អន្តរជាតិ
អង្គការ​លើកលែងទោស​អន្តរជាតិ ទារ​ឲ្យ​មានការ​កាត់ទោស​អគ្គមេបញ្ជាកា​រ​ទ័ព​មី​យ៉ាន់​ម៉ា បទឧក្រិដ្ឋ​ប្រឆាំង​មនុស្សជាតិ​
27, Jun 2018 , 9:39 pm        
រូបភាព
ដោយ: ថ្មីៗ
​អង្គការ​លើកលែងទោស​អន្តរជាតិ (Amnesty International) បាន​ចេញមុខ​ចោទប្រកាន់​ថា ប្រមុខ​យោធា និង​មន្ត្រីជាន់ខ្ពស់​មី​យ៉ាន់​ម៉ា​ជាច្រើនរូប​ទៀតថា​ជាប់​ពាក់ព័ន្ធ​នឹង​បទឧក្រិដ្ឋ​ប្រឆាំង​មនុស្សជាតិ និង​ទាមទារ​ឲ្យ​មានការ​កាត់ទោស​នៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ផង​។ នេះ​ក៏​ដោយសារ​មន្ត្រី​ទាំងនេះ​ទទួលខុសត្រូវ​លើ​ការវាយប្រហារ​ជា​ប្រព័ន្ធ​ប្រឆាំង​ជនជាតិភាគតិច​ម៉ូ​ស្លី​ម​រ៉ូ​ហ៊ីង​យ៉ាក​ន្ល​ង​មក​។


​បញ្ហា​ចម្រូងចម្រាស​ពាក់ព័ន្ធ​នឹង​វិបត្តិ​ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា​នៅ​មី​យ៉ាន់​ម៉ា​កំពុងតែ​កើន​កម្តៅ​ទៀត​នៅពេលនេះ ក្រោយ​អង្គការ​លើកលែងទោស​អន្តរជាតិ​បញ្ចេញ​របាយការណ៍​មួយ​ចោទប្រកាន់ថា មន្ត្រី​យោធា​ជាន់ខ្ពស់​មី​យ៉ាន់​ម៉ា​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ប្រឆាំង​មនុស្សជាតិ​។

​តាមរយៈ​របាយការណ៍​ថ្មី​កម្រាស់​១៨៦​ទំព័រ  ដែល​ចេញផ្សាយ​នៅ​ថ្ងៃ ២៧ ខែមិថុនា​នេះ អង្គការ​លើកលែងទោស​អន្តរជាតិ​បាន​អះអាងថា ខ្លួន​បាន​ប្រមូលផ្តុំ​ភស្តុតាង​ត្រឹមត្រូវ និង​គួរ​ឲ្យ​ទុកចិត្តបាន ដែល​បង្ហាញថា អគ្គមេបញ្ជាការ​កងទ័ព​មី​យ៉ាន់​ម៉ា​លោក Min Aung Hlaing និង​មន្ត្រី​ចំនួន ១២ នាក់​ផ្សេងទៀត​ជាប់​ពាក់ព័ន្ធ​នឹង​បទឧក្រិដ្ឋ​ប្រឆាំង​មនុស្សជាតិ​។ បទឧក្រិដ្ឋ​នេះ​ត្រូវបាន​ប្រព្រឹត្ត​ក្នុង​យុទ្ធនាការ​បោសសម្អាត​ជនជាតិភាគតិច​រ៉ូ​ហ៊ីង​យ៉ា​នៅ​រដ្ឋ Rakhine នៅ​ភាគី​ខាងជើង​កន្លងមក​។

«​ការផ្ទុះ​ឡើង​នៃ​ហិង្សា​រួមមាន​ការធ្វើឃាត រំលោភ ទារុណកម្ម ដុត​សម្លាប់ និង​បង្អត់អាហារ​ដែល​រៀបចំឡើង​ដោយ​កងកម្លាំង​សន្តិសុខ​មី​យ៉ាន់​ម៉ា​នៅក្នុង​ភូមិ​នានា​ក្នុង​រដ្ឋ Rakhine មិនមែន​ត្រឹម​ជា​សកម្មភាព​ព្រៃផ្សៃ​របស់​ទាហាន​ឬ​អង្គភាព​ទេ​។ វា​ជា​ភស្តុតាង​ធំ​ដូច​ភ្នំ​ដែល​បញ្ជាក់ថា សកម្មភាព​នេះ​ជា​ផ្នែក​មួយ​នៃ​ការ​រៀបចំឡើង​ដោយមាន​រចនាសម្ព័ន្ធ​ត្រឹមត្រូវ ដោយ​វា​ជាការ​វាយប្រហារ​ជា​ប្រព័ន្ធ​ប្រឆាំង​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​»​។ នេះ​ជាការ​អះអាង​របស់​ទីប្រឹក្សា​ជាន់ខ្ពស់​របស់​អង្គការ​លើកលែងទោស​អន្តរជាតិ Matthew Wells  ។​

