អន្តរជាតិ
ប្រមុខ​ការទូត​រុស្ស៊ី​អញ្ជើញលោក គីម ជុង​អ៊ុន ទៅ​ទស្សនកិច្ច​នៅ​រុស្ស៊ី​
31, May 2018 , 6:19 pm        
រូបភាព
ដោយ: ថ្មីៗ
 ស្ថិតក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​ក្រុង​ព្យុងយ៉ាង ថ្ងៃ​ព្រហស្បតិ៍​ទី ៣១ ខែមិថុនា លោក សឺ​ហ្គេ ឡាវ​រ៉ូ​វ ប្រមុខ​ការទូត​រុស្ស៊ី បាន​អញ្ជើញ​មេដឹកនាំ​កំពូល​កូរ៉េខាងជើង​លោក គីម ជុង​អ៊ុន ទៅ​ទស្សនកិច្ច​នៅ​រុស្ស៊ី​។ រុស្ស៊ី​ធ្លាប់​អញ្ជើញ​មេដឹកនាំ​កូរ៉េខាងជើង​ម្តង​ដែរ​ឆ្នាំ ២០១៥  ប៉ុន្តែ​ក្រោយមក​លោក គីម សម្រេច​លុបចោល​គម្រោង​ទស្សនកិច្ច​វិញ​។


​លោក សឺ​ហ្គេ ឡាវ​វ៉ូ​វ អញ្ជើញលោក គីម ផ្ទាល់មាត់ ហើយ​លោក​ក៏បាន​បញ្ជាក់​ពី​ជំហរ​ឥត​ងាករេ​របស់​រុស្ស៊ី​ក្នុងការ​គាំទ្រ​ស្ថិរភាព សន្តិភាព និង​វិបុលភាព​នៅ​ឧបទ្វីប​កូរ៉េ​។ នេះ​បើតាម​សេចក្តីប្រកាស​របស់​ក្រសួងការបរទេស​រុស្ស៊ី​។

«​សូម​អញ្ជើញ​មក​ទស្សនកិច្ច​នៅ​រុស្ស៊ី​។ យើង​ពិតជា​រីករាយ​បើសិនជា​លោក​អញ្ជើញ​ទៅ​ទស្សនកិច្ច​នៅ​ប្រទេស​យើង​»​។ លោក ឡាវ​រ៉ូ​វ ប្រា​ប់លោក គីម បែបនេះ​។

​លោក​បន្តថា​៖ «​យើង​គាំទ្រ​សន្តិសុខ សន្តិភាព ស្ថិរភាព និង​វិបុលភាព​នៅ​ឧបទ្វីប​កូរ៉េ និង​តំបន់​ចុង​បូព៌ា​ទាំងមូល​ផងដែរ​»​។​

​ក្នុងជំនួប​នេះ​ផងដែរ ប្រមុខ​ការទូត​ខាងលើ​ក៏បាន​ពាំ​នាំសារ​សរសើរ​របស់​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន មក​ប្រា​ប់លោក គីម ផងដែរ​ចំពោះ​ការវិវត្តន៍​ដ៏​ល្អប្រសើរ​នៃ​ឧបទ្វីប​កូរ៉េ​។ បើតាម​លោក ឡាវ​វ៉ូ​វ លោក ពូ​ទីន គាំទ្រ​រាល់​គំនិត​ផ្តួចផ្តើម​រក្សា​សន្តិភាព​ដែល​បង្កើតឡើង​ដោយ​មេដឹកនាំ​កូរ៉េ​ទាំងពីរ​ក្នុង​កិច្ចប្រជុំ​អន្តរ​កូរ៉េ​កាលពី​ចុងខែ​មេសា​កន្លងមក​។

«​យើងខ្ញុំ​និង​ប្រធានាធិបតី ពូ​ទីន ពិត​ជាមាន​សុទិដ្ឋិនិយម​ចំពោះ​សេចក្តីថ្លែងការណ៍ ប៉ាន់​មុន​ជុម ដែល​លោក និង​លោក​ប្រធានាធិបតី​កូរ៉េខាងត្បូង មូ​ន ចេ​អ៊ី​ន បាន​ចុះហត្ថលេខា​រួមគ្នា​។ យើង​ត្រៀមខ្លួន​ហើយ​ដើម្បី​ចូលរួមចំណែក​អនុវត្ត​សេចក្តីថ្លែងការណ៍​នេះ​ក្នុងនោះ​មានការ​លើកឡើង​ពី​គម្រោង​ការកសាង​ផ្លូវ​រថភ្លើង​ដែលមាន​ការចូលរួម​ពី​រុស្ស៊ី​ដែរ​»​។ លោក ឡាវ​រ៉ូ​វ បាន​និយាយ​បែបនេះ​។

​តាមពិតទៅ ក្រុង​ម៉ូស្គូ មានបំណង​ចង់​នាំ​កូរ៉េខាងត្បូង​ឲ្យ​ចូលរួម​ក្នុង​គម្រោង​សាងសង់​ផ្លូវ​រថភ្លើង និង​សង់​បំពង់​ឧស្ម័ន​ឆ្លងកាត់​ឧបទ្វីប​កូរ៉េ​។

​តាមពិតទៅ លោក ឡាវ​រ៉ូ​វ អញ្ជើញ​ទៅ​ទស្សនកិច្ច​នៅ​កូរ៉េខាងជើង​តប​ការអញ្ជើញ​របស់​សមភា​គី​កូរ៉េខាងជើង លោក Ri Yong Ho​។  ដំណើរ​ទស្សនកិច្ច​នេះ​កើតឡើង​នៅពេលដែល​ប្រទេស​ទាំងពីរ​រៀបចំ​ខួប​លើក​ទី ៧០ នៃ​ការបង្កើត​ចំណង​ការទូត​រួមគ្នា​នៅ​ឆ្នាំនេះ ហើយក៏​ចំពេល​ដែល​កូរ៉េ​មន្ត្រី​អាមេរិក និង​កូរ៉េខាងជើង​បន្តការងារ​សស្រាក់សស្រាំ​ដើម្បី​រៀបចំ​ជំនួប​កំពូល​រវាង​លោក គីម ជុង​អ៊ុន ជាមួយ​លោក ដូ​ណា​ល់ ត្រាំ នៅ​សិង្ហ​បុរី​ដែរ​៕

Tag:
 គីម ជុង​អ៊ុន​
  សឺ​ហ្គេ ឡាវ​រ៉ូ​វ​
  កូរ៉េខាងជើង
© រក្សាសិទ្ធិដោយ thmeythmey.com