FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
អេស្ប៉ាញបណ្តេញគ្រូបង្វឹកមួយថ្ងៃមុនបើក World Cup 13, Jun 2018 , 6:28 pm
× សហព័ន្ធកីឡាបាល់ទាត់អេស្ប៉ាញ បានសម្រេចចិត្តដ៏ភ្ញាក់ផ្អើលមួយ តាមរយៈការបណ្តេញលោក Julen Lopetegui ពីតំណែងគ្រូបង្វឹក មួយថ្ងៃមុនការបើកព្រឹត្តិការណ៍ World Cup 2018 នៅប្រទេសរុស្ស៊ី និងពីរថ្ងៃមុនពេលដែលពួកគេត្រូវតទល់ជាមួយព័រទុយហ្គាល់សម្រាប់ជំនួបក្នុងពូល B។
លោក Julen Lopetegui បានធ្វើសហព័ន្ធកីឡាបាល់ទាត់អេស្ប៉ាញ អន់ចិត្តយ៉ាងខ្លាំង បន្ទាប់លោកត្រូវបានប្រកាសតែងតាំងជាគ្រូបង្វឹកក្លិប Real Madrid កាលពីថ្ងៃអង្គារ ខណៈដែលលោកកំពុងមានភារកិច្ចដឹកនាំក្រុមជម្រើសជាតិនៅ World Cup។
លោក Luis Rubiales ប្រធានសហព័ន្ធបាននិយាយក្នុងសន្និសីទសារព័ត៌មានថា៖ «ខ្ញុំនៅទីនេះ ដើម្បីនិយាយថា យើងបង្ខំចិត្តបណ្តេញគ្រូបង្វឹកពីតំណែង»។
កាលពីខែមុន លោក Lopetegui បានចុះកិច្ចសន្យារហូតដល់ឆ្នាំ២០២០ ប៉ុន្តែលោក Rubiales ខឹងសម្បារយ៉ាងខ្លាំងពេលឮថា គ្រូបង្វឹករូបនេះ រវល់ទៅពិភាក្សាជាមួយក្លិបជើងឯកអឺរ៉ុប Real Madrid។
គិតត្រឹមពេលនេះ មិនទាន់មានសេចក្តីប្រកាសណាមួយឡើយទាក់ទងនឹងអ្នកដែលត្រូវជំនួសតំណែង ខណៈអេស្ប៉ាញ ត្រូវប៉ះព័រទុយហ្គាល់នៅក្នុង Sochi នាថ្ងៃសុក្រ៕
© រក្សាសិទ្ធិដោយ thmeythmey.com