អន្តរជាតិ
មន្ត្រីជាន់ខ្ពស់​រដ្ឋបាល​ត្រាំ និយាយ​ផ្ទុយគ្នា​រឿង​ពេលវេលា​រំសាយ​នុយក្លេអ៊ែរ​កូរ៉េខាងជើង​
26, Jun 2018 , 7:39 pm        
រូបភាព
​ប្រមុខ​ការទូត​អាមេរិក​បាន​អះអាងថា វា​មិនមាន​ការដាក់​កំណត់​កាលបរិច្ឆេទ​សម្រាប់​ការរំសាយ​អាវុធ​នុយក្លេអ៊ែរ​កូរ៉េខាងជើង​។ ប៉ុន្តែ​កន្លងមក​មន្ត្រី​យោធា​រដ្ឋបាល​លោក ដូ​ណា​ល់ ត្រាំ ធ្លាប់​ប្រកាសថា កាលវិភាគ​នៃ​ការរំសាយ​អាវុធ​នេះ​នឹងត្រូវ​កំណត់​ឆាប់ៗ​នេះ​ផង​។ ទាំងនេះ​បង្ហាញ​ឲ្យ​ឃើញថា មន្ត្រី​យោធា និង​មន្ត្រី​ស៊ីវិល​អាមេរិក​កំពុងនិយាយ​ផ្ទុយគ្នា​។


​ក្នុង​បទសម្ភាសន៍​មួយ​ជាមួយ​សារព័ត៌មាន CNN លោក ម៉ៃ ប៉ុ​ម​ប៉េ​អូ រដ្ឋមន្ត្រីការបរទេស​អាមេរិក​បាន​បញ្ជាក់ថា លោក​គ្មាន​បំណង​កំណត់​ពេលវេលា​ជាក់លាក់​ណាមួយ​សម្រាប់​ដំណើរ​ការចរចា និង​ឈានទៅ​រំសាយ​អាវុធ​នុយក្លេអ៊ែរ​កូរ៉េខាងជើង​ឡើយ​។ លោក​គ្រាន់តែ​បញ្ជាក់ថា ភាគី​កំពុង​បន្ត​ប្រឹងប្រែង​សម្រេច​ផ្លែផ្កា​ឲ្យ​បាន​កាន់តែ​ឆាប់​តាម​ដែល​អាច​ធ្វើបាន​។​

«​ខ្ញុំ​នឹងមិន​ដាក់​កាលវិភាគ​លើ​ការរំសាយ​អាវុធ​នេះ​ទេ ទោះ​វា​មាន​រយៈពេល​ពីរ​ខែ ប្រាំ​មួយខែ​ក្តី យើង​កំពុង​ប្រឹងប្រែង​ជំរុញ​ឲ្យ​ដំណើរការ​នេះ​វា​លឿន​ដើម្បី​អាច​ឲ្យ​យើង​មើលឃើញថា តើ​យើង​អាច​សម្រេចបាន​នូវ​អ្វីដែល​មេដឹកនាំ​ទាំងពីរ​កំណត់​ឬ​យ៉ាងណា​នោះ​»​។ នេះ​ជាការ​លើកឡើង​របស់​ប្រមុខ​ការទូត​អាមេរិក​ខាងលើ​។

​ការលើកឡើង​របស់លោក ប៉ុ​ម​ប៉េ​អូ កើតឡើង​ប្រហែល​ពីរ​សប្តាហ៍​ប៉ុណ្ណោះ ក្រោយ​ជំនួប​ប្រវត្តិសាស្ត្រ​រវាង​លោក ដូ​ណា​ល់ ត្រាំ និង​លោក គីម ជុង​អ៊ុន នៅក្នុង​ទឹកដី​សិង្ហ​បុរី​។ ក្នុងជំនួប​នេះ មេដឹកនាំ​ទាំងពីរ​បានប្រកាស​ពី​ជំហរ​ក្នុងការ​ឈានទៅ​រំសាយ​នុយក្លេអ៊ែរ​ពេញលេញ​នៅ​ឧបទ្វីប​កូរ៉េ​ផង ប៉ុន្តែ​ការសម្រេចបាន​ដោយ​របៀប​ណា​នោះ​វា​ស្ថិតនៅក្រោម​ការចរចារ​វាង​ភាគី​នេះ​ទៀត​។

​តាមពិតទៅ លោក ប៉ុ​ម​ប៉េ​អូ ក៏​កំពុង​ស្ថិតក្នុង​ប្រតិបត្តិ​ការចរចា និង​បញ្ចុះបញ្ចូល​ឲ្យ​កូរ៉េខាងជើង​រំសាយ​សព្វាវុធ និង​កម្មវិធី​ផលិត​អាវុធ​របស់ខ្លួន​។ មន្ត្រីជាន់ខ្ពស់​រូបនេះ​អះអាងថា ខ្លួន​កំពុង​ព្យាយាម​តាមដាន និង​កំណត់​មើលថា កូរ៉េខាងជើង​ពិតជា​មាន​ឆន្ទៈ​ក្នុង​ការជំរុញ​ឲ្យ​ការចរចា​គ្នា​នេះ​មានដំណើរ​ការ​ទៅមុខ​ឬ​យ៉ាងណា​ផងដែរ​។​

