អន្តរជាតិ
ប្រធានាធិបតី​ទី​ម័​រ​ខាងកើត ស្កាត់​ជួប​សម​ភាគី​ឥណ្ឌូណេស៊ី​លើកដំបូង​ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ​
27, Jun 2018 , 10:19 pm        
រូបភាព
ដោយ:
​ប្រធានាធិបតី​ទី​ម័​រ​ខាងកើត​លោក Francisco Guterres នឹង​បំពេញ​ទស្សនកិច្ច​ទៅកាន់​ឥណ្ឌូណេស៊ី នៅ​សប្តាហ៍​នេះ​ជា​លើកដំបូង​ដើម្បី​ពង្រឹង និង​ស្វែងរក​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ជាមួយនឹង​ឥណ្ឌូណេស៊ី​បន្ថែម ខណៈ​ស្ថានភាព​រដ្ឋ​ក្មេងខ្ចី​ប្រចាំ​តំបន់​មួយ​នេះ នៅ​មិនទាន់មាន​ភាពល្អប្រសើរ​នៅឡើយ​នោះ​។​


​បើ​មិនមាន​ការប្រែប្រួល​នោះទេ នៅ​ថ្ងៃ​២៨ មិថុនា​នេះ លោក​ប្រធានាធិបតី​ទី​ម័​រ​ខាងកើត Francisco Guterres នឹង​ចាប់ផ្តើម​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​លើកដំបូង​ទៅកាន់​ឥណ្ឌូណេស៊ី និង​ជួបពិភាក្សា ជាមួយនឹង​លោក​ប្រធានាធិបតី Joko Widodo ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី ជាពិសេស​លើ​វិស័យសេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន Antara News នៅ​ចុង​សប្តាហ៍​មុន​។

​តាម​ការបញ្ជាក់​របស់​អ្នកនាំពាក្យ​ក្រសួងការបរទេស​ឥណ្ឌូណេស៊ី Arrmanatha Nasir ឥណ្ឌូណេស៊ី តែងតែ​ចាត់ទុក​ទី​ម័​រ​ខាងកើត ជា​អ្នកជិតខាង​មួយ​ដ៏​ជិតស្និទ្ធ​បំផុត​មួយ ដែល​ទំនាក់ទំនង ប្រទេស​ទាំងពីរ ក៏បាន​ស្តែងឡើង​តាមរយៈ​ទំនាក់ទំនង​ជិតស្និទ្ធ​ទាំង​ផ្នែក​សេដ្ឋកិច្ច និង​ប្រជាជន​។

​អ្នកនាំពាក្យ​ដដែល​នោះ ក៏បាន​មើលឃើញ​ពី​គម្រោង​ទស្សនកិច្ច​របស់​មេដឹកនាំ​ទី​ម័​រ​ខាងកើត​នាពេលខាងមុខ​ដ៏​ខ្លី​នេះ ថា ជា​ឱកាស​មួយ​សម្រាប់​មេដឹកនាំ​ប្រទេស​ទាំងពីរ​ពិភាក្សា​ពី​សក្តានុពល​នៃ​កិច្ចសហប្រតិបត្តិការ ដែល​អាច​អភិវឌ្ឍ​បានរួម​គ្នា​មាន​ទាំង​ផ្នែក​ថាមពល ហិរញ្ញវត្ថុ ធនាគារ និង​ទេសចរណ៍​ជាដើម​។

​បើតាម​ប្រភពព័ត៌មាន​ដដែល​នោះ សេដ្ឋកិច្ច​ទី​ម័​រ​ខាងត្បូង និង​ឥណ្ឌូណេស៊ី ពិតជា​មានការ​ពឹងពាក់​គ្នា​ជាច្រើន ជាពិសេស​ទី​ម័​រ​ខាងកើត ដែលជា​ប្រទេស​ទើបតែ​បាន​ឯករាជ្យ​ថ្មី និង​ជា​វ័យក្មេង​ជាងគេ​ប្រចាំ​តំបន់ ពិតជា​ត្រូវការ​វិនិយោគ​ដូចជា​ឥណ្ឌូណេស៊ី​។

​តាម Antara News មកទល់ពេលនេះ មាន​សហគ្រាស​រដ្ឋ​ឥណ្ឌូណេស៊ី​ចំនួន​ប្រាំបួន និង​ក្រុមហ៊ុន​ឯកជន​ឥណ្ឌូណេស៊ី​រាប់រយ​ក្រុមហ៊ុន កំពុងតែ​ប្រតិបត្តិការ និង​វិនិយោគ​លុយ​រាប់លាន​ដុល្លារ​នៅក្នុង​ប្រទេស​ទី​ម័​រ​ខាងកើត​។

​គួរ​ជម្រាប​ផងដែរ ទី​ម័​រ​ខាងកើត ទើបតែ​បានទទួល​បាន​ឯករាជ្យ​ផ្លូវការ​នៅ​ឆ្នាំ​២០០២​នោះទេ​។ ធៀប​ជាមួយនឹង​ប្រទេស​ក្នុង​តំបន់​ទី​ម័​រ​ខាងកើត ជា​រដ្ឋ​ក្មេងខ្ចី​ជាងគេ និង​ទំហំ​សេដ្ឋកិច្ច​តូច​ជាងគេ​។ បច្ចុប្បន្ន​ទី​ម័​រ​ខាងកើត ក៏​ស្ថិតនៅក្នុង​បញ្ជី​ឈ្មោះ​ប្រទេស​ក្រីក្រ​បំផុត​នៃ​ពិភពលោក​របស់​អង្គការសហប្រជាជាតិ​ផងដែរ​៕



Tag:
 ទី​ម័​រ​ខាងកើត​
  ឥណ្ឌូណេស៊ី​
© រក្សាសិទ្ធិដោយ thmeythmey.com