អន្តរជាតិ
តួអង្គសំខាន់ដែលនៅពីក្រោយការរៀបចំជំនួបត្រាំ-គីម 30, May 2018 , 7:39 pm
ឆ្វេងទៅស្ដាំ៖ លោក ម៉ៃ ប៉ុមប៉េអូ, លោក ចូ ហេគីន, លោក សុង គីម, លោក គីម យ៉ុងឈុល, លោក គីម ចាងសុន, លោកស្រី ឆូ សុនហ៊ី
× ការរៀបចំជំនួបរវាងប្រធានាធិបតី ដូណាល់ ត្រាំ និងមេដឹកនាំកំពូលកូរ៉េខាងជើង គីម ជុងអ៊ុន កំពុងធ្វើឡើងយ៉ាងសស្រាក់សស្រាំ។ មន្ត្រីអាមេរិក និងកូរ៉េខាងជើងដែលទទួលបន្ទុកការរៀបចំជំនួបនេះ បានជួបគ្នា និងគ្រោងជួបគ្នានៅបីទីតាំងផ្សេងគ្នាដើម្បីជជែកពីបញ្ហានានាពាក់ព័ន្ធធានាថា ជំនួបប្រវត្តិសាស្ត្រនៅថ្ងៃទី១២ ខែមិថុនា ដែលគ្រោងធ្វើនៅសិង្ហបុរី អាចធ្វើដំណើរការដោយរលូន ជោគជ័យ និងទទួលបានលទ្ធផលល្អ។
ជំនួបរវាងលោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន នៅសិង្ហបុរី ដែលបានស្លាប់ម្ដងហើយនោះ មានសង្ឃឹមកើតឡើងកាន់តែខ្លាំង ស្របពេលដែលមន្ត្រីអាមេរិក និងកូរ៉េខាងជើងកំពុងប្រឹងប្រែងរៀបដោះស្រាយបញ្ហាចាំបាច់ផ្សេងៗដើម្បីឲ្យជំនួបនេះលេចជារូបរាងតាមគម្រោងចាស់។ តាមការឯកភាពគ្នាលើកមុន ជំនួបលើកដំបូងរវាងមេដឹកនាំអាមេរិក និងកូរ៉េខាងជើង នឹងធ្វើនៅថ្ងៃទី១២ ខែមិថុនា ដោយមានសិង្ហបុរីជាម្ចាស់ផ្ទះ។ ភាគីទាំងសងខាងកំពុងចរចាដើម្បីបញ្ចប់ការរៀបចំឲ្យស្រេចបាច់។
នៅប៉ែកខាងជើងនៃតំបន់គ្មានកងទ័ពខណ្ឌចែកឧបទ្វីបកូរ៉េ មន្ត្រីអាមេរិក និងកូរ៉េខាងជើងកំពុងជជែកពីរបៀបវារៈសំខាន់នៃជំនួបនេះ គឺការរំសាយនុយក្លេអ៊ែររបស់កូរ៉េខាងជើង។ ប្រតិភូអាមេរិកដឹកនាំដោយលោក សុង គីម (Sung Kim) អ្នកជំនាញកិច្ចការកូរ៉េខាងជើង បានអង្គុយចរចាជាមួយសមភាគីកូរ៉េខាងជើង ឆូ សុនហ៊ី (Choe Son-hui) ដែលជាអនុរដ្ឋមន្ត្រីការបរទេសទទួលបន្ទុកកិច្ចការអាមេរិក។ អ្នកទាំងពីរជជែកពីដំណើរការនៃការលុបបំបាត់អាវុធនុយក្លេអ៊ែរ។
នៅឯសិង្ហបុរីដែលត្រូវបានជ្រើសរើសជាម្ចាស់ផ្ទះនៃជំនួបលើកដំបូង មន្ត្រីអាមេរិក និងកូរ៉េខាងជើងមួយក្រុមទៀតក៏កំពុងជជែកគ្នាដែរក្នុងពេលស្របគ្នានេះ។ អនុប្រធានបុគ្គលិកសេតវិមាន ចូ ហេគីន (Joe Hagin) បានពិភាក្សាជាមួយលោក គីម ចាងសុន (Kim Chang-son) ដែលជាមនុស្សជំនិតលោក គីម ។ មន្ត្រីដែលមានបទពិសោធន៍ផ្នែកពិធីការទាំងពីរនេះ ត្រូវទទួលបន្ទុកកិច្ចការសន្តិសុខ ការដឹកជញ្ជូន ពិធីការ និងទីតាំងជាក់លាក់នៃជំនួបត្រាំ-គីម ។
ក្រៅពីជំនួបមន្ត្រីការងារទាំងពីរក្រុមនេះ នៅថ្ងៃទី៣០ ខែឧសភា មន្ត្រីជាន់ខ្ពស់កូរ៉េខាងជើងម្នាក់ទៀតបានចាកចេញពីទីក្រុងប៉េកាំងក្នុងដំណើរទៅកាន់ទីក្រុងញូវយ៉កដើម្បីចូលរួមជំនួបថ្នាក់មន្ត្រីក្រុមការងារ។ មនុស្សជំនិតមេដឹកនាំកូរ៉េខាងជើង លោក គីម យ៉ុងឈុល អនុប្រធាគណៈកម្មាធិការមជ្ឈិមបក្សពលករកូរ៉េ និងជាអតីតមេចារកម្មផងនោះ នឹងជួបចរចាជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិក ម៉ៃ ប៉ុមប៉េអូ ។ នេះបើតាមការប្រកាសរបស់សេតវិមាន។
ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូងផ្សាយថា ជំនួបរវាងលោក គីម និងលោក ម៉ៃ ទំនងជាការជជែកចុងក្រោយថា ជំនួបមេដឹកនាំអាមេរិក និងកូរ៉េខាងជើងនៅសិង្ហបុរីត្រូវបន្តតាមគម្រោងការចាស់ឬយ៉ាងណា ខណៈកាលបរិច្ឆេទដែលឯកភាពគ្នាលើកមុនខិតជិតដល់ទៅហើយនោះ។ មន្ត្រីទាំងពីរនេះដែលមានបទពិសោធន៍ផ្នែកចារកម្មដូចគ្នា បានដើរតួនាទីយ៉ាងសំខាន់ក្នុងការរៀបចំជំនួបនេះតាមរយៈការទាក់ទងគ្នាដោយផ្ទាល់នាពេលកន្លងមក៕
Tag:
អាមេរិក
កូរ៉េខាងជើង
© រក្សាសិទ្ធិដោយ thmeythmey.com