អន្តរជាតិ
ប្រទេសណាខ្លះ ដែលនៅតែស្ថិតនៅក្នុងចំណោមក្រុមប្រទេសក្រីក្រជាងគេលើពិភពលោក? 26, Jun 2018 , 8:39 am
រូបភាព៖ Business Insider
× ការិយាល័យជំនាញអង្គការសហប្រជាជាតិ (UN-OHRLLS) បានធ្វើចំណាត់ថ្នាក់រដ្ឋដែលមានស្ថានភាពសេដ្ឋកិច្ច និងសង្គមល្អប្រសើរឲ្យស្ថិតនៅក្នុងក្រុមប្រទេសមានការអភិវឌ្ឍ ខណៈរដ្ឋដែលស្ថានភាពអន់ថយ និងខ្សត់ខ្សោយឲ្យស្ថិតនៅក្នុងបណ្តុំប្រទេសក្រីក្រ ឬមានការអភិវឌ្ឍតិចតួចបំផុត។ សម្រាប់អង្គការសហប្រជាជាតិ រដ្ឋដែលស្ថិតនៅក្នុងក្រុមប្រទេសក្រីក្រ គឺជាក្រុមដែលងាយរងគ្រោះបំផុតនៅក្នុងសហគមន៍អន្តរជាតិ។
យោងតាមការិយាល័យតំណាងជាន់ខ្ពស់ទទួលបន្ទុកប្រទេសក្រីក្រ និងកំពុងអភិវឌ្ឍរបស់អង្គការសហប្រជាជាតិ (UN-OHRLLS) មកទល់ពេលនេះ មានប្រទេសចំនួន ៤៧ ត្រូវបានដាក់នៅក្នុងចំណាត់ថ្នាក់ប្រទេសមានការអភិវឌ្ឍតិចតួច ឬប្រទេសក្រីក្របំផុតរបស់ពិភពលោក។ ប្រទេសក្រីក្រទាំងនេះ មាន ៣៣រដ្ឋ ស្ថិតនៅក្នុងតំបន់អាហ្វ្រិក, ១៣រដ្ឋ អាស៊ីប៉ាស៊ីហ្វិក និងនៅអាមេរិកឡាទីនមាន ១រដ្ឋ។
ខាងក្រោមនេះគឺជាប្រទេសក្រីក្របំផុតរបស់ពិភពលោក ដែលត្រូវបានបែងចែកតាមតំបន់នីមួយៗ៖
+ តំបន់អាហ្វ្រិក
១. អង់ហ្គោឡា ២. បេណាំង ៣. បួគីណាហ្វាសូ ៤. ប៊ូរុនឌី ៥. សាធារណរដ្ឋអាហ្វ្រិកកណ្តាល ៦. ឆាដ ៧. កូម័រ ៨. សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ៩. ជីប៊ូទី ១០. អេរីត្រេ ១១. អេត្យូពី ១២. ហ្គំប៊ី ១៣. ហ្គីណេ ១៤. ហ្គីណេប៊ីស្សូ ១៥. ឡេសូតូ ១៦. លីបេរីយ៉ា ១៧. ម៉ាដាហ្គាស្កា ១៨. ម៉ាឡាវី ១៩. ម៉ាលី ២០. ម៉ូរីតានី ២១. ម៉ូសំប៊ិក ២២. នេហ្សេ ២៣. រវ៉ាន់ដា ២៤. សៅតូម៉េ និងប្រាំងស៊ីប ២៥. សេណេហ្កាល់ ២៦. សៀរ៉ាឡេអូន ២៧. សូម៉ាលី ២៨. ស៊ូដង់ខាងត្បូង ២៩. ស៊ូដង់ ៣០. តូហ្គោ ៣១. អ៊ូហ្កង់ដា ៣២. តង់សានី និង ៣៣. សំប៊ី ។
+តំបន់អាស៊ីប៉ាស៊ីហ្វិក
១. អាហ្គាហ្វនីស្ថាន ២. បង់ក្លាដែស ៣. ប៊ូតង់ ៤. កម្ពុជា ៥. គីរីបាទី ៦. ឡាវ ៧. មីយ៉ាន់ម៉ា ៨. នេប៉ាល់ ៩. កោះសូឡូមុន ១០. ទីម័រខាងកើត ១១. ទូវ៉ាលូ ១២. វ៉ានូទូ ១៣. យេម៉ែន
+ តំបន់អាមេរិកឡាទីន
១. ហៃទី
សូមជម្រាបផងដែរថា ការបែងចែកចំណាត់ថ្នាក់បណ្តុំប្រទេសក្រីក្ររបស់ការិយាល័យជំនាញអង្គការសហប្រជាជាតិមួយនេះ ត្រូវបានធ្វើឡើងជាផ្លូវការនៅឆ្នាំ១៩៧១។ ការបែងចែកចំណាត់ថ្នាក់នេះ គឺជាគោលនយោបាយមួយរបស់អង្គការសហប្រជាជាតិក្នុងការយកចិត្តដាក់ខ្លាំងដើម្បីកៀគរការគាំទ្រពិសេសពីអន្តរជាតិសម្រាប់សមាជិកនៃគ្រួសារអង្គការសហប្រជាជាតិដែលខ្សត់ខ្សោយបំផុត។
ជាគោលការណ៍ការិយាល័យជំនាញមួយនេះ ពិនិត្យ និងវាយតម្លៃលើស្ថានភាពនៃប្រទេសក្រីក្រទាំងនេះរៀងរាល់បីឆ្នាំម្តង។ គួរកត់សម្គាល់នោះដើម្បីអាចរួចផុតពីការហៅឈ្មោះប្រទេសក្រីក្រ រដ្ឋនីមួយៗ ត្រូវបំពេញលក្ខខណ្ឌចំនួនរួមមាន កំណើនចំណូលរបស់ប្រជាជនម្នាក់ៗ, ភាពល្អប្រសើរនៃធនធានមនុស្ស និងចុងក្រោយភាពល្អប្រសើរនៃសន្ទស្សន៍សេដ្ឋកិច្ច៕
© រក្សាសិទ្ធិដោយ thmeythmey.com