អន្តរជាតិ
រដ្ឋាភិបាល​ឥណ្ឌូណេស៊ី​បកស្រាយ ក្រោយ​មានប្រតិកម្ម​រឿង​ច្បាប់​ថ្មី​តម្រូវ​ឲ្យ​ពលករ​បរទេស​រៀន​ភា​សា​ឥណ្ឌូណេស៊ី​
27, Jun 2018 , 2:18 pm        
រូបភាព
​រដ្ឋាភិបាល​ឥណ្ឌូណេស៊ី​បានចេញ​បកស្រាយ ជុំវិញ​ការចុះផ្សាយ​របស់​កាសែត​អាមេរិក New York Times ពីបទ​បញ្ញត្តិ​ថ្មី​របស់​ប្រធានាធិបតី​ឥណ្ឌូណេស៊ី ដែល​តម្រូវ​ឲ្យ​ជនបរទេស រៀន​ភាសា​ឥណ្ឌូណេស៊ី​។ រដ្ឋាភិបាល​នេះ​ទទួលស្គាល់ថា មាន​លក្ខខណ្ឌ​តម្រូវ​ដូច្នេះ​មែន ប៉ុន្តែ​វា​មិនមែន​មានន័យថា រាល់​ជនបរទេស​ធ្វើការ​ងារ​នៅ​ឥណ្ឌូណេស៊ី ត្រូវតែ​រៀន​ឡើយ​។

 
​ក្រឹត្យ​ប្រធានាធិបតី ចូ​កូ វី​ដូ​ដូ ដែល​ដាក់ចេញ​កាលពី​ខែមីនា​កន្លងទៅ កំពុង​ធ្វើ​ឲ្យ​អ្នកវិនិយោគ​បរទេស​នៅ​រដ្ឋ​អាស៊ីអាគ្នេយ៍​មួយ​នេះ​ព្រួយបារម្ភ​។ សមាជិកសភា​ពាណិជ្ជកម្ម​អាមេរិក ដែល​តំណាង​ឲ្យ​ក្រុមហ៊ុន​អាមេរិក​ប្រហែល ៣០០ នៅ​ឥណ្ឌូណេស៊ី អះអាង​ថែម​ទៀតថា បទបញ្ញត្តិ​នេះ​មិន​មែនមាន​គោលដៅ​សម្រួល​ដល់​វិនិយោគិន​បរទេស ឬ​ធ្វើ​ឲ្យ​បរិយាកាស​ធុរកិច្ច​ឡើយ តែ​វា​ជា​សារ​អវិជ្ជមាន​មួយ​ទៅវិញ​ទេ​។​

​បើតាម​ការចុះផ្សាយ​រប​ស់កា​សែត​អាមេរិក New York Times ក្រឹត្យ​លោក វី​ដូ​ដូ ដែល​ចូល​ជាធរ​មាននៅ​ថ្ងៃ ២៦ ខែមិថុនា​នេះ ពិតជា​ជួយ​សម្រួល​ដល់​ការផ្តល់​លិខិតអនុញ្ញាត​ឲ្យ​ជនបរទេស ដែល​ចង់​មក​ធ្វើ​ការងារ​នៅក្នុង​ទឹកដី​ឥណ្ឌូណេស៊ី​មែន​។ ប៉ុន្តែ​វា​មាន​បង្កប់​បទបញ្ញត្តិ ចែង​ពី​លក្ខខណ្ឌ​តម្រូវ​ចំណេះដឹង​ភាសា​ឥណ្ឌូណេស៊ី សម្រាប់​ពួកគេ​ដែរ​។​
​ដោយសារ​មានប្រតិកម្ម​ខ្លាំង​បែបនេះ តំណាង​ក្រសួង​ធនធានមនុស្ស​ឥណ្ឌូណេស៊ី បាន​បកស្រាយ​ពី​ការដាក់ចេញ​ក្រឹត្យ​ប្រធានាធិបតី​ផងដែរ​។

