អន្តរជាតិ
អូស្ត្រាលី​ទិញ​យន្តហោះ​ដ្រូ​ន​ទំនើបៗ​ពី​អាមេរិក ដើម្បី​ពង្រឹងសមត្ថភាព​ឈ្លបយកការណ៍​នៅ​សមុទ្រ​ចិន​ខាងត្បូង
26, Jun 2018 , 8:59 pm        
រូបភាព
​រដ្ឋាភិបាល​ក្រុង​កង់​បេ​រ៉ា​ត្រៀម​ចាយលុយ​ជាង ៥ ពាន់​លាន​ដុល្លារ​ដើម្បី​អភិវឌ្ឍ និង​ទិញ​យន្តហោះ​ដ្រូ​ន​ឈ្លបយកការណ៍​របស់​អាមេរិក​ចំនួន​ប្រាំ​មួយគ្រឿង​នៅពេល​ខាងមុខនេះ​។ យន្តហោះ​ទាំងនោះ​នឹងត្រូវ​ប្រើប្រាស់​ក្នុង​ប្រតិបត្តិការ​យោធា និង​ល្បាត​នៅក្នុង​តំបន់​នានា​រួមទាំង​នៅ​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ថែម​ទៀតផង​។
 

​នាយករដ្ឋមន្ត្រី​អូស្ត្រាលី​លោក ម៉ា​ល់​ខុម ធើ​ន​ប៊ូល (Malcolm Turnbul) បានប្រកាស​នៅ​ថ្ងៃ​អង្គារ​ទី ២៦ ខែមិថុនា​នេះ​ថា អូស្ត្រាលី​នឹង​វិនិយោគ​លុយ​សរុប ៥,២​ពាន់​លាន​ដុល្លារ​ក្នុង​គោលដៅ​អភិវឌ្ឍ​បច្ចេកវិទ្យា​យោធា​ជាពិសេស​លើ​ការស្រាវជ្រាវ​និង​នាំចូល​យន្តហោះ​ដ្រូ​ន​។​

​យោងតាម​សេចក្តីថ្លែងការណ៍​របស់​នាយករដ្ឋមន្ត្រី​អូស្ត្រាលី​រួមជាមួយ​រដ្ឋមន្ត្រី​ការពារជាតិ  ថវិកា ៥,២ ពាន់​លាន​ដុល្លារ​នោះ​នឹងត្រូវ​ប្រើប្រាស់​ដើម្បី​ស្រាវជ្រាវ​អភិវឌ្ឍ ក៏ដូចជា​នាំចូល​យន្តហោះ​ដ្រូ​ន​ដែលមាន​បច្ចេកវិទ្យា​ខ្ពស់​ពី​អាមេរិក​ចំនួន​ប្រាំ​មួយគ្រឿង​ផង​។



​ក្នុង​កញ្ចប់​លុយ​ទាំង ៥,២ ពាន់​លាន​ដុល្លារ​នោះ លុយ ១​ពាន់​លាន​ដុល្លារ​នឹងត្រូវ​ប្រើប្រាស់​ដើម្បី​ទិញ​យន្តហោះ​ដ្រូ​ន​ឈ្លបយកការណ៍​ម៉ាក MQ-4C ពី​ក្រុមហ៊ុន​អាមេរិក  Northrop Grumman   ហើយ​វា​នឹងចូលរួម​ក្នុង​ប្រតិបត្តិការ​យោធា​នៅ​ពាក់កណ្តាល​ឆ្នាំ ២០២៣​ខាងមុខ​ផង​។​

​យន្តហោះ​ទាំងនោះ​នឹងត្រូវ​ប្រើប្រាស់​ក្នុង​ប្រតិបត្តិការ​យោធា​រួម​ដែល​ផ្តោត​សំខាន់​លើ​ការត្រួតពិនិត្យ និង​ល្បាត​ដែនទឹក​នានា​រួមទាំង​សមុទ្រ​ចិន​ខាងត្បូង​ដែរ​។  បច្ចុប្បន្ន អូស្ត្រាលី​ប្រើប្រាស់​យន្តហោះ P-8A Poseidon ប្រាំពីរ​គ្រឿងក្នុង​កា​រឈ្ល​ប​យកការណ៍​នៅតាម​សមុទ្រ​។​

​ពាក់ព័ន្ធ​នឹង​ការវិនិយោគ​ថវិកា​លើ​វិស័យ​យោ​នេះ លោក ធើ​ន​ប៊ូល បាន​ថ្លែង​តាម​សេចក្តីថ្លែងការណ៍​របស់​ខ្លួន​ដូច្នេះ​៖«​រួមគ្នា យន្តហោះ​ទាំងនេះ​នឹង​អាចបង្កើត​សមត្ថភាព​ក្នុង​សង្គ្រាម​ប្រឆាំង​នាវាមុជទឹក និង​ការប្រយុទ្ធ​ក្នុង​សមុទ្រ​ផងដែរ​។ ការវិនិយោគ​នេះ​នឹង​ការពារ​ព្រំដែន ងើត​ក៏​ធ្វើ​ឲ្យ​តំបន់​របស់​យើង​កាន់​តែមាន​សុវត្ថិភាព​ដែរ​»​។

