អន្តរជាតិ
ឥណ្ឌា និង​ឥណ្ឌូណេស៊ី​ដំឡើង​កម្រិត​ទំនាក់ទំនង​ទ្វេភាគី​ទៅ​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​
31, May 2018 , 8:19 pm        
រូបភាព
ដោយ: ថ្មីៗ
​ប្រមុខ​រដ្ឋាភិបាល​ឥណ្ឌា​លោក នា​រិ​ន្ទ្រា ម៉ូ​ឌី និង​ប្រមុខរដ្ឋ​ឥណ្ឌូណេស៊ី​លោក ចូ​កូ វី​ដូ​ដូ បាន​ឯកភាពគ្នា​ដើម្បី​ដំឡើង​កម្រិត​ការទូត​ទ្វេភាគី​ទៅជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​នៅ​ថ្ងៃ ៣០ ខែឧសភា​នេះ​។ មេដឹកនាំ​ទាំងពីរ​ប្តេជ្ញា​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ដើ​ម្បី​ធានា​វិបុលភាព សន្តិភាព និង​សន្តិសុខ​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក​។


​នាយករដ្ឋមន្ត្រី​ឥណ្ឌា​លោក នា​រិ​ន្ទ្រា ម៉ូ​ឌី បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ប្រទេស​ឥណ្ឌូណេស៊ី​ចាប់ពី​ថ្ងៃ ២៩ ដល់​ថ្ងៃ ៣០ ខែឧសភា​។ ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ​លោក ម៉ូ​ឌី បាន​ជួបពិភាក្សា​ជាមួយ​ប្រមុខរដ្ឋ​ឥណ្ឌូណេស៊ី​លោក ចូ​កូ វី​ដូ​ដូ ដោយ​ជំរុញ​ទំនាក់ទំនង​និង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ផងដែរ​។​

​អ្វីដែល​សំខាន់​មេដឹកនាំ​ទាំងពីរ​បាន​យល់ព្រម​បង្កើន​ទំនាក់ទំនង​ការទូត​ឲ្យ​ដល់​កម្រិត​ខ្ពស់បំផុត​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ និង​ប្តេជ្ញា​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​លើ​គ្រប់​វិស័យ​ជាពិសេស​សន្តិសុខ និង​ពាណិជ្ជកម្ម​។​

​មេដឹកនាំ​ទាំងពីរ​បញ្ជាក់​តាម​សេចក្តីថ្លែងការណ៍​រួម​ដែល​ចុះផ្សាយ​ក្នុង​គេហទំព័រ​ក្រសួងការបរទេស​ឥណ្ឌា​ដូច្នេះ​៖«​យើង​ស្វាគមន៍​ការដំឡើង​កម្រិត​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ទាំងពីរ​ដល់​កម្រិត​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ រួមទាំង​ការបង្កើត​យន្តការ​ថ្មីៗ​ផ្សេងទៀត​ដូចជា​កិច្ចសន្ទនា​សន្តិសុខ និង​ការចុះ​កិច្ចព្រមព្រៀង​កិច្ចសហប្រតិបត្តិការ​ការពា​រ​ជាតិ​ផង​»​។​

​ក្រៅពី​ដំឡើង​កម្រិត​ភាពជា​ដៃគូ ភាគី​ទាំងពីរ​ក៏​ប្តេជ្ញា​ប្រឹងប្រែង​បន្ថែម​ដើម្បី​សម្រេច​ឲ្យ​បាន​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី ៥០ ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ ២០២៥ និង​លើកកម្ពស់​ការផ្សាភ្ជាប់​តាមរយៈ​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​។ មេដឹកនាំ​ទាំងពីរ​ក៏​នឹង​សហការគ្នា​បន្ថែម​ឲ្យ​បាន​ជិតស្និទ្ធ​ក្នុងការ​ជំរុញ​ការបញ្ចប់​ការចរចា​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​ថ្នាក់​តំបន់ (RCEP) ដែលមាន​ភាពត្រឹមត្រូវ គ្រប់​ជ្រុងជ្រោយ និង​មាន​តុល្យភាព​ហើយ​អាច​ផ្តល់​ប្រយោជន៍​ដល់​សមាជិក​ទាំងអស់​។

​ពាក់ព័ន្ធ​នឹង​សន្តិសុខ​ដែនសមុទ្រ លោក ម៉ូ​ឌី និង​លោក ចូ​កូ កត់សម្គាល់​ផងដែរ​ពី​សារសំខាន់​នៃ​ការសម្រេច​ឲ្យ​បាន​នូវ​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក​ដែល​សេរី បើកចំហរ  មាន​វិបុលភាព តម្លាភាព និង​ផ្អែក​សំខាន់​លើ​ច្បាប់​។ គូរ​ភាគី​ចង់​សំដៅលើ​ការបន្ត​រក្សា​សេរីភាព​នៃ​ការធ្វើ​នាវាចរណ៍ សេរីភាព​នៃ​ការហោះហើរ ស្របតាម​ច្បាប់​អន្តរជាតិ​ជាពិសេស​ច្បាប់​សមុទ្រ UNCLOS​។

​ក្រៅពីនេះ​ការពង្រឹង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​រវាង​ប្រទេស​ទាំងពីរ​ក៏​នឹង​រួមចំណែក​ឆ្លើយ និង​ដោះស្រាយ​បញ្ហា​សន្តិសុខ​សមុទ្រ​ផ្សេងទៀត​រួមមាន​ទាំង​ការជួញដូរ​មនុស្ស ជួញដូរ​អាវុធ នេសាទ​ខុសច្បាប់ គ្រឿងញៀន ការលាង​លុយ និង​ចលនា​ភេរវកម្ម​ផងដែរ​។

​តាមពិតទៅ ការដំឡើង​កម្រិត​ភាពជា​ដៃគូ​ជាមួយ​បងធំ​អាស៊ាន​នេះ ជា​រឿង​អាទិភាព និង​ជា​ផ្នែក​មួយ​នៃ​គោលនយោបាយ​ការបរទេស​របស់លោក​នាយករដ្ឋមន្ត្រី នា​រិ​ន្ទ្រា ម៉ូ​ឌី «​ការធ្វើសកម្មភាព​នៅ​ទិសខាងកើត​» (Act East Policy) ដែល​ប្តូរ​មកពី​គោលនយោបាយ​សំឡឹង​មក​ទិសខាងកើត (Look East Policy) ផង​។ មហា​យក្ស​អាស៊ី​ខាងត្បូង​នេះ​មាន​គោលបំណង​បន្ត​ពង្រឹង​ចំណងមិត្តភាព​ជាមួយរ​ដ្ឋ​អាស៊ាន​ឲ្យ​កាន់តែ​ជិតដិត​ដើម្បី​ពង្រឹង​ឥទ្ធិពល​របស់ខ្លួន​ទប់ទល់​ជាមួយ​មហា​យក្ស​ចិន​ផងដែរ​៕


Tag:
 ឥណ្ឌា​
  ឥណ្ឌូណេស៊ី​
  នា​រិ​ន្ទ្រា ម៉ូ​ឌី
  ចូ​កូ វី​ដូ​ដូ​
© រក្សាសិទ្ធិដោយ thmeythmey.com