អន្តរជាតិ
ប្លែកៗ! ប្រធានាធិបតីប្រទេសអវកាស Asgardia កាន់តំណែងជាផ្លូវការ 26, Jun 2018 , 7:40 pm
× ប្រទេសអវកាស Asgardia បានរៀបចំពិធីឡើងកាន់តំណែងប្រធានាធិបតីដំបូងរបស់ខ្លួនកាលពីថ្ងៃទី២៥ ខែមិថុនា នៅក្នុងពិធីផ្លូវការមួយនៅក្រុងវីយ៉ែន ប្រទេសអូទ្រីស ដែលមានអ្នកចូលរួមប្រមាណ២០០នាក់។ បុរសដែលត្រូវដឹកនាំរដ្ឋអវកាសនេះ គឺលោក Igor Ashurbeyli ដែលជាស្ថាបនិកផ្ទាល់តែម្តង។
The Space Kingdom of Asgardia ជាប្រទេសអវកាស ដែលសម្រេចបង្កើតដោយខ្លួនឯងពីសំណាក់ក្រុមអ្នកអវកាស វិស្វករ និងអ្នកជំនាញច្បាប់ តាំងពីឆ្នាំ២០១៦មក។ Asgardia យកតាមឈ្មោះផ្កាយរណប Asgardia-1 ដែលត្រូវបានបង្ហោះទៅទីអវកាសកាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៧ ។
លោក Ignor Ashurbeyli បច្ចុប្បន្នអាយុ៥៤ឆ្នាំ ជាវិស្វកររុស្ស៊ីម្នាក់ដែលជាស្ថាបនិកមជ្ឈមណ្ឌលស្រាវជ្រាវអវកាសអន្តរជាតិ (AIRC) ដោយកាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៦ លោកបានប្រកាសពីគម្រោងបង្កើត The Space Kindgom of Asgardia នេះ ដោយមានទីស្នាក់ការដ្ឋបាលនៅក្រុងវីយ៉ែន ប្រទេសអូទ្រីស។
ចំពោះការបង្កើតប្រទេសអវកាសនេះ លោក Ashurbeyli ដែលជាអ្នកជំនួញម្នាក់ផងដែរនោះ ចង់ឲ្យមនុស្សគ្រប់រូបអាចទៅរស់លើអវកាសនាពេលអនាគត។ បើតាមការផ្សាយរបស់ Ouest France មនុស្សជាង២០ម៉ឺននាក់ហើយដែលប្រកាសថា ពួកគេនឹងទៅរស់ដើម្បីក្លាយជាពលរដ្ឋនៅទីនោះ។
ក្រៅពីតំណែងប្រធានាធិបតី ប្រទេសអវកាស Asgardia ក៏មានថ្នាក់ដឹកនាំសភា រដ្ឋបាល និងធនាគារកណ្តាលផងដែរ។ អតីតតំណាងរាស្ត្រអង់គ្លេស លោក Lembit Opik គឺជាប្រធានសភានៃប្រទេសមិនផ្លូវការមួយនេះ។
ប្រទេសដ៏ចម្លែកមួយនេះ ស្វាគមន៍មនុស្សនានាដើម្បីចូលរួមធ្វើជាពលរដ្ឋរបស់ខ្លួនផងដែរ ៕
© រក្សាសិទ្ធិដោយ thmeythmey.com