អន្តរជាតិ
គុយ​វ៉ែត​ស្វះ​ស្វែងរក​ការគាំទ្រ​ពី UN ដើម្បី​បង្កើត​បេសកកម្ម​ការពារ​ប្រជាជន​ប៉ា​ឡេ​ស្ទី​ន​
30, May 2018 , 9:59 pm        
រូបភាព
ដោយ: ថ្មីៗ
​គុយ​វ៉ែត​កំពុង​ជំរុញ​ឲ្យ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ដាក់ចេញ​នូវ​វិធានការ​ចាំបាច់​ដើម្បី​ធានា​ការពារ និង​ការពារ​ប្រជាជន​ប៉ា​ឡេ​ស្ទី​ន​។ សេចក្តីព្រាង​ដំណោះស្រាយ​នេះ​នឹងត្រូវ​ដាក់ចូល​ឲ្យ​សមាជិក​ក្រុមប្រឹក្សា​នេះ​បោះឆ្នោត ប៉ុន្តែ​គេ​រំពឹងថា អាមេរិក​នឹង​ប្រើ​សិទ្ធ​វេតូ​។


​នៅ​ថ្ងៃ​អង្គារ​ទី ២៩ ឧសភា គុយ​វ៉ែត​បាន​បញ្ចេញ​សេចក្តីព្រាង​ដំណោះស្រាយ​មួយ​ក្នុងនាម​ជា​សមាជិក​មិន​អចិន្ត្រៃយ៍​នៃ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ដោយមាន​គោលដៅ​ជំរុញ​ឲ្យ​អង្គការសហប្រជាជាតិ​នេះ​ធានា​សុវត្ថិភាព និង​សន្តិសុខ​របស់​ប្រជាជន​ប៉ា​ឡេ​ស្ទី​ន​ផង​។

​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP សេចក្តីព្រាង​ដំណោះស្រាយ​ដែល​តំណាង​ឲ្យ​សំឡេង​ប្រទេស​អារ៉ាប់​នេះ​នឹងត្រូវ​ដាក់ចូល​ក្នុង​កិច្ចប្រជុំ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី ៣១ ខែឧសភា ហើយ​វា​ត្រូវបាន​គុយ​វ៉ែត​កែប្រែ​ឡើងវិញ​ផងដែរ​។ ដំបូង​ឡើយ សេចក្តីព្រាង​នេះ​មាន​ជំហរ​រឹងត្អឹង​ដោយ​ទាមទារ​ឲ្យ​មានការ​បង្កើត​បេសកកម្ម​មួយ​ការពារ​សុវត្ថិភាព​ប្រជាជន​ប៉ា​ឡេ​ស្ទី​ន ។​

 ក្រោយ​ការកែតម្រូវ​រួច សេចក្តី​ពី​ព្រាង​នេះ​ត្រឹម​ទទូច​ឲ្យ​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​ផ្តល់​អនុសាសន៍ និង​អំពាវនាវ​ឲ្យ​សមាជិក​ក្រុមប្រឹក្សា​ឯកភាពគ្នា​ដាក់ចេញ​វិធានការ​ការពារ​ប្រជាជន​ប៉ា​ឡេ​ស្ទី​ន​នៅ​តំបន់​កា​ហ្សា​ដែល​កំពុង​រង​ការគំរាមកំហែង​។ ប៉ុន្តែ​ទោះជា​បែបនេះ​ក្តី ប្រភព​ការទូត​បាន​បញ្ជាក់ថា អាមេរិក​ទំនងជា​នឹង​ប្រើប្រាស់​សិទ្ធិ​ជំទាស់​របស់ខ្លួន​ផង​។

​យ៉ាងណា​ក៏ដោយចុះ គុយ​វ៉ែត​រំពឹង​ទទួលបាន​ការគាំទ្រ​ច្រើន​ពី​ប្រទេស​សមាជិក​ក្រុមប្រឹក្សា ដើម្បី​បង្ហាញ​ឲ្យ​ឃើញថា អាមេរិក​កំពុង​ដកខ្លួន​ឆ្ងាយ​ពី​ការដោះស្រាយ​បញ្ហា​ប៉ា​ឡេ​ស្ទី​ន និង​អ៊ីស្រាអែល​នោះ​។

​យ៉ាងណា​ក៏ដោយចុះ មហាអំណាច​ធំ​ពីរ​អង់គ្លេស និង​បារាំង​នៅតែ​ត្អូញត្អែរ​ចំពោះ​សេចក្តីព្រាង​ដំណោះស្រាយ​នេះ​ព្រោះ​គេ​មិនបាន​ឃើញច្បាស់​ពី​វិសាលភាព​នៃ​បេសកកម្ម​ការពារ​ប្រជាជន​ប៉ា​ឡេ​ស្ទី​ន​ឡើយ​។ តែ​អាមេរិក​វិញ បាន​ទិតៀន​ចំៗ​ថា ដំណោះស្រាយ​នេះ​មាន​និន្នាការ​លម្អៀង​ប្រឆាំងនឹង​អ៊ីស្រាអែល​។

​ឯកអគ្គរដ្ឋទូត​អ៊ីស្រាអែល Danny Danon បាន​ទិតៀន​ដំណោះស្រាយ​នេះ​រួចទៅហើយ ដោយ​ចោទថា វា​មាន​គោលដៅ​ជួយ​ការពារ​ក្រុម​ជ្រុលនិយម​ហា​ម៉ាស​នៅ​តំបន់​កា​ហ្សា​៕


Tag:
 គុយ​វ៉ែត​
  ប៉ា​ឡេ​ស្ទី​ន​
  UN
  អ៊ីស្រាអែល
© រក្សាសិទ្ធិដោយ thmeythmey.com