អន្តរជាតិ
របប​សឹក​ថៃ​៖ «​ការបោះឆ្នោត​សភា​អាច​រៀបចំឡើង​ត្រឹម​ខែឧសភា មិនមែន​ខែកុម្ភៈ​ឡើយ​»
26, Jun 2018 , 12:02 pm        
រូបភាព
​តំណាង​របប​សឹក​ថៃ​បានប្រកាស​នៅ​ដើម​ប្តា​ហ៍​នេះ​ថា ការបោះឆ្នោត​សាកល​នៅ​ថៃ​អាច​នឹង​កើតឡើង​នៅ​ខែឧសភា​ឯណោះ​។ ការលើកឡើង​ពី​កាលបរិច្ឆេទ​ថ្មី​របស់​របប​សឹក​ពេលនេះ បង្ហាញ​ឲ្យ​ឃើញថា ការបោះឆ្នោត​អាច​ត្រូវគេ​ពន្យារ​ជាថ្មីទៀត​។


​ក្នុងជំនួប​ជាមួយ​គណៈកម្មការ​បោះឆ្នោត និង​តំណាង​បក្សនយោបាយ ឧបនាយករដ្ឋមន្ត្រី​ថៃ​លោក Wissanu Krea-ngam ផ្តល់យោបល់​ចំពោះមុខ​អ្នកសារព័ត៌មាន​នៅ​ថ្ងៃ​ចន្ទ​ទី ២៥ ខែមិថុនា​ថា ការបោះឆ្នោត​ជ្រើសរើស​សមាជិកសភា​ថៃ​អាច​នឹងត្រូវ​រៀបចំឡើង​នា​ខែឧសភា​ឆ្នាំ ២០១៩​។ កាលបរិច្ឆេទ​ដែល​ត្រូវ​កំណត់​កន្លងមក​គឺ​ក្នុង​ខែកុម្ភៈ​ឆ្នាំ ២០១៩​។​
​បើតាម​ការចុះផ្សាយ​រប​ស់​ទីភ្នាក់ងារ​ព័ត៌មាន AFP មន្ត្រីជាន់ខ្ពស់​ខាងលើ​បាន​ស្រង់​យក​កាលបរិច្ឆេទ​ដែលមាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​និង​ការកំណត់​ជ្រើសរើស​ស្ថាប័ន​នីតិបញ្ញត្តិ ដោយ​ការបោះឆ្នោត​អាច​កើតឡើង​ចន្លោះ​ពីថ្ងៃ ២៤ ខែកុម្ភៈ​ដល់​ថ្ងៃ ៥ ខែឧសភា​។​

​យ៉ាងណាក៏ដោយ ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​អឺរ៉ុប​សប្តាហ៍​មុន លោក​ឧ​ត្ត​ម​សេនីយ៍ ប្រា​យុទ្ធ ចន្ទ​អូ​ចា បាន​ធានា​ចំពោះមុខ​សម​ភាគី​អង់គ្លេស​លោកស្រី ថេ​រ៉េ​សា មេ​យ៍ ថា ថៃ​នឹងមាន​ការបោះឆ្នោត​តាម​ការគ្រោងទុក​។ លោកស្រី មេ​យ៍ ក៏បាន​ស្នើ​ឲ្យ​លោក ប្រា​យុទ្ធ ធានា​ឲ្យ​បាន​នូវ​ការបោះឆ្នោត​ដែល​បើកចំហរ និង​ដោយ​សេរី​ផងដែរ​។​

​រាជាណាចក្រ​ថៃ​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​ក្រុម​យោធា​តាំងពី​ខែឧសភា​ឆ្នាំ ២០១៤ មកម្ល៉េះ ក្រោយ​រៀបចំ​រដ្ឋប្រហារ​ទម្លាក់​នាយករដ្ឋមន្ត្រី យី​ង​ឡាក់ ស៊ីណា​វ៉ា​ត់ ដែល​ឡើងកាន់តំណែង​តាម​ការបោះឆ្នោត​ប្រជាធិបតេយ្យ​នោះ​។

