អន្តរជាតិ
សិង្ហ​បុរី​ទាមទារ​ឲ្យ ម៉ាឡេស៊ី​គោរព​កិច្ចព្រមព្រៀង​លក់​ទឹក​ឆ្នាំ ១៩៦២ ក្រោយ មហា​ធៀ ចង់​ចរចា​ដំឡើងថ្លៃ​
27, Jun 2018 , 7:59 am        
រូបភាព
​ក្រសួងការបរទេស​សិ​ង្ហ​បុរី​បានបញ្ជាក់​នៅ​ថ្ងៃ​ចន្ទ​ទី ២៥ មិថុនា​ថា ទាំង​សិង្ហ​បុរី និង​ម៉ាឡេស៊ី​ត្រូវអនុវត្ត​កិច្ចព្រមព្រៀង​លក់​ទឹកសាប​ឆ្នាំ ១៩៦២ ឲ្យ​បាន​ខ្ជាប់ខ្ជួន​។ ការប្រកាស​របស់​សិង្ហ​បុរី​កើតឡើង ក្រោយ​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី មហា​ធៀ មហាម៉ាត់ បង្ហើប​ថា លោក​ចង់​លើកយក​កិច្ចព្រមព្រៀង​នេះ​មក​ចរចា​ឡើងវិញ​ដោយសារ​តម្លៃ​ទឹក​ទាប​ពេក​។


​ក្រោយ​លោក មហា​ធៀ មហាម៉ាត់ ឡើងកាន់តំណែង​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​ជាថ្មី ទំនាក់ទំនង​រវាង​ម៉ាឡេស៊ី និង​មិត្ត​ជិតខាង​ខ្លួន​សិង្ហ​បុរី​រង​ផលប៉ះពាល់​គួរសម​ដែរ ហើយ​បញ្ហា​ជាច្រើន​ក្នុង​ទំនាក់ទំនង​ផុស​ឡើង​។

​កន្លងមកនេះ នាយករដ្ឋមន្ត្រី​វ័យ ៩២ ឆ្នាំនេះ​បានទាមទារ​លុបចោល​កិច្ចព្រមព្រៀង​សង់​ផ្លូវ​រថភ្លើង​លឿន​ជាមួយ​សិង្ហ​បុរី​។ ដល់​ចុង​សប្តាហ៍​នេះ មេដឹកនាំ​ម៉ាឡេស៊ី​រូបនេះ​បាន​យក​បញ្ហា​ទឹក​ដែលជា​ផ្នែក​មួយ​នៃ​អាយុជីវិត​របស់​សិង្ហ​បុរី​មក​ដា​ក់លើ​តុ​ម្តងទៀត ព្រោះ​ទឹក​ស្ទើរ​ពាក់កណ្តាល​ដែល​ប្រជាជន​សិង្ហ​បុរី​ប្រើប្រាស់ គឺ​ពឹង​ផ្អែកលើ​ការនាំ​ចូល​ពីរ​ដ្ឋ Johor របស់​ម៉ាឡេស៊ី​។ ពេលនេះ លោក មហា​ធៀ បង្ហាញ​ចេតនា​ចរចា​ឡើងវិញ​លើ​កិច្ចព្រមព្រៀង​ទិញ​លក់​ទឹក​ដែល​ចុះ​ជាមួយ​សិង្ហ​បុរី​ឆ្នាំ ១៩៦២​។

​ក្នុង​បទសម្ភាសន៍​មួយ​ទូរទស្សន៍​សិង្ហ​បុរី Channel News Asia លោក មហា​ធៀ បាន​លើកឡើងថា តម្លៃ​ទឹក​ដែល​ម៉ាឡេស៊ី​លក់​ទៅ​ឲ្យ​សិង្ហ​បុរី​នោះ​ជា​រឿង​គួរ​ឲ្យ​អស់សំណើច ហើយ​រដ្ឋាភិបាល​លោក​នឹងសិក្សា​ដើម្បី​ឈានទៅ​ចរចា​ឡើងវិញ​ជាមួយ​សិង្ហ​បុរី​ថែមទៀត​។​

​ឆ្លើយតប​នឹង​ការលើកឡើង​នេះ ក្រសួងការបរទេស​សិ​ង្ហ​បុរី​បាន​ចេញមុខ​ទាមទារ​ឲ្យ​មានការ​គោរព​កិច្ចព្រមព្រៀង​ដែលមាន​តាំងពី​ឆ្នាំ ១៩៦២​នេះ​ឲ្យ​បាន​ខ្ជាប់​ខ្លួន​ព្រោះ​វា​ជា​កិច្ចព្រមព្រៀង​ស្នូល​ដែល​កំណត់​ក្នុង​កិច្ចព្រមព្រៀង​លែងលះគ្នា​រវាង​ម៉ាឡេស៊ី និង​សិង្ហ​បុរី​ក្នុង​ឆ្នាំ ១៩៦៥​ផង​។​