​លោក Sahat Sinurat អ្នកនាំពាក្យ​ក្រសួង​បានបញ្ជាក់​ប្រាប់​សារព័ត៌មាន​សិង្ហ​បុរី Straits Times ថា បទបញ្ញត្តិ​ថ្មី​នេះ តម្រូវ​ឲ្យ​មានការ​សិក្សា​ភាសា​ឥណ្ឌូណេស៊ី​មែន ប៉ុន្តែ​វា​មាន​លក្ខខណ្ឌ​ជាក់លាក់ ដែល​គេ​ត្រូវ​ស្វែងយល់​។ លោក សុំ​ចិត្ត​ឲ្យ​ម្ចាស់​ក្រុមហ៊ុន ឬ​និ​យោ​គិត​បរទេស​ឈប់​ត្អូញត្អែរ ព្រោះ​ក្រឹត្យ​ថ្មី​នេះ​ជួយ​ព​ន្លឿ​ន​ពេលវេលា​ផ្តល់​លិខិតអនុញ្ញាត​ឲ្យ​ធ្វើ​ការងារ ពី​ច្រើន​ខែ មក​ត្រឹម​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​។

​លោក​ពន្យល់ថា ជនបរទេស​ដែល​ធ្វើ​ការងារ​ត្រូវ​ចេះ​ភាសា​ឥណ្ឌូណេស៊ី ប៉ុន្តែ​អ្នក​មិនចាំបាច់​រៀន​នោះ​មាន​ជនបរទេស ដែល​មក​ធ្វើ​ការងារ​ក្នុង​លក្ខខណ្ឌ​ពិសេស ឬ​ដែល​ត្រូវបាន​គេ​ជួល​មក​ក្នុងស្ថានភាព​បន្ទាន់ ឬ​ធ្វើ​ការងារ​បណ្តោះអាសន្ន​ជាដើម​។ ក្រៅពីនេះ សមាជិក​គណៈនាយក​, សមាជិក​ក្រុមប្រឹក្សាភិបាល រួមទាំង​ស្ថាបនិក ឬ​ប្រធាន​ក្រុមហ៊ុន​នោះ ក៏​មិន​ស្ថិតក្រោម​លក្ខខណ្ឌ​តម្រូវ ឲ្យ​សិក្សា​ភាសា​ឥណ្ឌូណេស៊ី​នេះដែរ​។​

​ជនបរទេស​ដែល​ចង់​ធ្វើ​ការងារ​នៅ​ឥណ្ឌូណេស៊ី​លើសពី​ប្រាំ​មួយខែ ត្រូវ​ចាំបាច់​រៀន​ភាសា​។ ប៉ុន្តែ​ត្រូវ​រៀន​មួយថ្ងៃ​ប៉ុន្មាន​ម៉ោង ឬមួយ​សប្តាហ៍​ប៉ុន្មាន​ម៉ោង​នោះ មិនទាន់​ត្រូវបាន​កំណត់​ច្បាស់លាស់​ឡើយ​។ ចំណែក​ទណ្ឌកម្ម ឬ​ពិន័យ​សម្រាប់​ក្រុមហ៊ុន និង​កម្មករ ដែល​មិន​អនុវត្តតាម​បទបញ្ញត្តិ​នេះ កំពុង​ត្រូវបាន​អាជ្ញាធរ​ពាក់ព័ន្ធ​រៀបចំ​នៅឡើយ​។​

​យ៉ាងណាក៏ដោយ រដ្ឋាភិបាល​ក្រុង​ហ្សា​ការ​តា មិនបាន​បកស្រាយ​ឲ្យ​បាន​ល្អិតល្អន់​ឡើយ ពាក់ព័ន្ធ​ការសម្រេច កំណត់​លក្ខខណ្ឌ​ភាសា​នេះ សម្រាប់​ពលករ​បរទេស​នោះ ទោះបី​មន្ត្រី​រដ្ឋាភិបាល​ខ្លះ​បកស្រាយ​ថា វា​ជាការ​សម្រួល​ដល់​ការទំនាក់ទំនង រវាង​ប្រជាជន​បរទេស និង​ប្រជាជន​ឥណ្ឌូណេស៊ី​ប៉ុណ្ណោះ​។

