FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
ពូទីន៖ ជើងឯក World Cup អាចប្រេស៊ីល អាហ្សង់ទីន អាល្លឺម៉ង់ ឬអេស្ប៉ាញ តែមិនមែនរុស្ស៊ី 07, Jun 2018 , 3:38 pm
× ប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀ ពូទីន មិនរំពឹងថាក្រុមកីឡាបាល់ទាត់របស់ប្រទេសខ្លួនឈ្នះជើងឯកពានរង្វាន់ FIFA World Cup លើកនេះនោះទេ ប៉ុន្តែលោកសង្ឃឹមថារុស្ស៊ីនឹងប្រយុទ្ធឲ្យដល់ទីបញ្ចប់ដើម្បីអ្នកគាំទ្រក្នុងនាមជាម្ចាស់ផ្ទះ។ លោកពូទីន បានបង្ហាញក្រុមចំនួន៤ ដែលលោកគិតថាអាចលើកពាននេះ ដែលរួមមាន ប្រេស៊ីល អាហ្សង់ទីន អាល្លឺម៉ង់ និងអេស្ប៉ាញ។
លោក វ៉្លាឌីមៀ ពូទីន នឹងចូលរួមក្នុងពិធីបើកការប្រកួតពានរង្វាន់ FIFA World Cup លើកដំបូងដោយផ្ទាល់ ដែលប្រព្រឹត្តិធ្វើឡើងនៅថ្ងៃទី ១៤ ខែមិថុនាខាងមុខនេះ។ ក្នុងអំឡុងបទសម្ភាសជាមួយក្រុមសារព័ត៌មានចិន ក្នុងក្រុងមូស្គូ កាលពីថ្ងៃទី៣១ ខែឧសភា មេដឹកនាំរុស្ស៊ីសន្យា ថានឹងរៀបចំឲ្យបានល្អបំផុតក្នុងនាមជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ពិភពលោកនេះ ដើម្បីឲ្យក្លាយជាការប្រកួតដ៏អស្ចារ្យសម្រាប់អ្នកគាំទ្រនៅជុំវិញពិភពលោក។
លោកពូទីនក្នុងកិច្ចសម្ភាសជាមួយប្រព័ន្ធផ្សព្វផ្សាយចិន
ក្រុមជម្រើសជាតិរុស្ស៊ីដែលស្ថិតក្នុងពូល A នឹងចាប់ផ្តើមប្រកួតបើកឆាកជាមួយអារ៉ាប៊ីសាអ៊ូឌីតបន្ទាប់ពីពិធីបើកបញ្ចប់។ ទាក់ទងទៅនឹងការរំពឹងទុករបស់ក្រុមរុស្ស៊ីនៅ World Cup លើកទី២២នេះ លោកពូទីនបានសារភាពពីអារម្មណ៍ពិត ថាក្រុមប្រទេសខ្លួនមិនមែនជាអ្នកឈ្នះពាននេះឡើយ។ លោកថាទោះបីយ៉ាងណា អ្នកគាំទ្រទាំងអស់នៅរុស្ស៊ីកំពុងទន្ទឹងរង់ចាំមើលក្រុមរបស់ពួកគេព្យាយាមអស់ពីសមត្ថភាព និងប្រយុទ្ធរហូតដល់ទីបញ្ចប់។ មេដឹកនាំរុស្ស៊ីរូបនេះ សង្ឃឹមថាក្រុមកីឡាករទាំងអស់អាចផ្តល់ការប្រកួតដ៏អស្ចារ្យ និងសប្បាយៗសម្រាប់ទស្សនិកជនផងដែរ។
នៅពេលសួរថាតើក្រុមណាដែលនឹងឈ្នះជើងឯក World Cup លើកនេះ លោកពូទីនបាននិយាយថាវាពិបាកក្នុងការសម្រេចថាក្រុមមួយណាណាស់ ព្រោះក្រុមមូយចំនួនសុទ្ធតែមានឱកាសដូចគ្នា។ ប៉ុន្តែលោកគិតថា អាហ្សង់ទីន ឬប្រេស៊ីលដែលជាក្រុមមកពីអាមេរិកឡាទីនអាចនឹងឈ្នះ។ ពូទីនបន្ថែមថា៖«ឬប្រហែលជាអាឡឺម៉ង់ ព្រោះពួកគេលេងបានយ៉ាងល្អក្នុងការប្រកួត World Cup លើកចុងក្រោយ។ អេស្ប៉ាញក៏មានឱកាសដែរ ប៉ុន្តែជើងឯកប្រហែលអាចបានទៅក្រុមផ្សេងទៀតក៏ថាបាន»។
ពូទីន ក៏បានបង្ហាញកីឡាករបាល់ទាត់ដែលលោកពេញចិត្តផងដែរ ដែលក្នុងនោះក្រៅពីអតីតអ្នកចាំទីរុស្ស៊ី (កាលនៅជាសូវៀត) លោក Lev Yashin មានតែវីរបុរសប្រេស៊ីល Pelé និងវីរបុរសអាហ្សង់ទី Diego Maradona ប៉ុណ្ណោះ៕
Tag:
បាល់ទាត់
FIFA World Cup
វ្លាឌីមៀ ពូទីន
រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com