អន្តរជាតិ
ហូ​ឡង់​ឲ្យ​រុស្ស៊ី​ទទួលខុស​លើ​ករណី​បាញ់ MH17 តែ​រុស្ស៊ី​ប្រាប់​វិញ​ថា កុំ​ប្រើ​ភាសា​នេះ​ដាក់ខ្លួន​ឲ្យ​សោះ​
30, May 2018 , 11:00 am        
រូបភាព
អគ្គរដ្ឋទូតរុស្ស៊ីក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខ (រូបភាព Xinhua)
អគ្គរដ្ឋទូតរុស្ស៊ីក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខ (រូបភាព Xinhua)
​នា​កិច្ចប្រជុំ​ក្រុមប្រឹក្សាសន្តិសុខ​នៅ​ថ្ងៃទី​២៩ ខែឧសភា ហូ​ឡង់​បានស្នើ​ឲ្យ​រុស្ស៊ី​ទទួលកំហុស​លើ​ករណី​បាញ់​ទម្លាក់​យន្តហោះ​របស់​ក្រុមហ៊ុន​អាកាសចរណ៍ Malaysia Airlines ជើងហោះហើរ MH17 កាលពី​បួន​ឆ្នាំមុន​។ ការស្នើ​នេះ​ធ្វើឡើង​បន្ទាប់ពី​ក្រុម​ស៊ើបអង្កេត​ឯករាជ្យ​ដឹកនាំ​ដោយ​ហូ​ឡង់​ផ្ទាល់​រកឃើញថា មី​ស៊ី​ល​ដែល​បាញ់​នោះ ជា​របស់​កងទ័ព​រុស្ស៊ី​។ យ៉ាងណាមិញ រុស្ស៊ី​បាន​ទាត់ចោល​សំណើ​នេះ និង​លទ្ធផល​ស៊ើបអង្កេត​ផង​។​


​កិច្ចប្រជុំ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ស្ដីពី​បញ្ហា​ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន បាន​ក្លាយជា​វេទិកា​ជជែក​ពី​ការធ្លាក់​យន្តហោះ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ម៉ាឡេស៊ី Malaysia Airlines ។ រដ្ឋមន្ត្រីការបរទេស​ហូ​ឡង់ Stef Blok បាន​ប្រាប់​កិច្ចប្រជុំ​ថា ដោយ​យោងតាម​លទ្ធផល​របស់​ក្រុម​ស៊ើបអង្កេត​ឯករាជ្យ​រួម យន្តហោះ​ម៉ាឡេស៊ី​លេខ MH17 ត្រូវបាន​បាញ់​ទម្លាក់​ដោយ​មី​ស៊ី​ល Buk TELAR របស់​កងទ័ព​រុស្ស៊ី​។​

​លទ្ធផល​បន្ថែម​នៃ​ការស៊ើបអង្កេត ដែល​ចេញផ្សាយ​កាលពី​សប្ដាហ៍​មុន​បង្ហាញ​ទៀតថា មី​ស៊ី​ល​ដដែល​នោះ​ជា​មី​ស៊ី​ល​របស់​កងពល​ប្រឆាំង​យន្តហោះ​ទី​៥៣ របស់​យោធា​រុស្ស៊ី​ទៀតផង​។ ផ្អែកលើ​លទ្ធផល​ទាំងនេះ លោក Blok បាន​និយាយថា ហូ​ឡង់ និង​អូស្ត្រាលី​ស្នើ​ឲ្យ​រុស្ស៊ី​ទទួលខុសត្រូវ​លើ​ករណីនេះ និង​សហការ​ឲ្យ​បាន​សកម្ម​ជាមួយ​ក្រុម​ស៊ើបអង្កេត​ចម្រុះ​ដើម្បី​វែកមុខ​ជនដៃដល់​ពិតប្រាកដ​។ នេះ​បើតាម​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP ។​

