អន្តរជាតិ
ប្រធានាធិបតី​ថ្មី​គុយបា ប្រកាស​ការពារ និង​គាំទ្រ​របប​ដឹកនាំ​វេ​ណេ​ស៊ុយ​អេ​ឡា
31, May 2018 , 9:19 pm        
រូបភាព
​ប្រធានាធិបតី​គុយបា​លោក Miguel Diaz-Canel ចាប់ផ្តើម​ទស្សនកិច្ច​នៅ​វេ​ណេ​ស៊ុយ​អេ​ឡា​លើកដំបូង​នៅ​ថ្ងៃ​ពុធ​ទី ៣០ ខែឧសភា​។ ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ មេដឹកនាំ​ថ្មី​នៃ​រដ្ឋ​សង្គមនិយម​មួយ​នេះ​បានប្រកាស​ការពារ​និង​គាំទ្រ​មេដឹកនាំ​វេ​ណេ​ស៊ុយ​អេ​ឡា​លោក នី​កូ​ឡាស ម៉ា​ឌូ​រ៉ូ និង​អំពាវនាវ​ឲ្យ​រដ្ឋ​អាមេរិក​ឡាទីន​ផ្សេងទៀត​ចូលរួម​គាំទ្រ​ផងដែរ​។


​ពេល​អញ្ជើញ​ទៅដល់​ព្រលានយន្តហោះ​វេ​ណេ​ស៊ុយ​អេ​ឡា​នៅ​ទីក្រុង​កា​រ៉ា​កាស ប្រធានាធិបតី​គុយបា​លោក Miguel Diaz-Canel បានប្រកាសថា រដ្ឋាភិបាល​គុយបា​គាំទ្រ និង​ការពារ​វេ​ណេ​ស៊ុយ​អេ​ឡា​ដែលជា​សម្ព័ន្ធមិត្ត​យូរអង្វែង​នេះ​ពេញទំហឹង​តែម្តង​។​

​លោក​បាន​បន្ត​ទៅកាន់​វិមាន​រដ្ឋាភិបាល​ដើម្បី​ជួបពិភាក្សា​ជាមួយ​សម​ភាគី​វេ​ណេ​ស៊ុយ​អេ​ឡា នី​កូ​ឡាស ម៉ា​ឌូ​រ៉ូ​ដែរ​។ យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP ពេល​ស្ថិតនៅ​វិមាន​រដ្ឋាភិបាល មេដឹកនាំ​គុយបា​ខាងលើ​បាន​ថ្លែង​ដូច្នេះ​៖«​សប្បាយរីករាយ​ខ្លាំងណាស់​ដែល​បានមក​កាន់​វេ​ណេ​ស៊ុយ​អេ​ឡា​។ សូម​ឲ្យ​ចលនា​បដិវត្តន៍​បូ​លី​វ៉ា​នៅ​គង់វង្ស ហើយ​សូម​ឲ្យ​លោក ម៉ា​ឌូ​រ៉ូ មាន​អាយុ​យឺនយូរ​»​។

​ក្នុងនាម​ជា​សម្ព័ន្ធមិត្ត​ជិតស្និទ្ធ​របស់​វេ​ណេ​ស៊ុយ​អេ​ឡា មេដឹកនាំ​គុយបា​រូបនេះ​ប្រកាសថា ទោះ​ជាមាន​បញ្ហា​ធំ​ឬ​លំបាក​ប៉ុណ្ណា​ក៏ដោយ វេ​ណេ​ស៊ុយ​អេ​ឡា​អាច​ពឹងពាក់​លើ​គុយបា​បានជា​និច្ច​នៅពេល​បច្ចុប្បន្ន ហើយ​ការគាំទ្រ​នេះ​គ្មាន​លក្ខខណ្ឌ​អ្វី​ឡើយ​។

