត្តិ​របស់លោក មូ​ហ្កា​បេ ហ៊ុមព័ទ្ធ​ដោយ​រឿងអាស្រូវ ជាពិសេស​ហិង្សា ភាពមិនប្រក្រតី និង​ការទិញ​សន្លឹកឆ្នោត​។ ដូច្នេះហើយ​បានជា​ប្រធានាធិបតី​ថ្មី​បាន​សន្យា​ធ្វើយ៉ាងណា​ដោះស្រាយ​បញ្ហា​នេះ ហើយ​ធានាថា​ការបោះឆ្នោត​នៅ​ស៊ីម​បា​វ៉េ នឹង​ត្រឹមត្រូវ និង​យុត្តិធម៌​។

​តាមពិតទៅ ស៊ីម​បា​វ៉េ​បាន​បណ្តេញ​អ្នក​អង្កេត​ការណ៍​បោះឆ្នោត​អឺរ៉ុប​ម្តង​នៅ​ឆ្នាំ ២០០២ ចំ​ពេលដែល​ប្រទេស​នេះ​រៀបចំ​ការបោះឆ្នោត​ប្រធានាធិបតី ហើយ​ការបោះឆ្នោត​នេះ​ត្រូវបាន​សហគមន៍​អន្តរជាតិ​ថ្កោលទោស​ពេញទំហឹង​។ ចាប់ពីពេលនោះ​មក សហភាព​អឺរ៉ុប​មិនដែល​បញ្ជូន​អ្នក​អង្កេត​ការណ៍​របស់ខ្លួន​ទៅ​ចូលរួម​បោះឆ្នោត​នៅ​ស៊ី​បា​វ៉េ​ទៀតឡើយ រហូតដល់​មានការ​អញ្ជើញ​នៅ​ឆ្នាំនេះ​។​

​ក្រៅពី​ខាង​សហភាព​អឺរ៉ុប ស្ថាប័ន​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​របស់​អាមេរិក​កាលពី​ថ្ងៃ​ចន្ទ​ទី ២៨ ឧសភា ក៏បាន​ប្រកាស​ផងដែរ​ថា ខ្លួន​នឹង​បញ្ជូន​អ្នក​អង្កេត​ការណ៍​ជា​លើកដំបូង​ទៅ​ចូលរួម​ឃ្លាំមើល​ការបោះឆ្នោត​នៅ​ស៊ីម​បា​វ៉េ​។ ស្ថាប័ន​ទាំងពីរ​នោះ​មាន វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ (NDI) និង វិទ្យា​សា្ថ​ន សាធារណរដ្ឋ​អន្តរជាតិ (IRI)៕ 



Tag:
 សហភាព​អឺរ៉ុប​
  ស៊ីម​បា​វ៉េ​
  រ៉ូបឺត មូ​ហ្កា​បេ​
© រក្សាសិទ្ធិដោយ thmeythmey.com