​សំណើ​របស់​ប្រមុខ​ការទូត​ហូ​ឡង់ ត្រូវបាន​ទាត់ចោល​ភ្លាមៗ​ដោយ​តំណាង​រុស្ស៊ី​ប្រចាំ​ក្រុមប្រឹក្សាសន្តិសុខ Vassily Nebenzia ។ ដោយ​មិន​ពេញចិត្ត​ការអធិប្បាយ​រប​ស់​តំណាង​ហូ​ឡង់​នោះ លោក Nebenzia បាន​ប្រាប់​សមាជិក​កិច្ចប្រជុំ​នៅ​ថ្ងៃទី​២៩ ខែឧសភា​ថា ភាសា​នៃ​ការដាក់​ឱសានវាត​បែបនេះ មិនមែនជា​អ្វីដែល​មនុស្ស​រាល់គ្នា​ត្រូវបាន​អនុញ្ញាត​ឲ្យ​ប្រើ​ឡើយ នៅពេល​និយាយ​ជាមួយ​រុស្ស៊ី​។ មិន​ត្រឹម​បដិសេធ​សំណើ​ឡើយ តំណាង​រុស្ស៊ី​ក៏​ទាត់ចោល​លទ្ធផល​នៃ​ការស៊ើបអង្កេត​ទៅទៀត​។​

​ឆ្លើយតប​ទៅនឹង​ការបដិសេធ​របស់​រុស្ស៊ី លោក​រដ្ឋមន្ត្រីការបរទេស​ហូ​ឡង់ Blok មិនមាន​ការភ្ញាក់ផ្អើល​អ្វី​ឡើយ ហើយ​នៅតែ​ទទូច​ឲ្យ​រុស្ស៊ី​សហការ​ជាមួយ​ហូ​ឡង់ និង​អូស្ត្រាលី​ដើម្បី​ស្វែងរក​ការពិត​។ ចំណែកឯ​តំណាង​អាមេរិក Nikki Haley វិញ​ក៏​ចេញមុខ​ទាមទារ​ឲ្យ​រុស្ស៊ី​ទទួលខុសត្រូវ​ចំពោះ​ការបាញ់​ទម្លាក់​យន្តហោះ MH17 ផង​។ លោកស្រី Haley លើកឡើងថា ទោះជា​រុស្ស៊ី​ប្រឹង​ប្រកែក​ក្ដី វា​ជា​រឿង​គ្មាន​ការសង្ស័យ​ដែល​រុស្ស៊ី​ពិតជា​ធ្វើ​ឲ្យ​មាន​ជម្លោះ​អ៊ុយ​ក្រែ​ន​។​

​សូមបញ្ជាក់ថា យន្តហោះ​លេខ MH17 ដែលមាន​ទិសដៅ​ពី​ក្រុង​អាំ​ស្ទែ​ដាំ​ទៅ​គូ​ឡា​ឡាំ​ពួ ត្រូវបាន​បាញ់​ទម្លាក់​នៅពេល​ហោះ​ពីលើ​តំបន់​ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន​ដែល​កំពុងមាន​ជម្លោះ និង​ត្រួតត្រា​ដោយ​ក្រុម​ឧទ្ទាម​គាំទ្រ​ដោយ​រុស្ស៊ី​។ មនុស្ស​លើ​យន្តហោះ​ទាំង​២៩៨​នាក់​បាន​បាត់​បង់ជីវិត​ទាំងអស់ ឯ​អ្នក​នៅ​ពីក្រោយ​ហេតុការណ៍​នេះ​នៅ​មិនទាន់​រកឃើញ​នៅ​ឡើ​ទេ ដោយ​ភាគច្រើន​ចោទ​ក្រុង​មូ​ស្គូ ព្រោះ​មី​ស៊ី​ល​ដែល​បាញ់​នោះ​ជា​របស់​រុស្ស៊ី​៕


Tag:
 ហូ​ឡង់​
  រុស្ស៊ី​
  MH17
© រក្សាសិទ្ធិដោយ thmeythmey.com