អន្តរជាតិ
ចិនហួសចិត្តនឹងការអះអាងរបស់អាមេរិកដែលថា ខ្លួនធ្វើយោធូបនីយកម្មនៅសមុទ្រចិនខាងត្បូង 01, Jun 2018 , 10:48 am
× ពីរថ្ងៃក្រោយរដ្ឋមន្ត្រីការពារជាតិអាមេរិក ជេម ម៉ាធីស ប្រកាសថា អាមេរិកនឹងតបតសកម្មភាពធ្វើយោធូបនីយកម្មរបស់ចិននៅសមុទ្រចិនខាងត្បូង ក្រុងប៉េកាំងនៅថ្ងៃទី៣១ ខែឧសភា ក៏បានបង្ហាញការហួសចិត្តចំពោះការអះអាងបែបនេះ។ មន្ត្រីក្រសួងការបរទេសចិនបានឆ្លើយតបវិញថា មានតែអាមេរិកប៉ុណ្ណោះដែលបានបង្កើនវត្តមានយោធានៅតំបន់សមុទ្រនេះ ហើយសម្ដីចោទរបស់អាមេរិក គឺគ្រាន់តែជាការបិទបាំងសកម្មភាពខ្លួនឯងប៉ុណ្ណោះ។
នរណាជាអ្នកធ្វើយោធូបនីយកម្មនៅសមុទ្រចិនខាងត្បូង? អាមេរិកថាចិន ឯចិនថាអាមេរិក។ នៅថ្ងៃទី២៩ ខែឧសភា ប្រមុខមន្ទីរបញ្ចកោណ ជេម ម៉ាធីស និយាយថា អាមេរិកនឹងឆ្លើយទៅនឹងអ្វីដែលខ្លួនចាត់ទុកជាសកម្មភាពយោធូបនីយកម្មរបស់ចិននៅសមុទ្រខាងត្បូង។ លោក ម៉ាធីស និយាយបែបនេះដោយចង់សំដៅដល់សកម្មភាពរបស់ចិននៅពេលថ្មីៗនេះនៅតំបន់សមុទ្រប្រទាញប្រទង់សម្បូរដោយធនធានរ៉ែ និងជាផ្លូវនាវាចរណ៍ដ៏សំខាន់មួយ។
យ៉ាងណាមិញ សម្ដីរបស់រដ្ឋមន្ត្រីការពារជាតិអាមេរិករូបនេះបែរជាធ្វើឲ្យចិនអស់សំណើចទៅវិញ និងចាត់ទុកជាបិទបាំងទង្វើរបស់ខ្លួនទៅទៀត។ លោកស្រី Hua Chunying អ្នកនាំពាក្យក្រសួងការបរទេសចិនថ្លែងថា វត្តមានយោធាអាមេរិកនៅសមុទ្រចិនខាងត្បូង គឺធំជាងវត្តមានយោធាចិន និងប្រទេសនៅជុំវិញសមុទ្រនេះរួមបញ្ចូលគ្នាទៅទៀត។ វៀតណាម ហ្វីលីពីន ព្រុយណេ ម៉ាឡេស៊ី និងឥណ្ឌូណេស៊ីជាដើម សុទ្ធសឹងជាប្រទេសដែលបានទាមទារចំណែកនៃដែនសមុទ្រនេះ។
មន្ត្រីក្រសួងការបរទេសចិនដដែលនេះក៏បានចោទសួរអាមេរិកពីការអះអាងលើកមុនៗថា វត្តមានយោធាអាមេរិកនៅសមុទ្រចិនខាងត្បូង គ្រាន់តែជាការអនុវត្តសេរីភាពនាវាចរណ៍ និងច្បាប់អន្តរជាតិប៉ុណ្ណោះ ឬក៏ជាការប៉ុនប៉ងដើម្បីរក្សាអនុត្តរភាពក្នុងតំបន់។ ក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី៣១ ខែឧសភា លោកស្រី Hua សង្កត់ធ្ងន់ថា៖ «មានជនជាតិអាមេរិកខ្លះរៀបឆាកចោរស្រែកចាប់ចោរដើម្បីលាក់បាំងទង្វើអាក្រក់របស់ខ្លួន»។
តាមពិតទៅ អាមេរិកមិនមែនជាភាគីជម្លោះនៅក្នុងសំណុំរឿងសមុទ្រចិនខាងត្បូងនេះឡើយ តែបានចេញមុខយ៉ាងខ្លាំងដើម្បីតទល់ជាមួយនឹងចិនលើបញ្ហានេះ។ កាលពីសប្ដាហ៍មុននោះ ក្រុងវ៉ាស៊ីនតោន តាមរយៈអ្នកនាំពាក្យក្រសួងការពារជាតិអាមេរិក ក៏បានរិះគន់ក្រុងប៉េកាំងខ្លាំងៗរួចហើយដែរ ដោយអះអាងថា ចិនកំពុងតែបន្តសកម្មភាពយោធូបនីយកម្ម ព្រោះបានបញ្ជូនយន្តហោះចម្បាំងនិងទម្លាក់គ្រាប់បែកជាច្រើនគ្រឿងទៅចុះចតនៅមូលដ្ឋានមួយដែលស្ថិតនៅក្នុងតំបន់មានជម្លោះ។
វត្តមានយោធាចិននៅក្នុងដែនទឹកមួយនេះ បានបង្កក្ដីបារម្ភខ្លាំងសម្រាប់អាមេរិក ព្រោះវាបានប៉ះពាល់ដល់តួនាទីរបស់អាមេរិកដែលបានបោះយុថ្ការាប់សិបឆ្នាំទៅហើយ។ ដោយសារសកម្មភាពរបស់ចិន ក្រសួងការពារជាតិអាមេរិកបានលុបចោលការអញ្ជើញកងទ័ពជើងទឹកចិនឲ្យចូលរួមសមយុទ្ធ RIMPAC ឆ្នាំ២០១៨ ដែលគ្រោងធ្វើនៅកោះហាវ៉ៃទៅទៀត៕
Tag:
ចិន
អាមេរិក
សមុទ្រចិនខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com