អន្តរជាតិ
ប្រា​យុទ្ធ ផ្តាំ​ទៅ​គ្រួសារ​ត្រកូល​ស៊ីណា​វ៉ា​ត់​៖ បើ​ជឿថា​ខ្លួន​ស្អាតស្អំ​មែន ត្រឡប់​ចូល​ស្រុក​ហើយ​តទល់​គ្នា​តាមផ្លូវ​ច្បាប់​»
28, Jun 2018 , 10:19 pm        
រូបភាព
ដោយ:
​ប្រមុខ​របប​សឹក​ថៃ​លោក​ឧ​ត្ត​ម​សេនីយ៍ ប្រា​យុទ្ធ ចន្ទ​អូ​ចា បាន​ផ្ញើ​សារ​ដោយ​ប្រយោល​ទៅកាន់​អតីត​មេដឹកនាំ​ថៃ​មួយចំនួន ដែល​បាន​រត់គេចខ្លួន​ពី​ប្រទេស​ក្រោយ​រង​ការចោទប្រកាន់​ពី​តុលាការ​។ ប្រមុខ​របប​សឹក​ថៃ ចង់ឃើញ​អតីត​មេដឹកនាំ​ទាំងនោះ​ចូលមក​ប្រទេស​វិញ ហើយ​តទល់​ជាមួយនឹង​លោក​នៅ​ចំពោះមុខ​តុលាការ ប្រសិន​ពួកគេ ពិតជា​ស្អាតស្អំ​មែន​នោះ​។​


​នា​ដំណើរ​មាតុភូមិនិវត្តន៍​ពី​ទស្សនកិច្ច​តំបន់​អឺរ៉ុប លោកនាយក​រដ្ឋមន្ត្រី ប្រា​យុទ្ធ ចន្ទ​អូ​ចា នៅ​ថ្ងៃ​២៦ មិថុនា បាន​ថ្លែង​បញ្ឆិតបញ្ឆៀង​ឲ្យ​អតីត​នាយករដ្ឋមន្ត្រី​ត្រកូល​ស៊ីណា​វ៉ា​ត់​ដែល​មិន​ហ៊ាន​វិលត្រឡប់​ចូល​ស្រុក​វិញ​ដើម្បី​តវ៉ា និង​តទល់​លើ​ការចោទប្រកាន់​ពី​តុលាការ​ទៅកាន់​ពួកគេ​។ លោកនាយក​រដ្ឋមន្ត្រី ថែមទាំង​ចាត់ទុក​រាល់​បុគ្គល​ណាមួយ​ដែល​និរទេស​ខ្លួន និង​រត់គេច​ពី​ច្បាប់​របស់​ថៃ ថា​ជា​«​អនុ​ប្រជាជន​»​ថែមទៀត​។​

​តាម​ការចុះផ្សាយ​របស់​សារព័ត៌មាន​ថៃ The Nation លោកនាយក​រដ្ឋមន្ត្រី ក៏បាន​រិះគន់​ប្រព័ន្ធ​ផ្ស​ព្ធ​ផ្សាយ ដែល តែងតែ​ចាប់អារម្មណ៍ និង​ផ្សាយ​ពី​បុគ្គល ដែល​ប្រព្រឹត្ត​ខុស​ហើយ​រត់គេច​ពី​ការទទួលខុសត្រូវ​ផ្នែក​ច្បាប់ ខណៈ ព្រងើយកន្តើយ​នឹង​បុគ្គល​ដែល​តែងតែ​ពុះពារ​ដើម្បី​ប្រទេស​។

​ខណៈ​មិន​បញ្ជាក់​ឈ្មោះ​ចំៗ​នោះ លោកនាយក​រដ្ឋមន្ត្រី បាន​សង្កត់ធ្ងន់ថា​យ៉ាង​ដូច្នេះ​ថា​៖« ពួកគេ គួរតែ​ត្រឡប់មក​ប្រទេស​ខ្លួន​វិញ ហើយ​តទល់​នឹង​សំណុំរឿង​ផ្នែក​ច្បាប់​ដែល​ប្រឆាំងនឹង​ពួកគេ​។ ប្រព័ន្ធយុត្តិធម៌ អាច​បញ្ជាក់បាន​សម្រាប់​ពួកគេ​។ ប្រសិនបើ​ពួកគេ ជឿជាក់ថា ពួកគេ​ពិតជា​មិនបាន​ប្រព្រឹត្ត​អ្វី​ខុស ពួកគេ​ក៏​មិនគួរ​មានការ​ភ័យខ្លាច​នឹង​ត្រឡប់​ចូលក្នុង​ប្រទេស​ដែរ​»​។ នេះ​បើ​យោងតាម​ប្រភពព័ត៌មាន​ដដែល​។​