​តាមពិតទៅ វេ​ណេ​ស៊ុយ​អេ​ឡា និង​គុយបា​មាន​ទំនាក់ទំនង​ស្អិតល្មួត​យូរអង្វែង​មកហើយ​។ ដូច្នេះហើយ ប្រមុខរដ្ឋ​គុយបា​នេះ​ក៏​ទៅ​គោរព​វិញ្ញាណក្ខន្ធ​មេដឹកនាំ​បដិវត្តន៍​លោក ហ៊ូ​ហ្គោ ឆា​វេស ដែលជា​អ្នកបង្កើត​សម្ព័ន្ធភាព​ល្អប្រសើរ​ជាមួយ​របប​ដឹកនាំ​លោក ហ្វី​ដែល កា​ស្ត្រូ និង​លោក រ៉ា​អ៊ូ​ល កា​ស្ត្រូ ផងដែរ​។ អ្វីដែល​សំខាន់ វេ​ណេ​ស៊ុយ​អេ​ឡា​ជួយ​ផ្គត់ផ្គង់​ប្រេង​ទៅ​គុយបា​ក្នុង​តម្លៃថោកៗ​ផងដែរ​។ 

​បន្ថែម​ពីនេះ លោក Diaz-Canel បាន​បង្ហើប​ផងដែរ​ថា មូលហេតុ​ដែល​លោក​មក​ទស្សនកិច្ច​នៅ​គុយបា​គឺ​ដើម្បី​បង្ហាញ​ពី​ការ​សាមគ្គីភាព និង​គាំទ្រ​ដល់​លោក ម៉ា​ឌូ​រ៉ ក្រោយ​មានការ​បោះឆ្នោត​ប្រធានាធិបតី​។ ផ្ទុយ​ពី សហគមន៍​អន្តរជាតិ​ជាពិសេស​រដ្ឋ​អាមេរិក​ឡាទីន​ដែល​បដិសេធ​លទ្ធផល​បោះឆ្នោត លោក Diaz-Canel ចាត់ទុក​ការបោះឆ្នោត​នោះ​ជា​ជោគជ័យ​ធំធេង​របស់លោក ម៉ា​ឌូ​រ៉ូ​ដែរ​។

​វត្តមាន​របស់​មេដឹកនាំ​គុយបា​នៅក្នុង​ប្រទេស​វេ​ណេ​ស៊ុយ​អេ​ឡា​នេះ កើតឡើង​ចំពេល​ដែល​កាណាដា សម្រេច​ដាក់ទណ្ឌកម្ម​បន្ថែម​ប្រឆាំង​វេ​ណេ​ស៊ុយ​អេ​ឡា​ដើម្បី​ឆ្លើយតប​នឹង​ការបោះឆ្នោត​ដែល​គ្មាន​ការ​បក្សប្រឆាំង​។ កាណាដា​ក៏បាន​ទាមទារ​ឲ្យ​វេ​ណេ​ស៊ុយ​អេ​ឡា រៀបចំ​ការបោះឆ្នោត​ជាថ្មី និង​ដោះលែង​រាល់​អ្នកទោសនយោបាយ​ឲ្យ​មាន​សេរីភាព​ផងដែរ​។​

​យ៉ាងណាក៏ដោយ លោក Diaz-Canel បាន​ទិតៀន​ទណ្ឌកម្ម​លោកខាងលិច​ឥត​សំចៃមាត់ ដោយ​អះអាងថា ទណ្ឌកម្ម​នេះ​គ្រាន់តែ​ជា​លេស​ដើម្បី​បំផ្លាញ​ជ័យជម្នះ​របស់លោក ម៉ា​ឌូ​រ៉ូ ក្នុងការ​បោះឆ្នោត​នេះ​ប៉ុណ្ណោះ​។  លោក​ក៏​ចាត់ទុក​សកម្មភាព​រប​ស់​ក្រុង​វ៉ាស៊ីនតោន​ដែល​ព្យាយាម​ដាក់​សម្ពាធ​លើ​វេ​ណេ​ស៊ុយ​អេ​ឡា​ថា​ជា ការព្យាយាម​នាំយក​សម័យកាល​នៃ​ការ​លូកលាន់ និង​ការអន្តរាគមន៍​ក្នុងប្រទេស​ដទៃ ជាថ្មីទៀត​ដែរ​៕



Tag:
 គុយបា​
  វេ​ណេ​ស៊ុយ​អេ​ឡា​
  Miguel Diaz-Canel
© រក្សាសិទ្ធិដោយ thmeythmey.com