-​យន្តហោះ​ដ្រូ​ន​បង្កើន​សមត្ថភាព​ល្បាត​របស់​អូស្ត្រាលី​នៅ​សមុទ្រ​ចិន​ខាងត្បូង​

​ដោយឡែក​រដ្ឋមន្ត្រី​ទទួលបន្ទុក​ឧស្សាហកម្ម​យោធា​លោក Christopher Pyne បាន​ថ្លែងប្រាប់​សារព័ត៌មាន Sky News ថា អូស្ត្រាលី​មាន​តួនាទី​សំខាន់​ក្នុងការ​ថែរក្សា​ដែនសមុទ្រ ហើយ​ការ​នាំចូល​យន្តហោះ​ដ្រូ​ន​ពី​អាមេរិក​នេះ​ពិតជា​ជួយ​បង្កើន​សមត្ថភាព​កងទ័ព​អូស្ត្រាលី​បាន​ខ្លាំងក្លា​ជាពិសេស​ការប្រមូល​ព័ត៌មាន​និង​ឈ្លបយកការណ៍​។
​លោក Christopher Pyne បន្តថា យន្តហោះ​នេះ​នឹង​អនុញ្ញាត​ឲ្យ​អូស្ត្រាលី​ត្រួតពិនិត្យ​និង​កំណត់​បាន​ថា​អ្នកណា​កំពុង​ស្ថិតក្នុង​ដែនទឹក​ខ្លួន នាវាចម្បាំង​ប្រទេស​ណាមួយ ឬ​មាន​សកម្មភាព​នេសាទ​ឬ​ជួញដូរ​មនុស្ស​កើត​ឡើយ​ឬ​អត់​នោះ​។ 

«​អូស្ត្រាលី ទទួលខុសត្រូវ​ថែទាំ​លើ​ដែនទឹក​ប្រហែល ១០​ភាគរយ​លើ​ពិភពលោក​ដោយ​ដែនទឹក​ទាំងនោះ​មាននៅ​ក្នុង​សមុទ្រ​ឥណ្ឌា មហាសមុទ្រ​ប៉ាស៊ីហ្វិក ចុះទៅ​អង់តាកទិក ហើយ​រហូតដល់​សមុទ្រ​ចិន​ខាងត្បូង​ផង​»​។ រដ្ឋមន្ត្រី​អូស្ត្រាលី​ខាងលើ​និយាយ​បែបនេះ ហើយ​បន្ថែមថា អូស្ត្រាលី​នឹង​នៅ​បន្ត​អនុវត្ត​សិទ្ធិសេរីភាព​ក្នុង​ការធ្វើ​នាវាចរណ៍ និង​ការហោះហើរ​នៅ​សមុទ្រ​ចិន​ខាងត្បូង និង​ដែនសមុទ្រ​អន្តរជាតិ​ដូចដែល​ខ្លួន​ធ្លាប់ធ្វើ​កន្លងមក​ផងដែរ​។

​តាមពិតទៅ សម្ព័ន្ធមិត្ត​អាមេរិក អូស្ត្រាលី​នេះ​បន្ត​ការអភិវឌ្ឍ​កងទ័ពជើងទឹក​របស់​ខ្លួន​ច្រើន​ឆ្នាំ​មកហើយ​តាមរយៈ​ការសាងសង់​នាវាចម្បាំង នាវាមុជទឹក ក៏ដូចជា​នាវា​ល្បាត​ផងដែរ​។ ការអភិវឌ្ឍ​សមត្ថភាព​យោ ធា​ជា​បន្តបន្ទាប់​នេះ​ត្រូវបាន​គេ​ចាត់ទុកថា ជា​យុទ្ធសាស្ត្រ​ទប់ទល់​មហាអំណាច​ចិន​ដែល​កំពុង​រះ​ត្រដែត​ឡើង​ទាំង​សេដ្ឋកិច្ច នយោបាយ ការទូត និង​យោធា​ឥតឈប់ឈរ​នោះ​។

​យ៉ាងណាក៏ដោយ គេ​មិនទាន់​ឃើញ​មានប្រតិកម្ម​បែបណា​ពី​ខាង​ភាគី​ចិន​ឡើយ​ជុំវិញ​ការបន្ត​ពង្រឹងសមត្ថភាព​យោធា​របស់​អូស្ត្រាលី និង​ឈានទៅ​បង្កើន​ល្បាត​អាកាស​ឬ​ជើង​ទឹក​របស់​អូស្ត្រាលី​នៅក្នុង​សមុទ្រ​។ អូស្ត្រាលី​មិនមែនជា​ភាគី​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ទេ ប៉ុន្តែ​ដូចជា​អាមេរិក និង​ឥណ្ឌា​ដែល មហាអំណាច​គីឡូ​កណ្តាល​នេះ​បន្ត​អះអាងថា​ខ្លួន​មាន​សិទ្ធិ​និង​បន្ត​ធានា​សេរីភាព​នាវាចរណ៍​និង​ការហោះហើរ​នៅ​សមុទ្រ​ចិន​ខាងត្បូង​រហូតមក​។ កន្លងមក កងទ័ពជើងទឹក​អូស្ត្រាលី​បាន​ចូលរួម​ជាមួយ​បណ្តា​ប្រទេស​ឯទៀត​រួមជាមួយ​អាមេរិក​ផង​ក្នុង​ការធ្វើ​សមយុទ្ធ​រួមគ្នា​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​ដែរ​៕



Tag:
 អូស្ត្រាលី​
  សមុទ្រ​ចិន​ខាងត្បូង​
  ម៉ា​ល់​ខុម ធើ​ន​ប៊ូល​
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com