អន្តរជាតិ
លោក ពូ​ទីន ព្រម​ជួប​លោក ត្រាំ នៅ​ប្រទេស​ទី​បី​ដើម្បី​ជជែក​រឿង​ស្តារ​ទំនាក់ទំនង​ទ្វេភាគី​
28, Jun 2018 , 7:39 pm        
រូបភាព
​ប្រធានាធិបតី​រុស្ស៊ី​លោក វ៉ា្ល​ឌី​មៀ ពូ​ទីន ព្រម​ជួប​ប្រធានាធិបតី​អាមេរិក​លោក ដូ​ណា​ល់ នៅពេល​ខាងមុខ ដោយ​ជំនួប​កម្រិត​ខ្ពស់​នេះ​អាច​រៀបចំឡើង​នៅ​ប្រទេស​ទី​បី​ផង​។ ប្រមុខរដ្ឋ​រុស្ស៊ី​ព្រម​ទទួល​សំណើរ​នេះ​ក្នុងពេល​ជួប​ជាមួយ​ទីប្រឹក្សា​សន្តិសុខ​អាមេរិក​និង​ជា​ជំនួយការ​លោក ត្រាំ​ផ្ទាល់​ផង​។​


​ជំនួប​កម្រិត​ខ្ពស់​រវាង​ប្រមុខរដ្ឋ​ទាំងពីរ​នេះ​មិនទាន់​ត្រូវបាន​គេ​កំណត់​ជាក់លាក់​ថា​នឹង​កើតឡើង​នៅទីណា ឬ​នៅពេលណា​ឡើយ​។ ប៉ុន្តែ​ភាគី​ពាក់ព័ន្ធ​នឹង​ចាប់ផ្តើម​ពិភាក្សា​ដើម្បី​ឈានទៅ​រៀបចំ​កាលវិភាគ និង កំណត់​ទីតាំង​ផង​។​

​បើតាម​ការចុះផ្សាយ​រប​ស់​ទីភ្នាក់ងារ​ព័ត៌មាន AFP  លោក ពូ​ទីន ប្រាប់​ទីប្រឹក្សា​សន្តិសុខ​ជាតិ​អាមេរិក​លោក ច​ន បុល​តុ​ន (John Bolton)​ថា លោក​រំពឹង​ខ្ពស់​លើ​ជំនួប​រវាង​លោក​ជាមួយ​សម​ភាគី​អា​មេ​រិ​ព្រោះ​វា​នឹង​ជួយ​កាត់បន្ថយ​ភាព​តានតឹង ក៏ដូចជា​ជួយ​ត្រួសត្រាយ​ផ្លូវ​សម្រាប់​ការស្តារ​ទំនាក់ទំនង​ដ៏​ល្អក់កករ​នេះ​ផងដែរ​។

​លោក ពូ​ទីន និយាយ​ដោយ​ទឹកមុខ​ញញឹម​ទៅកាន់​លោក បុល​តុ​ន ដូច្នេះ​ថា​៖«​ទស្សនកិច្ច​របស់លោក​នៅ​ម៉ូស្គូ​ផ្តល់​ក្តី​សង្ឃឹមថា យ៉ាងហោចណាស់​យើង​អាច​ចាប់ផ្តើម​ជំហាន​ដំបូង​ក្នុងការ​ស្តារ​ទំនាក់ទំនង​ទ្វេភាគី​បាន​។ យើង​មិនដែល​ចង់បាន​ការប្រឈមមុខ​គ្នា​ទេ ហើយ​យើង​សោកស្តាយ​ដែល​ទំនាក់ទំនង​ទ្វេភាគី​មិន​ស្ថិតនៅ​កម្រិត​ខ្ពស់បំផុត​នោះ​»​។​

 ចំណែក​តំណាង​ក្រុង​វ៉ាស៊ីនតោន​លោក បុល​តុ​ន បាន​ប្រាប់​ទៅ​លោក ពូ​ទីន​ថា រដ្ឋបាល​អាមេរិក​សង្ឃឹម​រក​វិធី​ដោះស្រាយ​ភាពខុសគ្នា​រវាង​ភាគី​ទាំងពីរ និង​បន្ត​ស្វែងរក​ឱកាស​សហការគ្នា​ដើម្បី​ដោះស្រាយ​បញ្ហា និង​រក្សា​សន្តិភាព​និង​ស្ថិរភាព​ពិភពលោក​។ ក្រៅពីនេះ លោក បុល​តុ​ន ក៏​ឆ្លៀត​លើកសរសើរ​លោក ពូ​ទីន ដែល​បាន​ចាត់ចែង​និង​រៀបចំ​ការប្រកួត​កីឡាបាល់ទាត់​ពិភពលោក World Cup នៅពេលនេះ ទោះបី​ជាមាន​ឧបសគ្គ​ច្រើន​ក៏ដោយ​។

​នៅ​វ៉ាស៊ីនតោន​ឯណោះ​វិញ លោក ដូ​ណា​ល់ ត្រាំ បង្ហើប​ថា លោក​មិនទាន់​ដឹង​ច្បាស់​ពី​គម្រោង​ជួប​ជាមួយ​លោក ពូ​ទីន ឡើយ​ព្រោះ​លោក​មិនទាន់បាន​ជួប​លោក បុល​តុ​ន​នៅឡើយ​។ ប៉ុន្តែ​លោក​រំពឹងថា កិច្ចប្រជុំ​នេះ​នឹង​កើតមានឡើង​នៅពេល​ឆាប់ៗ​ខាងមុខនេះ  ហើយ​លោក​សង្ឃឹម​ពាំនាំ​បញ្ហា​ចម្រូងចម្រាស​មួយចំនួន​ផង​ដូចជា​វិបត្តិ​អ៊ុយ​ក្រែ​ន និង​សង្គ្រាម​ស៊ី​រី​ទៅ​ដា​ក់លើ​តុ​ពិភាក្សា​ជាមួយ​លោក ពូ​ទីន​ថែមទៀត​។​

