កីឡាអន្តរជាតិ
អន្តរជាតិ
អបអរសាទរ ជប៉ុនឡើងទៅវគ្គ​បន្តជាមួយកូឡុំប៊ី ទោះពួក​គេលេងចាញ់ប៉ូឡូញ
28, Jun 2018 , 10:51 pm        
រូបភាព
ដោយ: ថ្មីៗ
ជប៉ុន​ក្លាយ​ជាក្រុមអាស៊ី​តែមួយគត់​ដែល​ឡើង​ទៅ​កាន់វគ្គ១៦​ក្រុម​ចុងក្រោយក្នុងនាម​ជាក្រុម​ចំណាត់​ថ្នាក់​លេខ​២ពូល H នៃពានរង្វាន់ FIFA World Cup បើទោះបី​ជាពួក​គេ​បានចាញ់ប៉ូឡូញ​ ១-០ នា​ជំនួប​ចុងក្រោយក្នុងពូល ក៏ដោយ។ ក្រោយ​ការ​ប្រកួត​ជប៉ុន មិនទាន់អបអរឡើយដោយ​រង់ចាំមើលជំនួបកូឡុំប៊ី និងសេណេហ្គាល់។ ទីបំផុត កូឡុំប៊ី ឡើង​លេខមួយ​ក្នុងពូល ដោយឈ្នះ​សេណេហ្គាល់ ១-០។


នេះជារាត្រី​ដ៏ភ័យ​ខ្លាច​ហើយ​ប្តូរទៅ​​ជាភាពរីករាយ​សម្រាប់កូឡុំប៊ី និងជប៉ុន ប៉ុន្តែ​វាជាខក​ចិត្ត​ដ៏ខ្លាំងបំផុត​សម្រាប់សេណេហ្គាល់ ខណៈប៉ូឡូញ គ្រាន់តែប្រឹងប្រែងដើម្បី​យក​៣ពិន្ទុ​ត្រឡប់ទៅ​ផ្ទះ​វិញ​ប៉ុណ្ណោះ។

អំឡុងពេលប្រកួត​ដំណាលគ្នាដែលគ្មាន​គ្រាប់បាល់បញ្ចូលទី ជប៉ុន​ដែលឈ្នះកូឡុំប៊ី និងស្មើសេណេហ្គាល់ មាន​ប្រៀបជាងគេ​លើតារាង។ ប៉ុន្តែសាមួរ៉ៃពណ៌ខៀវ បុកពោះមិនស្ទើរនោះ បន្ទាប់ពី​ Jan Bednarek រកគ្រាប់បាល់បញ្ចូលទី​ឲ្យ​ប៉ូឡូញ​នៅនៅនាទី​៥៩ ។

អ្នកគាំទ្រជប៉ុនមាន​អារម្មណ៍​តប់ប្រម៉ល់យ៉ាងខ្លាំង នៅពេល​ដែលជប៉ុន​ធ្លាក់​ទៅ​លេខ​បីបណ្តោះអាសន្ន។ ប៉ុន្តែ​ឈាន​ដល់នាទី​៧៤ ជំនួបមួយគូទៀត ក៏មាន​គ្រាប់បាល់បញ្ចូលទី​ផងដែរ ដោយ Yerry Mina ជាអ្នកសម្រេចផល​សម្រាប់កូឡុំប៊ី នៅនាទី​៧៤ ។

គ្រាប់បញ្ចូលទី​របស់ Yerry Mina មិន​ត្រឹមតែជួយឲ្យកូឡុំប៊ីរបស់ខ្លួនឈរ​លើ​តារាងពូល H នោះឡើយ ប៉ុន្តែក៏បាន​ស្រោចស្រង់ជប៉ុនឲ្យ​រក្សាខ្លួននៅ​ចំណាត់ថ្នាក់​លេខពីរ​ផងដែរ។ តាមពិតទៅជប៉ុន និងសេណេហ្គាល់ មាន​៤ពិន្ទុ និងគ្រាប់បាល់បញ្ចូលទី​ទៅវិញទៅមក​ស្មើគ្នា ប៉ុន្តែ​ជប៉ុន​មានប្រៀបលើ​ពិន្ទុ Fair Play ដោយសារពួក​គេ​មាន​កាត​លឿង​តែ៤ប៉ុណ្ណោះ ខណៈសេណេហ្គាល់មាន​៦។

កូឡុំប៊ី និងជប៉ុន ត្រូវទៅវគ្គ​១៦ក្រុម​ចុងក្រោយ ខណៈសេណេហ្គាល់ ខកចិត្ត​ ហើយត្រូវ​ត្រឡប់ទៅផ្ទះវិញ​ដូចប៉ូឡូញ៕

© រក្សាសិទ្ធិដោយ thmeythmey.com