អន្តរជាតិ
សម្ព័ន្ធ​បក្សប្រឆាំង​ដឹកនាំ​ដោយ​វីរៈបុរស​ឯករាជ្យ​ទី​ម័​រ​ខាងកើត ឈ្នះឆ្នោត​អាចបង្កើត​រដ្ឋាភិបាល​ថ្មី
30, May 2018 , 3:44 pm        
រូបភាព
ដោយ:
​ដូច​ការរំពឹងទុក​ស​ម្ព័​ន្ធ​បក្សប្រឆាំង​ដែល​ដឹកនាំ​ដោយ​វីរៈបុរស​ឯករាជ្យ​ជាតិ​ទី​ម័​រ​ខាងកើត​លោក Xanana Gusmao ជា​អ្នកទទួល​ជ័យជម្នះ​ក្នុង​សំឡេង​ភាគច្រើន​ក្នុងការ​បោះឆ្នោត​សកល​របស់​ទី​ម័​រ​ខាងកើត ដែល​ទើបតែ​ប្រព្រឹត្ត​នៅ​ដើមខែ​ឧសភា​កន្លងទៅ​។ លទ្ធផល​នេះ គឺជា​ក្តីសង្ឃឹម​មួយ​របស់​ទី​ម័​រ​ខាងកើត​ក្នុងការ​បញ្ចៀស​ពី​ការជាប់គាំង​នៃ​នយោបាយ​ដូច​អាណត្តិ​មុន​។


​តុលាការ​ទី​ម័​រ​ខាងកើត នៅ​ថ្ងៃ​២៩ ខែឧសភា បានប្រកាស​ទទួលស្គាល់​ថា សម្ព័ន្ធ​បក្សប្រឆាំង​ដែលមាន​បក្ស​បី​បញ្ចូល​គ្នា គឺ​បក្ស​សមាជជាតិ​សម្រាប់​ការកសាង​ទី​ម័​រ​ខាងកើត​ឡើងវិញ​របស់​លោក Gusmao , បក្ស​រំដោះប្រជាជន និង​បក្ស​យុវជន Khunto បានទទួល​ជ័យជម្នះ​ក្នុងការ​បោះឆ្នោត​ថ្ងៃ​១២ ឧសភា ដោយបាន​អាសនៈ​សរុប ៣៤ ក្នុងចំណោម​អាសនៈ​សរុប ៦៥​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន SBS New​។

​បក្ស​កាន់អំណាច The Fretilin របស់លោក​នាយករដ្ឋមន្ត្រី​ផុត​អាណត្តិ Mari Alkatiri បាន​ទទួលបាន​សំឡេងគាំទ្រ ៣៤,២​ភាគរយ​នៃ​សំឡេង​ឆ្និ​ោ​ត​សរុប ហើយ​បក្ស​នេះ​ក៏បាន​តវ៉ា​ជុំវិញ​បញ្ហា​មិន​ប្រក្រតី​ក្នុង​លទ្ធផល​បោះឆ្នោត​ផងដែរ​។ ប៉ុន្តែ​ចុងក្រោយ តុលាការ​ទី​ម័​រ​ខាងកើត​បានសម្រេច​ច្រានចោល​វិញ​។

​បើតាម​ការអះអាង​រប​ស់​មន្ត្រីជាន់ខ្ពស់​នៃ​សម្ព័ន្ធ​បក្សប្រឆាំង លោក Fidelis Magalhaes លទ្ធផល​នៃ​ការបោះឆ្នោត​នេះ អាច​បញ្ចប់​ភាពជាប់គាំង​នយោបាយ​នៅក្នុង​សភា​ទី​ម័​រ​ខាងកើត​បាន​ហើយ ។ លោក Fidelis Magalhaes បន្ថែមថា ទី​ម័​រ​ខាងកើត​ត្រូវតែមាន​រដ្ឋាភិបាល​មួយ ដែល​អាចមាន​សំឡេង​ភាគច្រើន​ដាច់ខាត​នៅក្នុង​សភា ។

​យ៉ាងណាក៏ដោយ មន្ត្រីជាន់ខ្ពស់​នៃ​បក្ស​ឈ្នះឆ្នោត​រូបនេះ មិនទាន់​អាច​បាន​បញ្ជាក់បាន​នៅឡើយ​នោះទេ​ថា​តើ អតីត​ប្រធានាធិបតី និង​ជា​អតីត​នាយករដ្ឋមន្ត្រី​ទី​ម័​រ​ខាងកើត​លោក Xanana Gusmao នឹងត្រូវ​មកកាន់​តំណែង​នាយករដ្ឋមន្ត្រី​ជាថ្មី​ម្តងទៀត​ឬ​អត់​ឡើយ​។

​គួរ​ជម្រាប​ផងដែរ​ថា ការបោះឆ្នោត​របស់​ទី​ម័​រ​ខាងកើត​នេះដែរ ធ្វើឡើង​បន្ទាប់ពី​រដ្ឋាភិបាល​លោក Mari Alkatiri បានប្រកាស​រំលាយ​សភា​នៅ​ខែ មករា បន្ទាប់ពី​រដ្ឋាភិបាល ដែល​បានកើត​ចេញពី​ការបោះឆ្នោត​ខែ កក្កដា ឆ្នាំ​២០១៧ បាន​ជាប់គាំង​នយោបាយ ដ្បិត​មានការ​ជំទាស់​ពី​បក្សប្រឆាំង ក្នុងការ​អនុវត្ត​លើ​ច្បាប់​សំខាន់​របស់​ប្រទេស​។ កាល​បោះឆ្នោត​ឆ្នាំ​២០១៧ បក្ស Fretilin របស់លោក​នាយករដ្ឋមន្ត្រី Mari Alkatiri ក៏បាន​សំឡេង​អាសនៈ ២៣ ប៉ុណ្ណោះ ដែល​សំឡេង​នេះ មិនអាច​ធ្វើ​បានឡើយ​នៅក្នុង​សភា​ទី​ម័​រ​ខាងកើត ប្រសិនបើ​មានការ​ជំទាស់​ពី​បក្សប្រឆាំង​នោះ ។

​មេដឹកនាំ​បក្ស​ឈ្នះឆ្នោត​លោក Xanana Gusmao ធ្លាប់​បម្រើការ​ជា​ប្រធានាធិបតី​ទីមួយ​របស់​ទី​ម័​រ​ខាងកើត នៅក្នុង​ឆ្នាំ​២០០២ ដល់​ឆ្នាំ​២០០៧ និង​ជា​នាយករដ្ឋមន្ត្រី​នៅ​ឆ្នាំ ២០០៧ ដល់​ឆ្នាំ ២០១៥ ។ លោក Xanana Gusmao ក៏​ជា​វិ​រៈ​ជន នាំ​ទី​ម័​រ​ខាងកើត​ឲ្យ​ទទួលបាន​ឯករាជ្យ​ពី​គ្រប់គ្រង​ជាមួយនឹង​សោដ​កម្ម​របស់​ម្ចាស់​អាណានិគម ដែលមាន​ទាំង​ឥណ្ឌូណេស៊ី​ផងដែរ​នោះ ៕


Tag:
 ទី​ម័​រ​ខាងកើត​
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com