​របប​សឹក​ដែល​ដឹកនាំ​ដោយ​លោក ប្រា​យុទ្ធ ចន្ទ​អូ​ចា នោះ​បន្ត​ពន្យារពេល​បោះឆ្នោត​ជា​បន្តបន្ទាប់​ដូច​ឃើញស្រាប់ របប​ដឹកនាំ​នេះ​កំណត់​យក​ឆ្នាំ ២០១៥ ម្តង ក្រោយមក​ថា ២០១៨ និង​ចុងក្រោយ​គេ​កំណត់​យក​ខែកុម្ភៈ​ឆ្នាំ ២០១៩ ម្តងទៀត​។  

​កន្លងមកនេះ គេ​បារម្ភ​ដែរ​ថា របប​សឹក​អាច​យក​ពិធី​រាជាភិសេក ជា​លេស​ពន្យារពេល​បោះឆ្នោត​ទៀត​ដែរ​។ គេ​រំពឹងថា ពិធី​រាជាភិសេក​ផ្លូវការ​របស់​មហាក្សត្រ​ថ្មី មហា វ​ជិ​រាល​ង្ក​រណ៍ (Maha Vajiralongkorn) អាច​នឹងត្រូវ​រៀបចំឡើង​នៅ​ដើម​ឆ្នាំក្រោយ ហើយ​លោក ប្រា​យុទ្ធ​បានបញ្ជាក់​ច្បាស់​ថា ការបោះឆ្នោត​អាច​រៀបចំ​ទៅបាន​លុះត្រាតែ​ពិធី​រាជាភិសេក​នេះ​រៀបចំ​រួច​សព្វគ្រប់​។ ដូច្នេះហើយ វា​ច្បាស់​ណាស់​ថា ការពន្យារពេល​បោះឆ្នោត​នេះ​ជា​រឿង​ចៀស​មិន​ផុត​។

អត្ថបទទាក់ទង


​ងាក​មក​ការឃោសនាបោះឆ្នោត​វិញ ឧបនាយករដ្ឋមន្ត្រី​ខាងលើ​បាន​អះអាងថា របប​យោធា​ថៃ​នឹង​ដក​បម្រាម​សកម្មភាព​បក្សនយោបាយ​ចន្លោះ​ពី​ខែកញ្ញា​ដល់​ខែធ្នូ​ឆ្នាំនេះ​ដើម្បី​អនុញ្ញាត​ឲ្យ​គណបក្ស​ទាំងអស់​ចាប់ផ្តើម​សកម្មភាព​រដ្ឋបាល​ត្រៀមខ្លួន​សម្រាប់​ការបោះឆ្នោត​ផង​។ ប៉ុន្តែ​ការហាមឃាត់​ការជួប​ជុំគ្នា​លើសពី​ប្រាំ​នាក់ និង​ការឃោសនា​នយោបាយ​នឹងត្រូវ​រក្សាទុក​សិន​ក្នុងអំឡុង​ពេលនោះ​។

​ដោយឡែក បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP ដដែល តំណាង​គណបក្សនយោបាយ ៧៣ បាន​ចូលរួម​ប្រជុំ​ជាមួយ​តំណាង​រដ្ឋាភិបាល​ថៃ​នៅ​ថ្ងៃ​ចន្ទ​ម្សិលមិញ ហើយ​គណបក្សនយោបាយ​ខ្លះ​បានបង្ហាញ​អារម្មណ៍​សប្បាយចិត្ត​ចំពោះ​ការសម្រេច​ដក​បម្រាម​ពាក់កណ្តាល​លើ​សកម្មភាព​នយោបាយរ​បស់​បក្ស​កន្លងមក​នោះ​។

​យ៉ាងណាមិញ គណបក្ស​ភឿ​ថៃ នៅតែ​មិន​ពេញចិត្ត​នឹង​ចំណាត់ការ​របប​សឹក​ដដែល​។ បក្ស​នេះ​ចង់​ឲ្យ​មានការ​លុបចោល​បម្រាម​ទាំងស្រុង​តែម្តង​ដើម្បី​ឲ្យ​បក្ស​ទាំងអស់​ធ្វើ​សកម្មភាព​បាន​ពេញលេញ និង​ងាយស្រួល​ផង​៕


Tag:
 ការបោះឆ្នោត​ថៃ​
  ប្រា​យុទ្ធ ចន្ទ​អូ​ចា​
  Wissanu Krea-ngam
© រក្សាសិទ្ធិដោយ thmeythmey.com