អន្តរជាតិ
ចិនថា តៃវ៉ាន់កំពុងព្យាយាមបង្ខូចឈ្នោះខ្លួនថា ប្រើប្រាស់«នយោបាយការទូតដុល្លារ» 31, May 2018 , 7:19 pm
× បន្ទាប់ពីបានស្វាគមន៍រដ្ឋអាហ្វ្រិក បួគីណា ហ្វាសូ ក្នុងការជ្រើសរើសយកគោលនយោបាយចិនតែមួយហើយនោះ រដ្ឋាភិបាលចិនបានព្រមានរដ្ឋាភិបាលតៃវ៉ាន់ដែលចោទប្រកាន់ខ្លួនដោយគ្មានមូលដ្ឋានពាក់ព័ន្ធនឹងការអនុវត្តគោលនយោបាយការទូត។ ក្រុងប៉េកាំង បានចាត់ទុកការចោទប្រកាន់របស់ក្រុងតៃប៉ិ មានចេតនាបង្ខូចកេរ្តិ៍ឈ្មោះចិននៅក្នុងឆាកអន្តរជាតិសុទ្ធសាធ។
នាសន្និសីទសារព័ត៌មានថ្ងៃ២៩ ខែឧសភា អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី ហួ ឈួនអ៊ីង ត្រូវបានអ្នកសារព័ត៌មានសួរថាតើក្រុងប៉េកាំង មានប្រតិកម្មបែបណាដែរនៅពេល ក្រុងតៃប៉ិ បានលើកឡើងថា តៃវ៉ាន់មិនប្រកួតប្រជែងជាមួយ «នយោបាយការការទូតដុល្លារ ឬ Dollar Diplomacy » របស់ចិនលើសំណុំរឿងបួគីណា ហ្វាសូ ឡើយ។
ដូចសព្វមួយនោះ ក្រុងប៉េកាំង បានបដិសេធ ការអនុវត្តគោលនយោបាយការទូតលុយ ដើម្បីអូសទាញសម្ព័ន្ធមិត្តរបស់តៃវ៉ាន់ឲ្យមកទទួលស្គាល់គោលនយោបាយចិនតែមួយ។ តាមរយៈសន្និសីទសារព័ត៌មានដដែលនោះ លោកស្រីអ្នកនាំពាក្យ បានតបយ៉ាងដូច្នេះថា៖«ការចោទប្រកាន់របស់របស់អាជ្ញាធរតៃវ៉ាន់ ថា ចិន អនុវត្តការទូតដុល្លារ ជាការបង្ខូចកេរ្តិ៍ឈ្មោះចិនទាំងស្រុង»។
លោកស្រីអ្នកនាំពាក្យ ក៏បានលើកឡើងជាថ្មីទៀតថា ចិនមានតែមួយប៉ុណ្ណោះលើកលោក ហើយរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិនគឺ ជារដ្ឋាភិបាលស្របច្បាប់ដែលតំណាងឲ្យចិនទាំងមូល ខណៈតៃវ៉ាន់ គឺគ្រាន់តែជាផ្នែកមួយនៃអធិបតេយ្យចិនប៉ុណ្ណោះ។ លោកស្រីបន្ថែមថា ចិនមិនដែលបានយក , មិនយក ហើយក៏នឹងមិនយកគោលនយោបាយចិនតែមួយសម្រាប់ការធ្វើពាណិជ្ជកម្មអ្វីដែរ។
គួររម្លឹកផងដែរថា នៅថ្ងៃ២៦ ឧសភា កន្លងទៅ រដ្ឋាភិបាលចិន និង រដ្ឋាភិបាលបួគីណា ហ្វាសូ ដែលអតីតកល្យាណមិត្តរបស់រដ្ឋាភិបាលតៃវ៉ាន់ បានចុះហត្ថលេខាលើសេចក្តីថែ្លងការណ៍រួមមួយក្នុងការបន្តចំណងការទូតជាមួយនឹងគ្នាជាផ្លូវការ។ ការមករួមរស់ជាមួយនឹងចិនរបស់បួគីណា ហ្វាសូនេះដែរ ធ្វើឲ្យតៃវ៉ាន់ នៅសល់សម្ព័ន្ធមិត្តមួយប៉ុណ្ណោះប្រចាំតំបន់អាហ្វ្រិក ខណៈរដ្ឋនិងប្រទេសដៃគូដែលទទួលស្គាល់ តៃវ៉ាន់ ថា ជារដ្ឋអធិបតេយ្យ កាន់តែថយទៅៗ៕
© រក្សាសិទ្ធិដោយ thmeythmey.com