កីឡាអន្តរជាតិ
អន្តរជាតិ
Rodman អតីតកីឡាករដែលជាមហាមិត្តរបស់លោក គីម នឹងមានវត្តមាននៅសិង្ហបុរីផងដែរ 06, Jun 2018 , 4:20 pm
× អតីតកីឡាករបាល់បោះ NBA លោក Dennis Rodman នឹងមានវត្តមានក្នុងប្រទេសសិង្ហបុរីអំឡុងពេលជំនួបកំពូលជាប្រវត្តិសាស្ត្ររវាងប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន នៅសប្តាហ៍ក្រោយ។
កាលពីថ្ងៃទី១ ខែមិថុនា ប្រធានាធិបតីអាមេរិក បានប្រកាសថា លោកនឹងទៅជួបមេដឹកនាំកូរ៉េខាងជើងនៅសិង្ហបុរីតាមការព្រមព្រៀងគ្នាដដែល។ លោក ត្រាំ ប្រកាសថា លោកនឹងជួប គីម ជុងអ៊ុន នៅថ្ងៃទី១២ ខែមិថុនា នៅសិង្ហបុរី។ ការប្រកាសរបស់លោក ត្រាំ ធ្វើឡើងស្របពេលដែលមន្ត្រីអាមេរិក និងកូរ៉េខាងជើងកំពុងញាប់ដៃញាប់ជើងក្នុងការរៀបចំជំនួបនេះឲ្យស្រេចបាច់។
ស្របពេលគ្នានេះដែរ កាសែតញូវយ៉កប៉ុស្ដិ៍បានចុះផ្សាយថា អតីតកីឡាករក្រុមបាល់បោះ Chicago Bulls នៃក្របខណ្ឌ NBA អាមេរិក ដែលជាមិត្តស្និទ្ធម្នាក់នឹងគីម ជុងអ៊ុន ក៏នឹងមានវត្តមានក្នុងកិច្ចប្រជុំនោះដែរ ហើយបុរសសញ្ជាតិអាមេរិករូបនេះនឹងធ្វើដំណើរទៅសិង្ហបុរីនៅថ្ងៃចន្ទទី១១ ខែមិថុនា មុនមួយថ្ងៃនាជំនួបរវាងប្រធានាធិបតីអាមេរិកជាមួយមេដឹកនាំកូរ៉េខាងជើង។ កាសែតដដែលបន្ថែមថា លោក Rodman អាចដើរតួយ៉ាងសំខាន់ក្នុងការចរចាលំដាប់កំពូលនេះ។
Rodman វ័យ៥៧ឆ្នាំដែលជាមិត្តភក្តិម្នាក់ក្នុងចំណោមមិត្តដ៏ទៃទៀតពីលោកខាងលិច បាននិយាយថាអំឡុងដំណើរទៅកាន់កូរ៉េខាងជើងកាលពីខែមិថុនា ឆ្នាំមុនគឺលោក «គ្រាន់តែព្យាយាមបើកទ្វារ និងបញ្ចុះបញ្ចូលឲ្យមានការជួបគ្នារវាងមេដឹកនាំទាំងពីរ» ក្នុងទស្សនកិច្ចនោះ។
ប៉ុន្តែយ៉ាងណាក៏ដោយ លោក Darren Prince តំណាងរបស់លោក Rodman បានប្រាប់កាសែតខាងលើថា ដំណើរទៅសិង្ហបុរីរបស់អតីតកីឡាបាល់បោះខាងមុខនេះនៅមិនទាន់ប្រាកដនៅឡើយនោះទេ៕
Tag:
អាមេរិក
កូរ៉េខាងជើង
ដូណាល់ ត្រាំ
គីម ជុងអ៊ុន
Dennis Rodman
© រក្សាសិទ្ធិដោយ thmeythmey.com