អន្តរជាតិ
រដ្ឋាភិបាល​លោក មហា​ធៀ បង្កើត​«​មូលនិធិ​នៃ​ក្តីសង្ឃឹម​»​សម្រាប់​ឲ្យ​ពលរដ្ឋ​ជួយ​វិភាគទាន​ដោះបំណុល​រដ្ឋ​
01, Jun 2018 , 2:11 pm        
រូបភាព
 រដ្ឋាភិបាល​ម៉ាឡេស៊ី​ដឹកនាំ​ដោយ​លោក មហា​ធៀ មហាម៉ាត់ សម្រេច​បង្កើត​មូលនិធិ​ពិសេស​ដែលមាន​ឈ្មោះថា «​ក្តីសង្ឃឹម​»​ដើម្បី​បើក​ឲ្យ​សាធារណជន​ម៉ាឡេស៊ី​បរិច្ចាគ​លុយ​ជួយ​ដោះបំណុល​របស់​រដ្ឋ​។ គេ​នឹកឃើញ​ដល់​អំឡុង​ឆ្នាំ ១៩៩៨​ពេល​ប្រជាជន​កូរ៉េខាងត្បូង​ប្រមូល​គ្រឿងអលង្ការ​ជា​មាស​បរិច្ចាក​ជួន​រដ្ឋ​ដើម្បី​ដោះបំណុល​ពេល​ប្រទេស​ជិត​ក្ស័យធន​នោះ​។


​ក្រោយ​ប្រកាស​ពី​កង្វល់​ជុំវិញ​ការកើនឡើង​នៃ​បំណុល​សាធារណៈ​ដល់​កម្រិត​ប្រកាសអាសន្ន លោក មហា​ធៀ បានសម្រេច​ប្រកាស​បង្កើត​មូលនិធិ​នៃ​ក្តីសង្ឃឹម​នៅ​ថ្ងៃ ៣០ ខែឧសភា​។ រដ្ឋាភិបាល​ម៉ាឡេស៊ី​សង្ឃឹមថា ប្រជាជន​ម៉ាឡេស៊ី​ជា​អ្នកស្នេហាជាតិ​មាន​សមានចិត្ត​ចូលរួមចំណែក​តិចក្តី​ច្រើនក្តី​ដើម្បី​ជួយ​រដ្ឋាភិបាល​ដោះបំណុល​។

​សារព័ត៌មាន Straits Times ក្រសួង​ហិរញ្ញវត្ថុ​ជា​អ្នកទទួលខុសត្រូវ​ទទួល​មូលនិធិ​រដ្ឋ​នេះ​ពី​ប្រជាជន ហើយ​លោក មហា​ធៀ បាន​បញ្ជាក់ដែរថា វា​ជា​រឿង​ចាំបាច់​បំផុត​ដើម្បី​ធានាថា វិភាគទាន​របស់​ប្រជាជន​ទៅដល់​ក្រសួង​ហិរញ្ញវត្ថុ​ដោយ​គ្មាន​បាត់បង់​។

«​ប្រជាជន​ម៉ាឡេស៊ី​ច្រើនណាស់​មាន​ឆន្ទៈ​ផ្តល់​វិភាគទាន​ដល់​រដ្ឋាភិបាល​ដើម្បី​ដោះបំណុល ក្រោយ​ដឹង​ពី​ស្ថានភាព​ហរិញ្ញវត្ថុ​របស់​ប្រទេសជាតិ​»​។ លោក មហា​ធៀ បាន​ថ្លែង​បែបនេះ​ប្រាប់​អ្នកសារព័ត៌មាន​ក្រោយ​ដឹកនាំ​ប្រជុំ​គណៈរដ្ឋមន្ត្រី​នៅ​ថ្ងៃ​ពុធ​ទី ៣០​ខែឧសភា​។

​លោក បន្តថា​៖ «​យើង​ស្វាគមន៍​សកម្មភាព​ស្នេហា​ជាតិ​របស់​ប្រជាជន​យើង ហើយ​យើង​បង្ហាញ​ការគោរព​ដល់​ពួកគាត់​ដែរ​»​។​

​កាលពី​ប៉ុន្មាន​សប្តាហ៍​មុន លោក មហា​ធៀ បានប្រកាសថា​ស្ថានភាព​បំណុល​សាធារណៈ​របស់​ម៉ាឡេស៊ី​កើន​ដល់ ២៥១ ពាន់​លាន​ដុល្លារ​អាមេរិក​ដែលជា​កម្រិត​ប្រកាសអាសន្ន​មួយ ហើយ​លោក​បន្ទោស​រដ្ឋាភិបាល​លោក ណា​ជីប រ៉ា​ហ្សា​ក់​ដែល​ធ្វើ​ឲ្យ​ស្ថានភាព​ហិរញ្ញវត្ថុ​រដ្ឋ​ដុនដាប​បែបនេះ​។

​ក្រោយពី​ប្រកាស​ពី​ស្ថាន​ភាពលំបាក​ផ្នែក​ហិរញ្ញវត្ថុ​របស់​រដ្ឋ ប្រមុខ​រដ្ឋាភិបាល​រូបនេះ​បានសម្រេច​លុបចោល​កិច្ចព្រមព្រៀង​ធំៗ​មួយចំនួន​ដូចជា​គម្រោង​សង់​ផ្លូវ​រថភ្លើង​លឿន​ទៅ​សិង្ហ​បុរី កាត់បន្ថយ​លុយ​រដ្ឋមន្ត្រី និង​បញ្ឈប់​ការងារ​ម​ន្ត្រិ​ជាប់កិច្ចសន្យា​ជាច្រើន​ពាន់​នាក់​ផងដែរ​។​

