អន្តរជាតិ
ស្វែងយល់​ពី​ការបោះឆ្នោត​ថ្នាក់​តំបន់​របស់​ឥណ្ឌូណេស៊ី​
27, Jun 2018 , 5:21 pm        
រូបភាព
រូបភាព៖ Christian Science Monitor
រូបភាព៖ Christian Science Monitor
​សន្តិសុខ​ត្រូវបាន​រឹតបន្តឹង​ខ្លាំងក្លា​នៅ​ថ្ងៃ ២៧ ខែមិថុនា​នេះ ខណៈដែល​ប្រជាជន​ឥណ្ឌូណេស៊ី​គ្រប់​អាយុ​បោះឆ្នោត​ប្រហែល​ជាង ១៥០ លាន​នាក់​ចេញទៅ​បោះឆ្នោត​ជ្រើសរើស​មេដឹកនាំ​ថ្នាក់​របស់ខ្លួន​។  ការបោះឆ្នោត​ផ្ទាល់​ថ្នាក់​តំបន់​ដែលជា​ការអនុវត្ត​គោលការណ៍​ប្រជាធិបតេយ្យ​កម្រិត​មូលដ្ឋាន​នេះ​នឹងមាន​ឥទ្ធិពល​ខ្លាំង​ដែរ​លើ​លទ្ធផល​នៃ​ការបោះឆ្នោត​សភា និង​ប្រធានាធិបតី​នៅ​ឆ្នាំ ២០១៩​ខាងមុខ​។


​ក្នុងការ​បោះឆ្នោត​ថ្ងៃ ២៧ ខែមិថុនា​នេះ ប្រជាជន​ឥណ្ឌូណេស៊ី ១៥២​លាន​នាក់​ត្រូវ​ចូលរួម​បោះឆ្នោត​ជ្រើសរើស​មេដឹកនាំ​នៅ​តំបន់​រដ្ឋបាល​សរុប​ទាំងអស់ ១៧១ ទូទាំងប្រទេស​។ បើតាម​គណៈកម្មការ​រៀប​ចំការ​បោះឆ្នោត លទ្ធផល​ផ្លូវការ​នឹងត្រូវ​ប្រកាស​នៅ​ថ្ងៃ ៩​ខែកក្កដា​ខាងមុខនេះ​។​

​ចំណែក​ការបោះឆ្នោត​សភា និង​ការបោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​នឹងធ្វើ​ឡើង​នៅ​ឆ្នាំក្រោយ​។ ប្រធានាធិបតី​ជិត​ផុត​អាណត្តិ​លោក ចូ​កូ វី​ដូ​ដូ នឹង​ប្រកួតប្រជែង​ជាថ្មីទៀត​ដើម្បី​ដណ្តើមយក​តំណែង​ប្រមុខរដ្ឋ​នេះដែរ​។

១.​ការបែងចែក​តំបន់​រដ្ឋបាល​នៅ​ឥណ្ឌូណេស៊ី​

​មុននឹង​ឈានទៅដល់​ការបោះឆ្នោត មិត្ត​អ្នកអាន​គួរ​យល់ដឹង​ពី​ការបែងចែក​តំបន់​រដ្ឋបាល​នៅ​ឥណ្ឌូណេស៊ី​ដែល​ត្រូវបាន​គេ​ស្គាល់​ជា​ប្រទេស​ប្រជាធិបតេយ្យ​ធំ​បំផុត​លេខ​រៀង​ទី​បី និង​ជា​ប្រទេស​ម៉ូ​ស្លី​ម​ធំជាងគេ​លើ​លោក​។ បើតាម​របាយការណ៍​ធ​នាគារ​អភិវឌ្ឍន៍អាស៊ី​(ADB)  ឥណ្ឌូណេស៊ី​ជា​រដ្ឋ​ទោល​ប្រកាន់​របប​សាធារណរដ្ឋ (Unitary Republic) ត្រូវបាន​បែង​ចែកជា​រចនាសម្ព័ន្ធ​រដ្ឋបាល​ជា​បួន​កម្រិត​៖

​កម្រិត​ទីមួយ​គឺ​ថ្នាក់​ខេត្ត​។ បច្ចុប្បន្ន​ឥណ្ឌូណេស៊ី​មាន​ខេត្ត​សរុប ៣៤​។ ខេត្ត​ប្រាំ​មាន​ឋានៈ​ពិសេស​ខុសគេ​ក្នុងនោះ​មាន រដ្ឋធានី​ហ្សា​ការ​តា​, អា​ឆេ (Aceh), ប៉ា​ពួ (Papua), យ៉ុ​ក​យ៉ា​ការ​តា (Yogyakarta) និង ខេត្ត​ប៉ា​ពួ​ខាងលិច​( West Papua)​។ 

