អន្តរជាតិ
មហា​ធៀ ៖«​ប្រជាជន​សិង្ហ​បុរី ក៏​ដូច​ម៉ាឡេស៊ី​ប្រហែល​ធុញទ្រាន់​នឹង​បក្ស​ដដែល​ដែល​កាន់​អំណា​ចរាប់​ទសវត្សរ៍​»
30, May 2018 , 2:17 pm        
រូបភាព
​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី មហា​ធៀ មហាម៉ាត់ បាន​លើកឡើងថា ការបោះឆ្នោត​សភាព​ដើមខែ​ឧសភា​កន្លងទៅ​ដែល​អូស​បក្ស​កាន់អំណាច​ទម្លាក់​ពី​តំណែង ប្រហែល​ជាមាន​ឥទ្ធិពល​ជំរុញ​ការផ្លាស់ប្តូរ​នៅ​សិង្ហ​បុរី​ដែរ​។ លោក​ថា ប្រជាជន​សិង្ហ​បុរី​អាច​ធុញទ្រាន់​នឹង​រដ្ឋាភិបាល​ដដែលៗ​ដឹកនាំ​ប្រទេស​ចាប់ពី​ពេល​ប្រកាស​ឯករាជ្យ​មក​នោះ​។


​ថ្ងៃ ៩ ខែឧសភា ប្រជាជន​ម៉ាឡេស៊ី​បោះឆ្នោត​ទម្លាក់​សម្ព័ន្ធ​បក្ស​កាន់អំណាច Barisan Nasional ដែលមាន​ដឹកនាំ​បក្ស UMNO ដែល​ក្តោប​ក្តាប់​នយោបាយ​ម៉ាឡេស៊ី​តាំងពី​ឆ្នាំ ១៩៥៧ ពេល​ប្រទេស​នេះ​ប្រកាស​ឯករាជ្យ​ពី​អង់គ្លេស​។

​ចំណែក​សម្ព័ន្ធ​បក្សប្រឆាំង Pakatan Harapan ដែលមាន​លោក មហា​ធៀ មហាម៉ាត់ ជា​ប្រមុខ​នោះ​ត្រូវ​ប្រជាពលរដ្ឋ​បោះឆ្នោត​ឲ្យ​ឡើង​កាន់កាប់​រដ្ឋាភិបាល​វិញ​ម្តង​។ ជុំវិញ​ការផ្លាស់ប្តូរ​គួរ​ឲ្យ​ភ្ងា​ក់​ផ្អើល​នៅ​ម៉ាឡេស៊ី​នេះ នាយករដ្ឋមន្ត្រី​ទី ៧ លោក មហា​ធៀ បាន​ព្រលយ​ក្នុង​បទសម្ភាសន៍​ជាមួយ​សារព័ត៌មាន Financial Times ថា អ្វីដែល​កើតឡើង​នៅ​ម៉ាឡេស៊ី អាច​ជំរុញ​ឲ្យ​មានការ​ផ្លាស់ប្តូរ​នៅ​សិង្ហ​បុរី​ដែរ​។​

​លោក មហា​ធៀ បាន​និយាយ​ដូច្នេះ​៖ «​ប្រជាជន​សិង្ហ​បុរី​ក៏ដូចជា​ប្រជាជន​ម៉ាឡេស៊ី​ប្រហែលជា​ធុញទ្រាន់​នឹង​ការដឹកនាំ​ដោយ​គណបក្ស​តែមួយ​តាំងពី​ប្រកាស​ឯករាជ្យ​នោះ​ហើយ​»​។​
​ការលើកឡើង​ពី​ឥទ្ធិពល​នៃ​ការបោះឆ្នោត​ម៉ាឡេស៊ី​លើ​ការផ្លាស់ប្តូរ​នៅ​សិង្ហ​បុរី​នេះ ធ្វើឡើង​ចំពេល​ដែល​រដ្ឋាភិបាល​លោក មហា​ធៀ ត្រៀម​លុបចោល​កិច្ចព្រមព្រៀង​សង់​ផ្លូវ​រថភ្លើង​ល្បឿន​លឿន​ដែលមាន​តម្លៃ​ជាង ១០​ពាន់​លាន​ដុល្លារ​ភ្ជាប់​ពី​គូ​ឡា​ឡំ​ពួ​ទៅកាន់​សិង្ហ​បុរី​ផងដែរ​។ កាយវិការ​នេះ​មិនមែនជា​រឿង​ដែល​សិង្ហ​បុរី​រំពឹង​ចង់បាន​ពី​មិត្ត​ជិតខាង​ម៉ាឡេស៊ី​ឡើយ​។​