​ដោយឡែក រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ​ម៉ា​ឡេ​ស៊ិ Lim Guan Eng បាន​ស្វាគមន៍​ឥរិយាបថ​វិជ្ជមាន​របស់​ប្រជាជន​ម៉ាឡេស៊ី​ក្នុងការ​ចូលរួម​គាំទ្រ​រដ្ឋាភិបាល​ដោះស្រាយ​បំណុល​រដ្ឋ​ដែរ​។ លោក​បាន​អះអាងថា ប្រជាជន​ម៉ាឡេស៊ី​ហាក់​យល់ដឹង​ច្បាស់​ពី​បញ្ហា   ហើយ​ពួកគេ​ស្ម័គ្រចិត្ត​ចែករម្លែក​ថវិកា​ដែល​ខ្លួន​មាន​ដើម្បី​ដោះ​បន្ទុក​ធ្ងន់​របស់​ប្រជាជន​ថែម​ទៀតផង​។​

​ការបង្កើត​មូលនិធិ និង​ទទួល​វិភាគទាន​ពី​ប្រជា​ជននេះ​ធ្វើ​ឲ្យ​គេ​នឹកឃើញ​ដល់​វិបត្តិ​ហិរញ្ញវត្ថុ​នៅ​អាស៊ី​ឆ្នាំ ១៩៩៨ ពេលដែល​ប្រជាជន​កូរ៉េខាងត្បូង​រាប់លាន​នាក់​ស្ម័គ្រចិត្ត​ចូល​រួមគ្នា​បរិច្ចាគ​ទ្រព្យធន​ផ្ទាល់ខ្លួន​ជួយ​ដោះបំណុល​ប្រទេស ខណៈដែល​រដ្ឋ​អាស៊ី​មួយ​នេះ​ក្បែរ​នឹង​ក្ស័យធន​។

១៩ ឆ្នាំមុន ក្រុមហ៊ុន និង​ធនាគារ​ជាច្រើន​ក្ស័យធន ដោយសារ​វិបត្តិ​បំណុល និង​ប្រជាជន​បាត់បង់​ការងារ​ច្រើន​ស​នឹ្ធ​ក​ក្រោយ​វិបត្តិ​ហិរញ្ញវត្ថុ​កើតឡើង​។ ចំណែក​រដ្ឋាភិបាល​កូរ៉េខាងត្បូង​បានទទួល​កញ្ចប់​ហិរញ្ញវត្ថុ​មាន​ទំហំ ៥៨​ពាន់​លាន​ដុល្លារ​របស់​មូលនិធិ​រូបី​យ​វត្ថុ​អន្តរជាតិ (IMF) ដោយ​ថវិកា​នេះ​មានភ្ជាប់​ជាមួយ​លក្ខខណ្ឌ​តឹងតែង​ជាច្រើន​ដូចជា​ការធ្វើ​សេរីភាវូបនីយកម្ម​ពាណិជ្ជកម្ម កែទម្រង់​អភិបាលកិច្ច ទីផ្សារការងារ និង​វិស័យ​ច្រើន​ផ្សេងទៀត​។​

​ខែមករា​ឆ្នាំ ១៩៩៨ គេ​ឃើញ​មាន​យុទ្ធនាការ​ថ្នាក់ជាតិ​មួយ​ដែលមាន​គោលដៅ​អំពាវនាវ​ឲ្យ​ប្រជាជន​កូរ៉េខាងត្បូង​បរិច្ចាគ​គ្រឿងអលង្ការ​ជា​មាស​។ ជាការ​ឆ្លើយតប​ប្រជាជន​រាប់លាន​នាក់​បន្តកន្ទុយ​គ្នា​យក​គ្រឿងអលង្ការ​ខ្លួន​ជា​មាស​មក​បរិច្ចាគ​ជូន​រដ្ឋ​។ ប្រជាជន​សាមញ្ញ​បរិច្ចាគ​ចិញ្ចៀន ខ្សែក ខ្សែដៃ ខណៈដែល​ក្រុម​អត្ត​ព​លិ​ក​នាំគ្នា​យក​មេដាយ និង​ពានរង្វាន់​មា​ស​របស់ខ្លួន​មក​បរិច្ចាគ​ដូចគ្នា​ដើម្បី​ជួយ​ដោះបំណុល​រដ្ឋ​។ ដោយសារ​កាយវិកា​គួរ​ឲ្យ​កោតស្ញប់ស្ញែង​របស់​ប្រជាពលរដ្ឋ​បែបនេះហើយ ទើប​រដ្ឋាភិបាល​កូរ៉េខាងត្បូង​មានលទ្ធភាព​ដោះបំណុល​មូលនិធិ​រូបី​យ​វត្ថុ​អន្តរជាតិ​បាន និង​រួច​ផុតពី​វិបត្តិ​នោះ​៕


Tag:
 ​មហា​ធៀ មហាម៉ាត់​
  ម៉ាឡេស៊ី​
  បំណុល​រដ្ឋ​
  វិបត្តិ​សេដ្ឋកិច្ច​
© រក្សាសិទ្ធិដោយ thmeythmey.com