​អ្នកនាំពាក្យ​ក្រសួងការបរទេស​សិង្ហ​បុរី​បាន​ថ្លែង​ដូច្នេះ​៖ «​កិច្ចព្រមព្រៀង​ឆ្នាំ ១៩៦២ គឺជា​កិច្ចព្រមព្រៀង​មូលដ្ឋាន​ដែល​ត្រូវបាន​ធានា​ដោយ​រដ្ឋាភិបាល​ទាំងសងខាង​ក្នុង​កិច្ចព្រមព្រៀង​បែងចែក​គ្នា​រវាង​សិង្ហ​បុរី និង​ម៉ាឡេស៊ី​ឆ្នាំ ១៩៦៥ ដែល​វា​ក៏​ត្រូវបាន​ចុះបញ្ជី​ត្រឹមត្រូវ​នៅ​អង្គការសហប្រជាជាតិ​ដែរ​។ ដូច្នេះ​ភាគី​ទាំងពីរ​ត្រូវតែ​អនុវត្តតាម​រាល់​បញ្ញត្តិ​ដែល​មានចែង​ក្នុង​កិច្ចព្រមព្រៀង​ទាំងអស់នេះ​»​។​

​តាមពិតទៅ​កិច្ចព្រមព្រៀង​ទិញ​លក់​ទឹក​នេះ​ត្រូវបាន​បង្កើតឡើង​ឆ្នាំ ១៩៦២ ដែល​វា​ផ្តល់​សិទ្ធិ​ពេញលេញ​ដល់​សិង្ហ​បុរី​ក្នុង​ការទាញយក​ទឹក​ពី​ទន្លេ Johor រៀងរាល់ថ្ងៃ​ក្នុង​បរិមាណ ៩៤៧ លាន​លីត្រ​។ ចំណែក​រដ្ឋ Johor មាន​កាតព្វកិច្ច​ទិញ​ទឹក​ដែល​ច្នៃ​ហើយពី​សិង្ហ​បុរី​វិញ​ក្នុង​ទំហំ ២​ភាគរយ​នៃ​ទឹក​សិង្ហ​បុរី​បូម​បាន​សរុប ឬក៏​ស្មើ ១៨ លាន​លីត្រ​ដូចគ្នា​។​កិច្ចព្រមព្រៀង​នេះ​នឹង​ផុតកំណត់​នៅក្នុង​ឆ្នាំ ២០៦១​ខាងមុខ​នេះដែរ​។​

​កន្លងមក​នាយករដ្ឋមន្ត្រី​សិង្ហ​បុរី និង​អតីត​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី ណា​ជីប រ៉ា​ហ្សា​ក់ បាន​ប្តេជ្ញា​សហការគ្នា​ដើម្បី​ធានាថា ការផ្គត់ផ្គង់​ទឹក​នេះ​នឹង​អាចធ្វើ​ទៅបាន​គ្រប់គ្រាន់ និង​អាច​ទុកចិត្តបាន​អនុលោម​តាម​កិច្ចព្រមព្រៀងទ្វេភាគី​ឆ្នាំ ១៩៦២​នេះដែរ​។​

​យ៉ាងណា​ក៏ដោយ ​ការប្រឈមមុខគ្នា​ដោយសារ​ទឹក​មិនមែនជា​លើកទីមួយ​ឡើយ​សម្រាប់​សិង្ហ​បុរី និង​ម៉ាឡេស៊ី ព្រោះ​រដ្ឋាភិបាល​ម៉ាឡេស៊ី​បន្ត​ប្រើប្រាស់​កិច្ចព្រមព្រៀង​នេះ​ជា​ឧបករណ៍​នយោបាយ​ដាក់​សម្ពាធ​លើ​សិង្ហ​បុរី​។ គេ​អាច​នៅចាំ​បាន​ជម្លោះ​កាលពី​ឆ្នាំ ១៩៩៨  ព្រោះ​ធ្ងន់ធ្ងរ​ជាង​ពេលបច្ចុប្បន្ន​ឆ្ងាយ​ណាស់​។

​កាលនោះ ម៉ាឡេស៊ី​បាន​គំរាម​ផ្តាច់ការ​ផ្គង់​ផ្គង់​ទឹក​ឲ្យ​សិង្ហ​បុរី ដោយសារ​មាន​ជម្លោះ​ការទូត ក្រោយ​ពេលដែល​ភាគី​ទាំងពីរ​មិន​ឯកភាពគ្នា​លើ​ការ​ផ្តូ​រ​ទីតាំង​ខ្សែ​រថភ្លើង​នៅ​តំបន់​ត្រួតពិនិត្យ​តាម​ព្រំដែន​។ ភាគី​សិង្ហ​បុរី​ដែល​កាលនោះ​ស្ថិតក្រោម​ការដឹកនាំ​រប​ស់លោក លី ក្វាន់​យូ បាន​រក្សា​ជំហរ​រឹងត្អឹង ហើយ​អ្វីដែល​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នោះ លោក​ថែមទាំង​ព្រមាន​ថា  លោក​ត្រៀម​បញ្ជូន​ទ័ព​ចូល​ម៉ាឡេស៊ី​ផង បើសិនជា​ម៉ាឡេស៊ី​ព្យាយាម​ផ្តាច់​ទឹក​ដែល​ផ្តល់​ឲ្យ​សិង្ហ​បុរី​មែន​នោះ​៕


Tag:
 សិង្ហ​បុរី​
  ម៉ាឡេស៊ី​
  មហា​ធៀ មហាម៉ាត់​
  Johor
© រក្សាសិទ្ធិដោយ thmeythmey.com