​យ៉ាងណា​ក៏ដោយចុះ សម្តី​របស់​ប្រមុខ​ការទូត​អាមេរិក​ផ្ទុយគ្នា​ពី​មន្ត្រី​យោធា​ជាន់ខ្ពស់​ដែល​ពាក់ព័ន្ធ​នឹង​ដំណើរ​ការចរចា​នេះដែរ​។ កាលពី​ចុង​សប្តាហ៍​កន្លងទៅ​មន្ត្រី​យោធា​ជាន់ខ្ពស់​ដែល​មិនបាន​បង្ហាញ​អត្ត​សញ្ញា​នោះបាន​អះអាងថា កាលបរិច្ឆេទ​ជាក់លាក់​នឹងត្រូវ​ដាក់ចេញ​ជុំវិញ​ការរំសាយ​អាវុធ​នុយក្លេអ៊ែរ​កូរ៉េខាងជើង​នៅពេលនេះ​ផង​។ បន្ទាប់មក វ៉ាស៊ីនតោន​នឹង​បង្ហាញ​វា​ទៅ​ក្រុង​ព្យុងយ៉ាង​ដើម្បី​ឲ្យ​រដ្ឋ​ឯកោ​មួយ​នេះ​បានដឹងថា ខ្លួន​ត្រូវបំពេញ​កាតព្វកិច្ច​អ្វីខ្លះ និង​នៅពេល​ណាខ្លះ​នោះ​។

​សូម្បីតែ​លោក ប៉ុ​ម​ប៉េ​អូ ខ្លួនឯង​ក៏​ធ្លាប់​បង្ហើប​ឲ្យ​អ្នកកាសែត​បានដឹង​ក្រោយ​ជំនួប​ត្រាំ​-​គីម នៅ​សិង្ហ​បុរី​ដែរ​ថា ការរំសាយ​នុយក្លេអ៊ែរ​ទ្រង់ទ្រាយ​ធំ​ត្រូវ​កើតឡើង​នៅក្នុង​អាណត្តិ​ទីមួយ​របស់លោក ត្រា​ម ដែល​នឹង​បញ្ចប់​នៅត្រឹម​ខែមករា ឆ្នាំ ២០២១ ខាងមុខនេះ​។ វា​បង្ហាញ​ឲ្យ​ឃើញច្បាស់​ថា អាមេរិក​មាន​កាលបរិច្ឆេទ​ជាក់លាក់​សម្រាប់​ការរំសាយ​អាវុធ មិនមែន​គ្មាន​នោះឡើយ​។​

​ដោយឡែក ជុំវិញ​ការព្យួរ​សមយុទ្ធ​យោធា​រវាង​អាមេរិក និង​កូរ៉េខាងត្បូង​ដែល​ប្រកាស​ដោយ​លោក ត្រាំ ជា​សម្បទាន​សម្រាប់​កូរ៉េខាងជើង​នោះ លោក ប៉ុ​ម​ប៉េ​អូ បាន​អះអាងថា វា​អាស្រ័យ​តាម​ស្ថានភាព​ជាក់ស្តែង​ប៉ុណ្ណោះ​។ វា​អាច​កើតឡើង​យូរអង្វែង បើសិនជា​អាមេរិក​មើលឃើញ​ការវិវត្ត​នៃ​ការចរចា ជាពិសេស​លទ្ធផល​ដែល​កើតចេញពី​ការប្តេជ្ញាចិត្ត​របស់​កូរ៉េខាងជើង​នោះ​។ បើសិនជា​មិនមាន​លទ្ធផល​ទេ វា​ប្រាកដ​ណាស់​ថា សមយុទ្ធ​យោធា​នោះ​នឹង​ត្រឡប់មក​ជាថ្មីទៀត​។​

​ខណៈដែល​ការព្យួរ​សមយុទ្ធ​ធ្វើ​ឲ្យ​មានការ​បារម្ភ​ក្នុងចំណោម​សម្ព័ន្ធមិត្ត​អាមេរិក​ក្នុង​តំបន់​។ ដូច្នេះហើយ​អាមេរិក​ព្យាយាម​លួងលោម​សម្ព័ន្ធមិត្ត​ខ្លួន​ដូចជា ជប៉ុន និង​កូរ៉េខាងត្បូង​ឲ្យ​ស្ងប់ចិត្ត​សិន ហើយ​ខ្លួន​នៅ​បន្ត​ធានា​សន្តិសុខ​តំបន់​ដូចដើម​។ ដើម​សប្តាហ៍​នេះ រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក​លោក ជេ​ម ម៉ា​ធី​ស កំពុងស្ថិត​ក្នុង​ដំណើរ​ទស្សនកិច្ច​មកកាន់​តំបន់​អាស៊ី​ជាថ្មីទៀត​ដែរ ដោយ​លោក​នឹង​ចូល​សំចត​នៅ​ចិន មុន​បន្តដំណើរ​ទៅកាន់​កូរ៉េខាងត្បូង និង​ជប៉ុន​ទៀត​។ គោលដៅ​សំខាន់​របស់លោក គឺ​ពិភាក្សា​ពី​បញ្ហា​កូរ៉េខាងជើង ហើយ​លោក​នឹង​និយាយ​ជាមួយ​សម​ភាគី​កូរ៉េខាងត្បូង និង​ជប៉ុន​ដូចគ្នា​ពី​ការផ្អាក​សមយុទ្ធ​យោធា​៕ 


Tag:
 ​អាមេរិក​
  ដូ​ណា​ល់ ត្រាំ​
  នុយក្លេអ៊ែរ​
  កូរ៉េខាងជើង
© រក្សាសិទ្ធិដោយ thmeythmey.com