សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
វៀតណាម វ៉ាដាច់ម៉ាឡេស៊ីដើម្បីក្លាយជាដៃគូពាណិជ្ជកម្មធំបំផុតរបស់ចិន 28, Jul 2018 , 4:15 pm
× វៀតណាម បានបំបែកកំណត់ត្រាពាណិជ្ជកម្មតំបន់អាស៊ាន ដោយបានក្លាយជាដៃគូពាណិជ្ជកម្មធំបំផុតរបស់ចិនក្នុងឆមាសទី១ឆ្នាំ២០១៨។ កំណត់ត្រានេះ កើតឡើងបន្ទាប់ពីទំហំពាណិជ្ជកម្មរបស់វៀតណាម បានបន្តកើនឡើងរហូតដល់ជាង ១០ពាន់លានដុល្លាររៀងរាល់ខែ លើសទំហំពាណិជ្ជកម្មរបស់ដៃគូពាណិជ្ជកម្មធំបំផុតចាស់ចិន ម៉ាឡេស៊ី។
គិតត្រឹមខែមិថុនា ឆ្នាំ២០១៨នេះ ទំហំពាណិជ្ជកម្មចិននិងវៀតណាម បានឈានដល់ ១១.២ ពាន់លានដុល្លារ ធៀបនឹងទំហំពាណិជ្ជកម្មចិននិងម៉ាឡេស៊ី អាចបានត្រឹមតែ ៩.៩ ពាន់លានដុល្លារ ដែលនេះ ធ្វើឲ្យវៀតណាមក្លាយជាដៃគូពាណិជ្ជកម្មធំបំផុតរបស់ចិនប្រចាំតំបន់អាស៊ាន ខណៈម៉ាឡេស៊ី ដែលធ្លាប់តែជាដៃគូធំបំផុតចិនច្រើនឆ្នាំហើយនោះ ត្រូវនៅលំដាប់បន្ទាប់វិញ។
តាមការបញ្ជាក់របស់អ្នកប្រឹក្សាសេដ្ឋកិច្ច និងពាណិជ្ជកម្មរបស់ស្ថានទូតចិនប្រចាំវៀតណាម លោក Hu Suo Jin នាសន្និសីទសារព័ត៌មានថ្ងៃ២៦ កក្កដា ពាក់កណ្តាលឆ្នាំ២០១៨នេះ ទំហំពាណិជ្ជកម្មចិន និងវៀតណាម បានកើតឡើង ២៨.៨ ភាគរយ បើប្រៀបធៀបឆ្នាំមុនក្នុងរយៈពេលដូចគ្នា ភាគីទាំងពីរ អាចសម្រេចបានត្រឹមតែ ១៥.៥ ភាគរយប៉ុណ្ណោះ។ នេះបើយោងតាមការចុះផ្សាយរបស់ Vietnam News។
តាមប្រភពព័ត៌មានដដែលនោះ អ្នកប្រឹក្សារូបនេះ បានសង្កត់ធ្ងន់ថា នេះ គឺជាអំឡុងពេលដ៏ល្អបំផុតនៃទំនាក់ទំនងសេដ្ឋកិច្ចរវាងចិន និងវៀតណាម។ តាមអ្នកប្រឹក្សាបន្តទៀត មកទល់ពេលនេះ អាជ្ញាធរនៃប្រទេសទាំងពីរ កំពុងបន្តធ្វើការជាមួយគ្នាតាមខេត្តជាប់ព្រំដែនដើម្បីសម្រួល និងពន្លឿនការនាំចូលផលិតផលកសិកម្មវៀតណាមទៅកាន់ចិន។
គួរជម្រាបផងដែរថា គិតចាប់ពីឆ្នាំ២០០៩មក ចិន បានក្លាយជាដៃគូពាណិជ្ជកម្មធំបំផុតសម្រាប់ប្រទេសអាស៊ាន ខណៈអាស៊ាន គឺជាដៃគូពាណិជ្ជកម្មធំបំផុតលំដាប់ទី៣របស់ចិនវិញ។ ចិន មិនត្រឹមតែជាដៃគូកិច្ចសន្ទនា និងដៃគូពាណិជ្ជកម្មរួមរបស់អាស៊ានប៉ុណ្ណោះនោះទេ តែចិន ក៏ជាដៃគូធំសម្រាប់ប្រទេសអាស៊ានក្នុងក្របខណ្ឌពាណិជ្ជកម្មទ្វេភាគីដូចគ្នា៕
© រក្សាសិទ្ធិដោយ thmeythmey.com