​ក្រៅពី​ចោទប្រកាន់​មន្ត្រី​យោធា​មី​យ៉ាន់​ម៉ា ស្ថាប័ន​សិទ្ធិមនុស្ស​អន្តរជាតិ​នេះ​ក៏បាន​ទាមទារ​ឲ្យ​មានការ​បញ្ជូន​សំណុំរឿង​បទឧក្រិដ្ឋ​ប្រឆាំង​មនុស្សជាតិ​នៅ Rakhine នេះ​ទៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ថែមទៀត​ផង​ដើម្បី​មានការ​ស៊ើបអង្កេត និង​កាត់ទោស​អ្នកប្រព្រឹត្ត​បទល្មើស​។ យ៉ាងណាក៏ដោយ មី​យ៉ាន់​ម៉ា​ក៏​ធ្លាប់​ច្រានចោល​ការអំពាវនាវ​ឲ្យ​ស្ថាប័ន​យុត្តាធិការ​អន្តរជាតិ​នេះ​ស៊ើបអង្កេត​បទឧក្រិដ្ឋ​ក្នុងប្រទេស​ខ្លួន​ដែរ ដោយសារ​លើ​ហេតុផល​ថា ខ្លួន​មិនមែនជា​ភាគី​នៃ​លក្ខន្តិកៈ​ទីក្រុង​រ៉ូម​ស្តីពី​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ឡើយ​។

​អ្នក​ប្រឹក្សា​អង្គការ​លើកលែងទោស​ខាងលើ​បាន​បន្ថែម​ដូច្នេះ​៖« អ្នក​ទាំងឡាយណា​ដែលមាន​បាតដៃ​ប្រឡាក់​ឈាន​មាន​ទាំង​អគ្គមេបញ្ជាការ​កងទ័ព Min Aung Hlaing ហើយ​ជននេះ​ត្រូវតែ​ទទួលខុសត្រូវ​ចំពោះ​រាល់​តួនាទី​របស់ខ្លួន​ក្នុងការ​បញ្ជា និង​ប្រ​ពឹ​ត្ត​បទឧក្រិដ្ឋ​ប្រឆាំង​មនុស្សជាតិ និង​រាល់​ការបំពាន​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​ផ្សេងទៀត​ដែល​ស្ថិតនៅក្រោម​ច្បាប់​អន្តរជាតិ​ដែរ​»​។​

​តាមពិតទៅ ការបញ្ចេញ​របាយការណ៍​នេះ​នេះ​ធ្វើឡើង​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​ក្រោយ​សហភាព​អឺរ៉ុប​បញ្ចេញ​ទណ្ឌកម្ម​ប្រឆាំង​មន្ត្រី​សន្តិសុខ​មី​យ៉ាន់​ម៉ា​ប្រាំពីរ​នាក់​នោះ​ដោយ​ចោទថា អ្នក​ទាំងនេះ​រំលោភបំពាន​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​។  ប៉ុន្តែ​អគ្គមេបញ្ជាការ​កំពូល Min Aung Hlaing មិនមាន​ឈ្មោះ​ក្នុង​បញ្ជីខ្មៅ​អឺរ៉ុប​ឡើយ​។​

​សូមបញ្ជាក់ថា ប្រជាជន​រ៉ូ​ហ៊ីង​យ៉ាង យ៉ាងហោចណាស់​ប្រាំពីរ​សែន​នាក់​ត្រូវ​បង្ខំចិត្ត​រត់​ភៀសខ្លួន​ទៅកាន់​ប្រទេស​បង់​ក្លា​ដែ​ស ក្រោយ​មានការ​បង្ក្រាប​របស់​ក្រុម​យោធា​នៅលើ​ចលនា​វាយប្រហារ​មួយ​របស់​ក្រុម​ជ្រុលនិយម​នៅ​ខែសីហា​ឆ្នាំ ២០១៧ ក្នុង​រដ្ឋ Rakhine​។

​ខាង​អង្គការសហប្រជាជាតិ​បានចាត់ទុក​ចលនា​យោធា​នេះ​ជាការ​បោសសម្អាត​ពូជសាសន៍​ផងដែរ​ព្រោះ​វា​មាន​របាយការណ៍​ពី​ការ​ធ្វើទុក្ខបុកម្នេញ សម្លាប់​រង្គាល និង​រំលោភ​ផ្លូវភេទ​ប្រឆាំង​ជនជាតិភាគតិច​នេះ​ផង​។ យ៉ាងណាក៏ដោយ ខាង​យោធា​មី​យ៉ាន់​ម៉ា​ទាត់ចោល​ការចោទប្រកាន់​នេះ និង​អះអាងថា​ខ្លួន​មិនដែល​បាន​វាយប្រហារ​ឬ​ដាក់​គោលដៅ​លើ​ជនជាតិភាគតិច​រ៉ូ​ហ៊ីង​យ៉ា​នេះឡើយ​៕


Tag:
 អង្គការ​លើកលែងទោស​អន្តរជាតិ​
  មី​យ៉ាន់​ម៉ា​
  រ៉ូ​ហ៊ីង​យ៉ា
© រក្សាសិទ្ធិដោយ thmeythmey.com