​លោក ត្រាំ នឹងធ្វើ​ដំណើរ​ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​បក្សសម្ព័ន្ធ​យោធា​ណា​តូ​នៅក្នុង​ទីក្រុង​ព្រុ​ច​សែ​ល​ថ្ងៃ ១១ ខែកក្កដា​ខាងមុខនេះ ហើយ​លោក​នឹង​ឆៀង​ចូល​ទស្សនកិច្ច​នៅ​អង់គ្លេស​ដោយ​ជួបពិភាក្សា​ជាមួយ​នាយករដ្ឋមន្ត្រី​អង់គ្លេស ថេ​រ៉េ​សា ម៉េ​យ៍ និង​ចូលគាល់​ម្ចាស់​ក្ស​ត្រី​យ៍​អេ​លេ​ហ្សា​បែ​តទី​ពីរ​ផងដែរ​។ គេ​រំពឹងថា លោក ត្រាំ នឹង​យក​ឱកាស​នៃ​ដំណើរ​ទស្សនកិច្ច​អឺរ៉ុប​នេះ​ដើម្បី​ជួប​លោក ពូ​ទីន​តែម្តង​។​

​តាមពិតទៅ​វត្តមាន​មន្ត្រីជាន់ខ្ពស់​របស់​រដ្ឋ​បាល​លោក ត្រាំ នៅ​ម៉ូស្គូ​កើតឡើង​ស្រប​ពេលដែល​ទំនាក់ទំនង​ទ្វេភាគី​រវាង​អាមេរិក​និង​រុស្ស៊ី​ល្អក់កករ​ខ្លាំង​ផង​។ បញ្ហា​ចម្រូងចម្រាស​ដូច​ជាការ​ក្រសោប​យក​ទឹកដី​គ្រី​មៀ​ពី​អ៊ុយ​ក្រែ​ន ជម្លោះ​ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន សង្គ្រាម​ស៊ី​រី និង​ការចោទប្រកាន់ថា រុស្ស៊ី​លូកលាន់​ក្នុង​កិច្ចការ​បោះឆ្នោត​អាមេរិក​ធ្វើ​ឲ្យ​ទំនាក់ទំនង​មហាអំណាច​ទាំងពីរ​ប្រេះឆា​កាន់តែខ្លាំង​ឡើង​។ ប៉ុន្តែ​លោក ត្រាំ ហាក់​ព្យាយាម​បន្ធូរបន្ថយ​ភាព​តានតឹង​ដោយ​បន្ត​ស្វែងរក​លទ្ធភាព​ជួបពិភាក្សា​គ្នា​ជាមួយ​មេដឹកនាំ​ក្រេ​ម​ឡាំង​ផង​។​

​យ៉ាងណាក៏ដោយ អ្នកប្រឆាំង​លោក ត្រាំ បានបង្ហាញ​ក្តីកង្វល់​ដូចគ្នា​ចំពោះ​ឆន្ទៈ​របស់​រដ្ឋបាល​លោក ត្រាំ ក្នុងការ​រៀបចំ​ជំនួប​ជាមួយ​លោក ពូ​ទីន​។ បារម្ភ​ត្រង់​ថា លោក ត្រាំ អាច​នឹង​សម្រេចបាន​កិច្ចព្រមព្រៀង​ណាមួយ​ជាមួយ​លោក ពូ​ទីន​ផង ដោយ​អាមេរិក​ធ្វើ​សម្បទាន​ច្រើន​ដល់​រុស្ស៊ី​។ ប៉ុន្តែ​កន្លងមក ដើម្បី​ធ្វើ​ឲ្យ​សាធារណជន​អាមេរិក​ជាព​សេ​សមាជិកសភា​អាមេរិក​រសាយ​កង្វល់ រដ្ឋមន្ត្រីការបរទេស​អាមេរិក ម៉ៃ ប៉ុ​ម​ប៉េ​អូ បានប្រកាស​ពី​ជំហរ​ផ្លូវការ​របស់​អាមេរិក​លើ​បញ្ហា​មួយចំនួន​ដែលមាន​ពាក់ព័ន្ធ​នឹង​រុស្ស៊ី​ផង​។ ប្រមុខ​ការបរទេស​អា​មេ​រិ​កបាន​អះអាងថា រដ្ឋបាល​លោក ត្រាំ នៅតែ​ចាត់ទុក​សកម្មភាព​រុស្ស៊ី​នៅ​អឺរ៉ុប​ខាងកើត​ជាពិសេស​ឈ្លានពាន​អ៊ុយ​ក្រែ​ន និង​ការ​ក្រសោប​យក​ទឹកដី​គ្រី​មៀ ជា​រឿង​ខុសច្បាប់​អន្តរជាតិ​៕


Tag:
 វ្ល៉ា​ឌី​មៀ ពូ​ទីន​
  ដូ​ណា​ល់ ត្រាំ​
  អាមេរិក​
  រុស្ស៊ី​
© រក្សាសិទ្ធិដោយ thmeythmey.com