​ប៉ុន្តែ​អ្នកតាមដាន​ស្ថានការណ៍​នយោបាយ បាន​វាយតម្លៃថា វា​អាចទាក់ទង​នឹង​ការបោះឆ្នោត នៅ​ឆ្នាំ ២០១៩​។ លោក ចូ​កូ នឹង​ប្រកួតប្រជែង​តំណែង​ប្រធានាធិបតី​ជាថ្មីទៀត ហើយ​ការកែទម្រង់​បទបញ្ញត្តិ​គ្រប់គ្រង​ធុរកិច្ច និង​បើកចំហ​សេដ្ឋកិច្ច​សម្រាប់​កា​រវិន​យោគ ជា​រឿង​ក្តៅ​ផងដែរ នៅ​ឥណ្ឌូណេស៊ី​។ បញ្ហា​ចម្រូងចម្រាស​មួយទៀត គឺ​កំណើន​ជនជាតិ​ចិន ដែល​ចូលមក​ឥណ្ឌូណេស៊ី ក្នុងឋានៈ​ជា​អ្នកទេសចរ តែ​បែរជា​លួច​ធ្វើ​ការងារ​ក្នុង​គម្រោង​អភិវឌ្ឍ ឬ​សំណង់​របស់​ចិន ដោយ​ខុសច្បាប់​ទៅវិញ​។

​បច្ចុប្បន្ន មាន​ជនបរទេស​ទាំង​អាស៊ី និង​លោកខាងលិច ប្រហែលជា ១២៦០០០​នាក់ កំពុងធ្វើការ​ងារ​នៅក្នុង​ទឹកដី​ឥណ្ឌូណេស៊ី​។ ប៉ុន្តែ​ចំនួន​នេះ​នៅតែ​ទាប បើ​ប្រៀបធៀប​នឹង​ប្រទេសជិតខាង ដូចជា​ម៉ាឡេស៊ី និង​សិង្ហ​បុរី​។

​បក្សប្រឆាំង និង​អ្នក​រិះគន់ នាំគ្នា​ចោទថា បរិយាកាស​វិនិយោគ និង​សេដ្ឋកិច្ច​ឥណ្ឌូណេស៊ី នៅ​ត្បិតត្បៀត​ខ្លាំង ដែល​ពិបាក​ប្រកួតប្រជែង ហើយ​រដ្ឋាភិបាល ក៏​មិនមាន​លទ្ធភាព​ដោះស្រាយ​បញ្ហា​ពលករ​ខុសច្បាប់​ជាពិសេស​ចិន​នៅក្នុង​ប្រទេស​ទៀត​។ ពួកគេ​ក៏​ទិតៀន​ចំណាត់ការ​ថ្មី ដែល​ត្រូវ​ឲ្យ​មាន​ការរៀន​ភាសាជាតិ​ឥណ្ឌូណេស៊ី​ដែរ ព្រោះ​វា​នឹងធ្វើ​ឲ្យ​អ្នកវិនិយោគ ស្ទាក់ស្ទើរ​ចូលមក​ឥណ្ឌូណេស៊ី និង​ធ្វើ​ឲ្យ​មាន​អំពើពុករលួយ​កើតឡើង​ខ្លាំង ជុំវិញ​ការចេញ​វិញ្ញាបនបត្រ​ភាសា​ក្លែងក្លាយ ដល់​ជនបរទេស​ជាដើម​៕


Tag:
 ឥណ្ឌូណេស៊ី​
  ចូ​កូ វី​ដូ​ដូ​
  វិនិយោគិន​បរទេស
© រក្សាសិទ្ធិដោយ thmeythmey.com