​កម្រិត​ទី​ពីរ​គឺ​ថ្នាក់ក្រុង និង​ស្រុក​ថ្នាក់​ស្មើ​ក្រុង (Regency) ជា​ភាសា​ឥណ្ឌូណេស៊ី​គឺ Kabupaten​។ វា​មាន​ក្រុង និង​ស្រុក​ថ្នាក់​ស្មើ​ក្រុង​សរុប​ចំនួន ៥១៤ ក្នុងនោះ​ក្រុងមាន ៩៨ ដែរ​។
​ចំណែក​កម្រិត​ទី​បី​គឺ ឃុំ ដែលមាន​ចំនួន​សរុប ៩៩៨២ និង​កម្រិត​ទី​បួន​គឺ​ភូមិ​ដែលមាន​ចំនួន​សរុប ៨០៤១៤ ឯណោះ​។

២.​បោះឆ្នោត​ជ្រើសរើស​មេដឹកនាំ​ថ្នាក់​តំបន់​កើតឡើង​ពេលណា​?

​ដូច​បាន​រៀបរាប់​ខាងដើម​ស្រាប់ តំបន់​រដ្ឋបាល​ឥណ្ឌូណេស៊ី​ត្រូវបាន​បែងចែក​ជា​បួន​កម្រិត ហើយ​តំបន់​នីមួយៗ​ត្រូវ​គ្រប់គ្រង​ដោយ​តំណាង​ម្នាក់ៗ​។ ឧទាហរណ៍​ជាក់ស្តែង ចៅហ្វាយខេត្ត ចៅហ្វាយស្រុក និង​ចៅហ្វាយក្រុង មេឃុំ ឬ​មេភូមិ​ជាដើម​។ ប៉ុន្តែ​នៅ​ឥណ្ឌូណេស៊ី មានតែ​ចៅហ្វាយខេត្ត ក្រុង និង​ស្រុក​ប៉ុណ្ណោះ​ដែល​ត្រូវ​ជ្រើសរើស​ដោយ​ប្រជាជន​តាមរយៈ​ការបោះឆ្នោត​ដោយផ្ទាល់​។​

​ក្នុង​ឆ្នាំ ២០០៤ រដ្ឋាភិបាល​ឥណ្ឌូណេស៊ី​បានសម្រេច​រៀបចំ​កែទម្រង់រដ្ឋបាល និង​ធ្វើ​ប្រជា​ធិ​ប​តេ​យ្យូ​ប​នីយកម្ម​ថ្នាក់​តំបន់​តាមរយៈ​ការអនុវត្ត​ច្បាប់​ស្តីពី​ការបោះឆ្នោត​ថ្នាក់​តំបន់​ដែល​ត្រួស​ត្រាយផ្លូវ​ឲ្យ​មានការ​ជ្រើសរើស​មេដឹកនាំ​ថ្នាក់មូលដ្ឋាន​តាម​ការបោះ​ឆ្នោត​ដោយផ្ទាល់​។ ដើមឡើយ​តំណាង​ថ្នាក់មូលដ្ឋាន​នេះ​ត្រូវបាន​ជ្រើសរើស​ដោយ​សមា​ជិ​ក​ក្រុមប្រឹក្សា​នីតិ​បញ្ញា​ត្តិ​តំបន់ (regional legislative council)​មិនមែន​ដោយ​ប្រជាជន​ឡើយ​។  ការបោះឆ្នោត​ថ្នាក់​តំបន់​នេះ​ក៏​ចាប់​ផ្តើមដំបូង​នៅក្នុង​ឆ្នាំ ២០០៥ ក្រោយ​ការអនុវត្ត​ច្បាប់​នេះ​។

​យ៉ាងណាក៏ដោយ​ក្នុង​ឆ្នាំ ២០១៤ រដ្ឋាភិបាល​ឥណ្ឌូណេស៊ី​ក្រោម​ការដឹកនាំ​របស់លោក Susilo Bambang Yudhoyono ក៏បាន​ជំរុញ​ឲ្យ​មានការ អនុម័ត​ច្បាប់​ថ្មី​ទៀត​ដែល​ផ្តល់​អំណាច​ឲ្យ​ក្រុមប្រឹក្សា​នីតិបញ្ញត្តិ​ថ្នាក់មូលដ្ឋាន​ឡើងវិញ​ក្នុងការ​ជ្រើសរើស​មេដឹកនាំ​ថ្នាក់មូលដ្ឋាន​។ ប៉ុន្តែ​ការសម្រេច​នេះ​រង​ការទិតៀន និង​មាន​ការតវ៉ា​ខ្លាំង​ពី​ប្រជាជន​ព្រោះ​វា​ប៉ះពាល់​ដល់​សិទ្ធិអំណាច និង​ការអនុវត្ត​លទ្ធិប្រជាធិបតេយ្យ​នៅក្នុង​ប្រទេស​។