​ត្រឡប់មកវិញ ការលើកឡើង​របស់​មេ​ដឹកនាំ​ម៉ាឡេស៊ី​លោក មហា​ធៀ មិនមែនជា​រឿង​សាម​ញ្ញា​ឡើយ ប៉ុន្តែ​វា​អាចធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ទំនាក់ទំនង​រវាង​ប្រទេសជិតខាង​ផងដែរ​។ ក្រុម​អ្នកគាំទ្រ​គណបក្ស​សកម្មភាព​ប្រជាជន​ដែលមាន​លោក លី សៀន​ឡុង ជា​ប្រមុខ ហាក់​មិន​ពេញចិត្ត​ចំពោះ​សម្តី​របស់លោក មហា​ធៀ ឡើយ​។​

​ប៉ុន្តែ​យ៉ាងណាមិញ វា​មិនមែនជា​រឿង​ថ្មី​ឡើយ​។ កាលពី​លោក មហា​ធៀ ធ្វើជា​នាយករដ្ឋមន្ត្រី​ទី​បួន​ពី​ឆ្នាំ ១៩៨១ ដល់​ឆ្នាំ ២០០៣ ទំនាក់ទំនង​រវាង​ម៉ាឡេស៊ី និង សិង្ហ​បុរី​ក៏​រង្គោះរង្គើរ​ខ្លាំង​ដូចគ្នា​ដែរ​។ ប៉ុន្តែ​លោក មហា​ធៀ តែងតែ​បដិសេធ​ការចោទប្រកាន់ថា លោក​មាន​គោលនយោបាយ​អរិភាព​ចំពោះ​សិង្ហ​បុរី​ដែល​អ្នកជិតខាង​។ លោក​គ្រាន់តែ​បញ្ជាក់ថា អ្វីដែល​រដ្ឋាភិបាល​លោក​ធ្វើ​គឺជា​ការការពារ​ប្រយោជន៍​ជាតិ​ប៉ុណ្ណោះ​។

​ពាក់ព័ន្ធ​នឹង​ការផ្លាស់ប្តូរ​បក្ស​កាន់អំណាច​នៅ​សិង្ហ​បុរី វា​នៅ​ជា​រឿង​មិនអាច​ប៉ាន់ស្មាន​បាន​។ បច្ចុប្បន្ន​ថ្នាក់ដឹកនាំ​បក្ស​កាន់អំណាច​កំពុង​ត្រៀម​រៀបចំ​មេដឹកនាំ​ជំនាន់​ទី​បួន​ដើម្បី​ធានាថា បក្ស​នេះ​អាចដឹកនាំ​បាន​ប្រសើរ និង​ដើរ​លើផ្លូវ​ត្រូវ​ស្របតាម​បរិបទ​សង្គម​។ អ្វីដែល​សំខាន់​បក្ស​នេះ​មិនមាន​បញ្ហា​អាស្រូវ​ពាក់ព័ន្ធ​ការរំលោភ​អំណាច ឬ​ប្រើប្រាស់​ស្ថាប័ន​សាធារណៈ​ការពារ​បុគ្គល​ឬ​បក្សពួក​ដូច​នៅ​ម៉ាឡេស៊ី​ឡើយ​។

​មួយវិញទៀត ថ្វីត្បិតតែ​សេរីភាព​សារព័ត៌មាន ឬ​បញ្ចេញមតិ​ត្រូវ​រឹតត្បិត​ក្តី ប្រជាជន​សិង្ហ​បុរី​ភាគច្រើន​នៅ​ពេញចិត្ត​បក្ស​កាន់អំណាច​របស់លោក លី សៀន​ឡុង ដោយសារ​អភិបាលកិច្ច​ដឹកនាំ​ល្អ រក្សាបាន​អំពើពុករលួយ​កម្រិត​ទាប សន្តិសុខ​សង្គម ធានា​សេវាសាធារណៈ​មាន​ប្រសិទ្ធភាព និង​រហ័ស​ដែរ​។ ដូច្នេះ​គេ​រំពឹងថា គណបក្សកាន់អំណាច​ដែល​បង្កើតឡើង​ដោយ​បិតា​ស្ថាបនិក លី ក្វាន់​យូ នឹង​បន្ត​ដឹកនាំ​ប្រទេសជាតិ​ទៅមុខទៀត​។​

​សូម​រម្លឹក​បន្តិច​ថា បុរី​រដ្ឋ​សិង្ហ​បុរី​ស្ថិតក្រោម​អាណានិគម​អង់គ្លេស ហើយ​បាន​ចូល​ផ្នែក​មួយ​របស់​សហព័ន្ធ​ម៉ា​ឡេ​ឆ្នាំ ១៩៦៣​។ នៅ​ឆ្នាំ ១៩៦៥ លោក លី ក្វាន់​យូ បានសម្រេច​ដក​សិង្ហ​បុរី​ចេញពី​សហព័ន្ធ​នេះ ហើយ​តាំងខ្លួន​ជា​រដ្ឋ​ឯករាជ្យ​តែម្តង​។

Tag:
 មហា​ធៀ មហាម៉ាត់​
  សិង្ហ​បុរី​
  លី សៀន​ឡុង
© រក្សាសិទ្ធិដោយ thmeythmey.com