អន្តរជាតិ
សន្តិភាព​រដ្ឋ​វ័យក្មេង​បំផុត​ស៊ូដង់​ខាងត្បូង​ផ្តើម​មាន​ពន្លឺ ក្រោយ​អ្នកនយោបាយ​ព្រម​ចែក​អំណាច​គ្នា​
28, Jul 2018 , 8:39 pm        
រូបភាព
ដោយ:
​ភាគី​ជម្លោះ​នៃ​សង្គ្រាមស៊ីវិល​របស់​ស៊ូដង់​ខាងត្បូង ដែល​រាប់បញ្ចូល​ទាំង​ខាង​រដ្ឋាភិបាល និង​ខាង​បក្សប្រឆាំង បានសម្រេច​ចុះ​កិច្ចព្រមព្រៀង​រួមគ្នា​ដើម្បី​បែងចែក​អំណាច និង​លក្ខខណ្ឌ​សម្រាប់​ការគ្រប់គ្រង​ប្រទេស​ជាថ្មី​។ នេះ​ជា​ឥរិយាបទ​ទន់ភ្លន់​រវាង​អ្នកនយោបាយ​ក្នុង​ការធ្វើសម្បទាន​អំណាច​នៅក្នុង​រដ្ឋ​ក្មេងខ្ចី​បំផុត​លើ​ពិភពលោក​ដើម្បី​ស្តារ​សន្តិភាព​ឡើងវិញ ក្រោយ​ធ្វើសង្គ្រាម​ប្រឆាំង​គ្នា​ជាច្រើន​ឆ្នាំ​ហើយ​នោះ​។


២៥ កក្កដា ២០១៨ គឺជា​ថ្ងៃ​ប្រវត្តិសាស្ត្រ​មួយ​របស់​ប្រទេស​ស៊ូដង់​ខាងត្បូង ដោយ​អ្នកនយោបាយ ដែលជា​ភាគី​បញ្ឆេះ​សង្គ្រាម​ប្រឆាំង​គ្នា​នោះបាន​សម្រេច​ចុះហត្ថលេខា​ផ្លូវការ​លើ​កិច្ចព្រមព្រៀង​បែងចែក​អំណាច និង​អភិបាលកិច្ច​របស់​ប្រទេស​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​ភ្នាក់ងារ​ព័ត៌មាន​ចិន Xinhua​។

​តាម​កិច្ចព្រមព្រៀង​ដែល​ចុះហត្ថលេខា​ដោយ​ភាគី​ជម្លោះ​ស៊ូដង់​ខាងត្បូង លោក Salva Kiir នឹងត្រូវ​បន្ត​កាន់អំណាច​ជា​ប្រធានាធិបតី​ស៊ូដង់​ខាងត្បូង​ដដែល​ក្នុងអំឡុងពេល​នៃ​អន្តរកាល​នេះ ខណៈ​មេដឹកនាំ​បក្សប្រឆាំង គឺ​លោក Riek Machar នឹងត្រូវ​កាន់អំណាច​ជា​អនុ​ប្រធានាធិបតី​ទី​១​។ នេះ​បើ​យោងតាម​ប្រភពព័ត៌មាន​ដដែល​។​

​អ្វី​គួរកត់សម្គាល់​នោះ តាម​កិច្ចព្រមព្រៀង​នោះដែរ អនុ​ប្រធានាធិបតី ត្រូវមាន​៤​រូប ខណៈ​សមាជិក​គណៈរដ្ឋមន្ត្រី ដែលជា​ប្រភេទ​រដ្ឋាភិបាលចម្រុះ ត្រូវមាន​រដ្ឋមន្ត្រី​រហូត​ដល់​៣៥​រូប មកពី​ខាង​រដ្ឋាភិបាល​ផង និង​ខាង​បក្សប្រឆាំង​ផង​។

​យ៉ាងណាក៏ដោយ នេះ​គឺជា​តែ​ចំណុច​ចាប់ផ្តើម​នៃ​ការបែងចែក​អំណាច​រប​ស់​អ្នកនយោបាយ​នៃ​រដ្ឋ​វ័យក្មេង និង​ក្រីក្រ​បំផុត​របស់​ពិភពលោក​នោះទេ ពោលគឺ ស្រប​នឹង​ការចែក​អំណាច​ជាន់ខ្ពស់​របស់​រដ្ឋាភិបាល ភាគី​ពាក់ព័ន្ធ ក៏​កំពុងតែបន្ត​ចរចា​គ្នា​ក្នុងការ​បែងចែក​អំណាច​គ្នា​នៅ​ថ្នាក់​តំបន់ ឬ​មូលដ្ឋាន​ផងដែរ​។

​សូម​រម្លឹក​ជាថ្មី​ផងដែរ​ថា រយៈពេល​៧​ឆ្នាំ​មកហើយ ដែល​ស៊ូដង់​ខាងត្បូង បានប្រកាស​ឯករាជ្យ​ជា​ផ្លូវការ និង​ត្រូវបាន​ទទួលស្គាល់​ជា​រដ្ឋ​សមាជិក​ចុងក្រោយ​របស់​អង្គការសហប្រជាជាតិ​។ ក៏ប៉ុន្តែ​ប៉ុន្មាន​ឆ្នាំ​មកនេះ រដ្ឋ​ក្មេងខ្ចី​បំផុត​របស់​ពិភពលោក​មួយ​នេះ នៅ​មិនទាន់​អា​ចរក​សុខសន្តិភាព​ជូន​ប្រជាជន​ខ្លួន​បានឡើយ​។

​គិត​ចាប់ពី​ឆ្នាំ​២០១៣​មក ប្រទេស​បាន​ធ្លាក់​ចូលក្នុង​សង្គ្រាមស៊ីវិល ដោយសារតែ​ភាពមិន​ត្រូវ​រូ​វ​គ្នា​របស់​អ្នកនយោបាយ ដែលមាន​ម្ខាង​ជា​ប្រធានាធិបតី​ស៊ូដង់​ខាងត្បូង លោក Salva Kiir និង​ម្ខាង​ទៀត​ជា​អតីត​អនុ​ប្រធានាធិបតី​របស់លោក ដែលជា​មេដឹកនាំ​បក្សប្រឆាំង​។ ភាគី​ទាំងពីរ ដែល​សុទ្ធ​តែមាន​អ្នកគាំទ្រ​ដូចគ្នា បាន​ប៉ះទង្គិច​គ្នា​ទាំង​ផ្នែក​ប្រដាប់អាវុធ ដែល​បានសម្លាប់​ប្រជាជន​ស៊ីវិល​រាប់ពាន់នាក់​មកហើយ​៕



Tag:
 ស៊ូដង់​ខាងត្បូង​
  សន្តិភាព
© រក្សាសិទ្ធិដោយ thmeythmey.com