​បើទោះបីជា​លោក​ឧ​ត្ត​ម​សេនីយ៍ មិន​បញ្ជាក់​ឈ្មោះ​បុគ្គល​ណាមួយ​ចំៗ​ក៏ដោយ នៅក្នុង​នយោបាយ​ថៃ គ្មាន​អ្នកនយោបាយ​ណា ក្រៅពី​អ្នកនយោបាយ​ត្រកូល​ស៊ីណា​វ៉ា​ត់​ឡើយ​។ នោះ​ក៏​ព្រោះតែ​ទាំង​លោក​អតីត​នាយករដ្ឋមន្ត្រី ថាក់ស៊ីន ស៊ីណា​វ៉ា​ត់ និង​លោកស្រី​អតីត​នាយករដ្ឋមន្ត្រី យី​ង​ឡាក់ ស៊ីណា​វ៉ា​ត់ សុទ្ធតែ​រង​ការចោទប្រកាន់ និង​កាត់ទោស​ពី​តុលាការ​ថៃ ហើយ​អ្នក​ទាំងពីរ​កំពុងតែរ​ស់​នៅក្រៅ​ប្រទេស​ផង​។​

​សូម​ជម្រាប​ផងដែរ​ថា លោក​ឧ​ត្ត​ម​សេនីយ៍ ប្រា​យុទ្ធ ចន្ទ អូ​ចា បាន​ឡើងកាន់តំណែង​ជា​នាយករដ្ឋមន្ត្រី​ថៃ ក្រោយពី​លោក បាន​ដឹកនាំ​រដ្ឋប្រហារ​ទម្លាក់​លោក​ស្រី យី​ង​ឡាក់ ស៊ីណា​វ៉ា​ត់ នៅ​ឆ្នាំ​២០១៤ ក្រោមលេស ថា​រដ្ឋាភិបាល​លោកស្រី​ដឹកនាំ​ប្រទេស​មាន​ភាព​បែកបាក់ និង​ខាត​ប្រយោជន៍​ជាតិ​ច្រើន​។ ក្រោយ​នៃ​ការ​អស់តំណែង​នេះ លោកស្រី យី​ង​ឡាក់ បាន​រង​ការចោទប្រកាន់​ពី​រដ្ឋាភិបាល​របប​សឹក​ទាំង​ឲ្យ​សង​សំណង​រដ្ឋប្បវេណី និង​ទទួលខុសត្រូវ​ផ្នែក​ព្រហ្មទណ្ឌ​។ លោកស្រី បានសម្រេច​ចិត្ត​ចាក​ចេញពី​ប្រទេស​នៅ​ចុងឆ្នាំ​មុន​។​

​សម្រាប់​លោក​អតីត​នាយករដ្ឋមន្ត្រី ថាក់ស៊ីន ស៊ីណា​វ៉ា​ត់​វិញ ក៏ត្រូវ​បាន​អតីត​មេ​យោធា​ជាន់ខ្ពស់​ថៃ ទម្លាក់​ពី តំណែង​ផងដែរ​។ មិន​ខុសពី​លោកស្រី យី​ង​ឡាក់ លោក​ត្រូវបាន​តុលាការ​ចោទប្រកាន់​ពីបទ​ល្មើស​ជា​បន្តបន្ទាប់​។ សំណុំរឿង​អ្នក​ទាំងពីរ កំពុងតែ​ស្ថិតនៅក្នុង​នីតិវិធី​ជំនុំជម្រះ​នៅឡើយ​នោះទេ ពោលគឺ​តុលាការ​ថៃ នៅ​មិនទាន់​ប្រកាស​សាលក្រម​ស្ថាពរ​នៅឡើយ​នោះ ដែល​នេះ​គឺជា​ផ្តល់ឱកាស​សម្រាប់​អ្នក​ទាំងពីរ តវ៉ា​និង​តទល់​គ្នា​ដើម្បី​បញ្ជាក់​ពី​ភាព​ស្អាតស្អំ​របស់ខ្លួន​៕



Tag:
 ថៃ​
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com