អន្តរជាតិ
អាសាដ៖ អាមេរិកប៊ិះធ្វើសង្គ្រាមជាមួយរុស្ស៊ីនៅស៊ីរីទៅហើយ 31, May 2018 , 10:39 pm
ប្រធានាធិបតីស៊ីរី បាសា អាល់-អាសាដ (រូបភាព SANA)
× ប្រធានាធិបតីស៊ីរី បាសា អាល់-អាសាដ បាននិយាយថា អាមេរិក និងរុស្ស៊ីស្ទើរតែមានជម្លោះដោយផ្ទាល់នៅលើទឹកដីស៊ីរីទៅហើយ ប៉ុន្តែត្រូវបានបញ្ចៀសទាន់ពេល។ លោក អាសាដ បានអរគុណរុស្ស៊ីដែលចៀសវាងការប្រឈមមុខដោយផ្ទាល់ជាមួយអាមេរិក ក៏ដូចជាបានការពារស៊ីរីពីការវាយប្រហារទ្រង់ទ្រាយធំរបស់បស្ចិមប្រទេសផង។ ដោយមានរុស្ស៊ីនៅពីក្រោយ មេដឹកនាំស៊ីរីរូបនេះជឿថា ខ្លួនជិតឈ្នះសង្គ្រាមផ្ទៃក្នុងដែលមានអាយុ៧ឆ្នាំនេះ។
ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានរុស្ស៊ី RT ប្រធានាធិបតីស៊ីរី បាសា អាល់-អាសាដ បានអរគុណរុស្ស៊ីដែលបានជួយគាំទ្រកម្លាំងរដ្ឋាភិបាលរបស់លោកក្នុងការទប់ទល់នឹងសកម្មភាពរបស់សម្ព័ន្ធមិត្តបស្ចិមប្រទេស។ ដោយរំឭកពីការវាយប្រហារដោយមីស៊ីលរបស់អាមេរិក បារាំង និងអង់គ្លេសកាលពីខែមេសា លោក អាសាដ អះអាងថា បើគ្មានរុស្ស៊ីទេ ប្រទេសទាំងបីនេះនឹងបើការវាយប្រហារទ្រង់ទ្រាយធំនៅស៊ីរីមិនខានឡើយ។
ត្រឡប់ទៅកាន់យុទ្ធនាការខែមេសា អាមេរិក បារាំង និងអង់គ្លេសបានរួមគ្នាបាញ់មីស៊ីលជាងមួយរយគ្រាប់ដាក់ទីតាំងនៅបីកន្លែងផ្សេងគ្នា បន្ទាប់ពីចោទរដ្ឋាភិបាលក្រុងដាម៉ាស់ថា បានប្រើប្រាស់អាវុធគីមីវាយប្រហារលើជនស៊ីវិល។ លោក អាសាដ ចាត់ទុកពាក្យចោទប្រកាន់របស់លោកខាងលិចជារឿងកុហក ដែលគ្មាននរណាជឿឡើយ។ ស្របពេលការវាយប្រហារនោះ រុស្ស៊ីក៏ប្រកាសគំរាមឆ្លើយតបវិញដែរ បើសុវត្ថិភាពរបស់ខ្លួនរងការគំរាម។
«រុស្ស៊ីបានប្រកាសជាសាធារណៈថា ពួកគេនឹងកម្ទេចមូលដ្ឋានដែលប្រើសម្រាប់បាញ់មីស៊ីល ហើយបើតាមព័ត៌មានដែលអាចទុកចិត្តបាន ពួកគេក៏គិតពីការវាយប្រហារស៊ីរីទាំងមូល។ ដូច្នេះហើយបានជាការគំរាមរបស់រុស្ស៊ីជំរុញឲ្យលោកខាងលិចបើកប្រតិបត្តិការទ្រង់ទ្រាយតូចវិញ»។ នេះជាសម្ដីរបស់លោក អាសាដ ក្នុងកិច្ចសម្ភាសដែលផ្សាយនៅថ្ងៃទី៣១ ខែឧសភា។
អ្វីគួរឲ្យចាប់អារម្មណ៍នោះ លោក អាសាដ ក៏បានបង្ហើបដែរថា កងទ័ពអាមេរិក និងរុស្ស៊ីស្ទើរតែប្រយុទ្ធគ្នាតទល់នៅស៊ីរីបាត់ទៅហើយ ព្រោះអាមេរិកមានទីប្រឹក្សាធ្វើការជាមួយក្រុមឧទ្ទាម ហើយធ្វើប្រតិបត្តិការជិតកម្លាំងរុស្ស៊ីទៅទៀតមិនថាលើដី ឬលើអាកាសឡើយ។ មេដឹកនាំស៊ីរីរូបនេះបន្ថែមថា ជម្លោះដោយផ្ទាល់រវាងអាមេរិក និងរុស្ស៊ីសឹងតែមិនអាចចៀសផុតបានទៅហើយ ប៉ុន្តែការឈ្លាសវៃរបស់រុស្ស៊ីអាចជួយបញ្ចៀសជម្លោះនេះបាន។
ស្របពេលសង្គ្រាមរ៉ាំរ៉ៃនេះឈានដល់ឆ្នាំទី៧ លោក អាសាដ ជឿថា ក្រុងដាម៉ាសជិតទទួលជ័យជម្នះលើក្រុមប្រឆាំង និងក្រុមសកម្មប្រយុទ្ធដែរហើយ ទោះជាក្រុងវ៉ាស៊ីនតោនបន្តជ្រៀតជ្រែកក៏ដោយ។ ប្រធានាធិបតីស៊ីរីក៏បានចោទថា អាមេរិក អឺរ៉ុប និងកូនជឹងរបស់ខ្លួនបានព្យាយាមបង្អូសដំណើរការស្វែងរកសន្តិភាព និងដំណោះស្រាយនយោបាយក្នុងប្រទេសតាមរយៈការគាំទ្រក្រុមភេរវករ ឬបង្កបញ្ហាក្នុងដំណើរការចរចាជាដើម៕
Tag:
ស៊ីរី
អាមេរិក
រុស្ស៊ី
Bashar Assad
© រក្សាសិទ្ធិដោយ thmeythmey.com