​ដោយសារ​មានការ​តវ៉ា​ខ្លាំង​ពី​ប្រជាជន អតីត​ប្រធានាធិបតី​ឥណ្ឌូណេស៊ី​ខាងលើ​បានចេញ​បទបញ្ញត្តិ​នីតិប្រតិបត្តិ​មួយ​សំដៅ​ផ្តល់​សិទ្ធិអំណាច​ដល់​ប្រជាជន​ឡើងវិញ​។ ប្រធានាធិបតី ចូ​កូ វី​ដូ​ដូ ដែល​ឡើងកាន់តំណែង​បន្ត​នោះបាន​រុញ​បទបញ្ញត្តិ​ដែលមាន​នេះ​ទៅ​សភា​ដើម្បី​អនុម័ត​ក្នុង​ឆ្នាំ ២០១៥ ហើយ​សិទ្ធិ​បោះឆ្នោត​រើស​តំណាង​ដោយផ្ទាល់​នេះ​ត្រូវបាន​ការពារ​រហូតមក​ដល់​បច្ចុប្បន្ននេះ​។

៣.​ប្រជាជន​ឥណ្ឌូណេស៊ី​បោះឆ្នោត​ជ្រើសរើស​មេដឹកនាំ​ខេត្ត ក្រុង និង​ស្រុក​ចំនួន ១៧១ ទូទាំងប្រទេស​ថ្ងៃ ២៧ មិថុនា​

​ការបោះឆ្នោត​ថ្ងៃ​ពុធ​នេះ ប្រជាជន​ឥណ្ឌូណេស៊ី​ចំនួន ១៥២ លាន​នាក់​ត្រូវ​សម្រេចចិត្ត​ជ្រើសរើស​មេដឹកនាំ​ខេត្ត​ចំនួន ១៧ ក្រុង និង តំបន់​រដ្ឋបាល​ថ្នាក់​ស្មើ​ក្រុង (Regency) ចំនួន​១៥៤ ដែល​សរុប​ទាំងអស់​មាន​ចំនួន ១៧១ ទូទាំងប្រទេស​។  ការបោះឆ្នោត​ធ្វើ​នៅតែ ខេត្ត ក្រុង និង​ស្រុក​ចំនួន ១៧១ នេះ គឺ​ដោយសារ​មេដឹកនាំ​នៃ​តំបន់​រដ្ឋបាល​ទាំងនេះ​ត្រូវផុត​អាណត្តិ​ដឹកនាំ​នៅក្នុង​ឆ្នាំ ២០១៨ និង​ឆ្នាំ ២០១៩​។

​បើតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន Jakarta Post មេដឹកនាំ​នៃ​តំបន់ ១១៩ ត្រូវ​ចប់​អាណត្តិ​ដឹកនាំ​ក្នុង​ឆ្នាំ ២០១៨ ខណៈ ៥២ នាក់​ផ្សេងទៀត​ត្រូវ​ចប់​អាណត្តិ​នៅ​ឆ្នាំ ២០១៩​។
​តាមពិតទៅ​ការបោះឆ្នោត​ថ្នាក់​តំបន់​ពេលនេះ​មាន​ទម្ងន់​ខ្លាំង​សម្រាប់​ការបោះឆ្នោត​សភា និង​ការបោះឆ្នោត​ប្រធានាធិបតី​នៅ​ឆ្នាំក្រោយ​នេះ​ផង ដោយសារ​វា​កើតឡើង​ត្រឹម​ប៉ុន្មាន​ខែ​ប៉ុណ្ណោះ​ពី​ការបោះឆ្នោត សភា និង​ការបោះឆ្នោត​ប្រធានាធិបតី​។ គេ​កំពុង​រង់ចាំ​មើល​លទ្ធផល​នៃ​ការបោះឆ្នោត​នៅ​សមរភូមិ​នយោបាយ​សំខាន់ៗ និង​មាន​ប្រជាជន​រស់នៅ​ច្រើន​ដូចជា ខេត្ត​ជ្វា​ខាងលិច (West Java) និង​ខេត្ត​ជ្វា​ខាងកើត (East Java) ផងដែរ​។

​យ៉ាងណា​ក៏ដោយចុះ​គេ​បារម្ភ​ខ្លាំង​ថា អំពើហិង្សា​ឬ ការប្រឈមមុខគ្នា​ដោយសារ​បញ្ហា​សាសនា​អាច​កើតឡើង​ក្នុងអំឡុងពេល​បោះឆ្នោត ឬ​ពេល​ឃោសនា​នយោបាយ​ផង​។ បញ្ហា​សាសនា​នៅតែ​ជា​រឿងចម្រូងចម្រាស​រវាង​អ្នក​កាន់សាសនា​គ្រឹ​ស្ត និង​ប្រជាជន​ម៉ូ​ស្លី​ម​ព្រោះ​អ្នកនយោបាយ​ម៉ូ​ស្លី​ម​មាន​និន្នាការ​ជ្រុលនិយម​ព្យាយាម​កេងចំណេញ​នយោបាយ​។


Tag:
 ឥណ្ឌូណេស៊ី​
  ចូ​កូ វី​ដូ​ដូ​
 ​ការបោះឆ្នោត​ថ្នាក់​តំបន់
© រក្សាសិទ្ធិដោយ thmeythmey.com