កីឡាអន្តរជាតិ
អន្តរជាតិ
បែលហ្ស៊ិកទម្លាក់ប្រេស៊ីលដើម្បីឡើងទៅជួបបារាំងនៅវគ្គ១/២ផ្តាច់ព្រ័ត្រ 07, Jul 2018 , 2:54 am
លោក Roberto Martínez គ្រូបង្វឹក លោក Thierry Henry និងក្រុមកីឡាករបែលហ្ស៊ិកអបអរគ្រាប់បាល់បញ្ចូលទីលើប្រេស៊ីល។ រូបថត Getty/FIFA
× បែលហ្ស៊ិកទទួលបានកៅអីសម្រាប់ការប្រកួតវគ្គ១/២ផ្តាច់ព្រ័ត្រជាមួយបារាំង បន្ទាប់ពីពួកគេទទួលបានជ័យជម្នះ ២-១ លើប្រេស៊ីលដែលជាជើងឯក៥ជំនាន់នៅកីឡដ្ឋាន Kazan Arena។
បែលហ្ស៊ិករកបានគ្រាប់ដំបូងនៅនាទី១៣ ប៉ុន្តែជាគ្រាប់បាល់បញ្ចូលទីខ្លួនឯងរបស់ Fernandinho របស់ប្រេស៊ីល មុនពេល Romelu Lukaku បញ្ជូនទៅឲ្យ Kevin De Bruyne បង្កើនការនាំមុខ ២-០ នៅនាទី៣១ ។
ឈានដល់នាទី៧៦ Renato Augusto បានវាយបកតាមពីក្រោយមួយគ្រាប់វិញ តាមរយៈការតែតបាល់បញ្ចូលទី ក្រោយការបញ្ជូនរបស់ Philippe Coutinho ។ គ្រាប់បាល់របស់ Augusto កើតឡើងតែបីនាទីប៉ុណ្ណោះ ក្រោយគេបង្ហាញវត្តមាននៅលើទីលាន។
ប្រេស៊ីល ជាពិសេស Neymar និង Marcelo ប្រឹងវាយសម្រុកយ៉ាងខ្លាំង ប៉ុន្តែពួកគេមានអាចទម្លាយរនាំងការពារ និងអ្នកចាំទី Thibaut Courtois បានឡើយ។
បែលហ្ស៊ិក និងបារាំងត្រូវតទល់គ្នានៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៅកីឡដ្ឋាន Saint Petersburg Stadium នារាត្រីថ្ងៃទី១០ ខែកក្កដា។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ លោក Thierry Henry វីរបុរសបាល់ទាត់បារាំង ជាគ្រូជំនួយរបស់ក្រុមជម្រើសជាតិបែលហ្ស៊ិក។
ការធ្លាក់ចេញរបស់ប្រេស៊ីល មានន័យថា ការប្រកួតបន្តបន្ទាប់ មានតែក្រុមជម្រើសជាតិនៅតំបន់អឺរ៉ុបប៉ុណ្ណោះ ខណៈអ៊ុយរូហ្គាយដែលជាក្រុមពីអាមេរិកឡាទីនមួយទៀតនោះ បានធ្លាក់ចេញដោយសារបារាំងក្នុងលទ្ធផល ២-០ ៕
© រក្សាសិទ្ធិដោយ thmeythmey.com