កីឡាអន្តរជាតិ
អន្តរជាតិ
អ្នកគាំទ្រម៉ិកស៊ិក ស៊ុយអែត និងកូរ៉េខាងត្បូងអបអររួមគ្នា ក្រោយអាល្លឺម៉ង់ហាលអាវ 28, Jun 2018 , 11:29 am
អ្នកគាំទ្រម៉ិកស៊ិកលើកអ្នកគាំទ្រកូរ៉េខាងត្បូងជាការអបអរក្រោយជ័យជម្នះលើអាល្លឺម៉ង់
× ក្រុមអ្នកគាំទ្រក្រុមកីឡាបាល់ទាត់ជម្រើសជាតិកូរ៉េខាងត្បូងបានអបអរជ័យជម្នះរបស់ខ្លួន រូមជាមួយអ្នកគាំទ្រម៉ិកស៊ិក និងស៊ុយអែត ក្រោយយកឈ្នះអល្លឺម៉ង់ បើទោះក្រុមខ្លួនមិនបានឈានទៅវគ្គ១/៨ផ្តាច់ព្រ័ត្រក៏ដោយ។
ម្ចាស់ការពារតំណែងជើងឯកអាល្លឺម៉ង់ បានធ្លាក់ចេញពីព្រឹត្តិការណ៍ FIFA World Cup 2018 ក្រោយចាញ់កូរ៉េខាងត្បូង ២-០ នៅនាទីបន្ថែមទាំងពីរគ្រាប់ នាជំនួបចុងក្រោយពូល F ស្របពេលស៊ុយអែត និងម៉ិកស៊ិកដឹកដៃគ្នាទៅវគ្គបន្ត តែស៊ុយអែតបានលេខ១ក្នុងពូលជាមួយនឹងជ័យជម្នះ ៣-០។
អ្នកគាំទ្រម៉ិកស៊ិកបានក្លាយជាអ្នកគាំទ្រកូរ៉េខាងត្បូងដែរ សម្រាប់ព្រឹត្តិការណ៍កីឡាបាល់ទាត់ពិភពលោកនៅរុស្ស៊ីនេះ ដោយសារក្រុមពីទ្វីបអាស៊ីបានយកឈ្នះក្រុមឥន្ទ្រីដែក ដែល នាំឲ្យក្រុមពីអាមេរិកកណ្តាលឡើងទៅវគ្គបន្ត។
ជ័យជម្នះជាប្រវត្តិសាស្ត្ររបស់កូរ៉េខាងត្បូង បានធ្វើឲ្យអ្នកគាំទ្រខ្លួនរំភើប និងសប្បាយរីករាយយ៉ាងខ្លាំងបើទោះបីមិអាចឈានទៅវគ្គបន្តក្តី។ អ្វីដែលរំជើបរំជួលជាងនេះទៅទៀតនោះ ក្រុមអ្នកគាំទ្រម៉ិកស៊ិកដែលនៅក្រៅកីឡដ្ឋាន បានស្វែងរក Fan កូរ៉េខាងត្បូងហើយឱបគ្នាអបអរជាមួយនឹងទង់ជាតិរបស់ស៊ុយអែត។
នេះជាលើកដំបូងបំផុតសម្រាប់ក្រុមអាល្លឺម៉ង់ ឬអាល្លឺម៉ង់ខាងលិច បើគិតចាប់តាំងពីឆ្នាំ១៩៣៨មក ដែលមិនមានឱកាសឈានទៅវគ្គបន្តក្នុងព្រឹត្តិការណ៍ World Cup។ វាជាកំណត់ត្រាដ៏អាក្រក់មួយ សម្រាប់ក្រុមដែលមានចំណាត់ថ្នាក់ FIFA Rankings ខ្ពស់ តែបែរជាបញ្ចប់ចំណាត់ថ្នាក់បាតតារាងក្នុងពូល F។
អ្នកគាំទ្រម៉ិកស៊ិកលើកទង់ជាតិកូរ៉េខាងត្បូងដែលជួយក្រុមពួកគេឡើងទៅវគ្គបន្ត
ស៊ុយអែត បានក្លាយជាក្រុមលេខមួយក្នុងពូល តាមរយៈជ័យជម្នះ ៣-០ លើម៉ិកស៊ិក ដោយមាន៦ពិន្ទុស្មើម៉ិកស៊ិក ប៉ុន្តែមានប្រៀបលើចំនួនគ្រាប់បាល់បញ្ចូលទី ដូចគ្នាទៅនឹងកូរ៉េខាងត្បូង ដែលត្រឡប់ទៅផ្ទះវិញជាមួយនឹងចំណាត់ថ្នាក់លេខ៣ ក្រោយជ័យជម្នះជាកំណត់ត្រាលើអាល្លឺម៉ង់៕
Tag:
បាល់ទាត់
FIFA World Cup
GroupF
© រក្សាសិទ្ធិដោយ thmeythmey.com