កីឡាអន្តរជាតិ
អន្តរជាតិ
ជ័យជម្នះ ១-០ របស់​បែលហ្ស៊ិក​នាំ​ឲ្យ​ពួកគេ​ត្រូវ​បន្ត​ប៉ះ​ជប៉ុន រីឯ​អង់គ្លេស​ជួប កូ​ឡុំ​ប៊ី​
29, Jun 2018 , 7:12 am        
រូបភាព
កីឡាករបែលហ្ស៊ិកអបអរក្រោយការស៊ុត​បាល់បញ្ចូលទី​របស់ Adnan Jauzaj ។ រូបថត BelRedDevils
កីឡាករបែលហ្ស៊ិកអបអរក្រោយការស៊ុត​បាល់បញ្ចូលទី​របស់ Adnan Jauzaj ។ រូបថត BelRedDevils
ដោយ: ថ្មីៗ
បែលហ្ស៊ិក បាន​យកឈ្នះ​អង់គ្លេស ១-០ នា​ការប្រកួត​ចុងក្រោយ​ពូ​ល G នៃ​ព្រឹត្តិការណ៍ FIFA World Cup តាមរយៈ​ការ​ស៊ុត​បាល់​បញ្ចូល​ទី​របស់ Adnan Januzaj​។ ជ័យជម្នះ​នេះ នាំ​ឲ្យ​បែលហ្ស៊ិក ត្រូវ​ប៉ះ​ជប៉ុន ក្រុម​លេខ​ពីរ​ពូ​ល H រីឯ​អង់គ្លេស​ត្រូវ​ជួប​ក្រុម​លេខ​មួយ​ពូ​ល H កូ​ឡុំ​ប៊ី សម្រាប់​ការប្រកួត​វគ្គ​១៦​ក្រុម​ចុងក្រោយ​។ សម្រាប់​ជំនួប​បង្គ្រប់កិច្ច​ក្នុង​ពូ​ល G ទុយ​នី​ស៊ី បាន​យកឈ្នះ​ប៉ា​ណា​ម៉ា ២-១ ។​


​បើ​ប្រៀបធៀប​ទៅនឹង​ជំនួប​ចុងក្រោយ​នៅក្នុង​ពូ​ល G លោក Gareth Southgate បាន​ផ្លាស់ប្តូរ​កីឡាករ​ជម្រើស​ដំបូង​របស់​អង់គ្លេស​ចំនួន​៨​នាក់ រីឯ​លោក Roberto Martinez ប្តូរ​ជម្រើស​ដំបូង​បែលហ្ស៊ិក​រហូតដល់​ទៅ​៩​នាក់​។​

​ការ​ស៊ុត​បាល់​បញ្ចូល​ទី​របស់ Adnan Jauzaj នៅ​នាទី​៥១ នាំ​ឲ្យ​បែលហ្ស៊ិក​ទទួលបាន​៩​ពិន្ទុ​ពេញ​នៅក្នុង​ពូ​ល G និង​ជា​ក្រុមទី​បី បន្ទាប់ពី​អ៊ុយ​រូ​ហ្គា​យ និង​ក្រូ​អាស៊ី ដែល​ឈ្នះ​រាល់​ការប្រកួត​នៅក្នុង​ពូ​ល​។ អង់គ្លេស​មានឱកាស​ស៊ុត​រហូតដល់​១១​លើក ប៉ុន្តែ​ពួកគេ​ធ្វើ​មិនបាន​សម្រេច ដែល​នាំ​ឲ្យ​ពួកគេ​បាន​ចំណាត់ថ្នាក់​លេខ​២ ដោយមាន​៦​ពិន្ទុ​។​

​ខណៈ​បែលហ្ស៊ិក និង​អង់គ្លេស​ត្រៀមខ្លួន​បន្ត​សម្រាប់​វគ្គ​១៦​ក្រុម​ចុងក្រោយ ទុយ​នី​ស៊ី រកបាន​៣​ពិន្ទុ មុន​ត្រឡប់ទៅផ្ទះ​វិញ ក្រោយ​ជ័យជម្នះ ២-១ លើ​ប៉ា​ណា​ម៉ា​។ ខ្សែបម្រើ​ប៉ា​ណា​ម៉ា Yassine Meriah ភ្លាត់ស្នៀត​ធ្វើ​ឲ្យ​ចូល​ទី​ខ្លួន​នៅ​នៅ​ពាក់កណ្តាល​តង់​ទីមួយ មុន Fakhreddine Ben Youssef និង Wahbi Khazri បន្ថែម​បាន​ម្នាក់​១​គ្រាប់​សម្រាប់​ទុយ​នី​ស៊ី នៅ​តង់​ទី​ពីរ​។​

​សូមបញ្ជាក់​ផងដែរ​ថា គ្រាប់​បាល់​បញ្ចូល​ទី​តាម​ស្មើ​របស់ Fakhreddine Ben Youssef នៅ​នាទី​៥១ ជា​គ្រាប់​ទី​២៥០០​ក្នុង​ប្រវត្តិសាស្ត្រ​នៃ​ព្រឹត្តិការណ៍ FIFA World Cup ៕



Tag:
 FIFA World Cup
  GroupG
© រក្សាសិទ្ធិដោយ thmeythmey.com