អន្តរជាតិ
ជប៉ុន បើកទ្វារទទួលពលរដ្ឋវៀតណាម១ម៉ឺនដើម្បីបម្រើការងារជាអ្នកមើលថែទាំ 29, Jul 2018 , 8:57 am
រូបភាព ៖Japan Times
× រដ្ឋាភិបាលជប៉ុន បានប្រកាសទទួលយកពលរដ្ឋវៀតណាមរាប់ពាន់នាក់ដើម្បីឲ្យទៅបម្រើការនៅក្នុងប្រទេសខ្លួនលើវិស័យថែទាំ ខណៈប្រទេស កំពុងតែជួបវិបត្តិកង្វះកម្លាំងពលរដ្ឋលើវិស័យនេះ។ រដ្ឋាភិបាលជប៉ុន ក៏មានផែនការក្នុងការទទួលយកពលរដ្ឋដែលអ្នកថែទាំពីបណ្តាប្រទេសអាស៊ានមួយចំនួនទៀតដូចជាឥណ្ឌូណេស៊ី និងកម្ពុជាផងដែរ ប្រសិនបើមានការឯកភាពពីថ្នាក់រដ្ឋាភិបាល។
បើមិនមែនការប្រែប្រួលទៀតនោះទេ រដ្ឋាភិបាលជប៉ុន នឹងបើកទ្វារសម្រាប់ទទួលពលករជនជាតិវៀតណាមចំនួន ១ ម៉ឺននាក់ដើម្បីបម្រើការក្នុងវិស័យថែទាំរបស់ខ្លួនរហូតដល់ឆ្នាំ២០២០។ នេះ គឺជាដំណោះស្រាយទាន់ពេលមួយរបស់រដ្ឋាភិបាលក្រុងតូក្យូដើម្បីឆ្លើយតបទៅនឹងកង្វះនៃកម្លាំងពលកម្មលើវិស័យ ការងារនេះ ខណៈដែលអត្រានៃមនុស្សចាស់របស់ប្រទេសនៅតែស្ថិតនៅក្នុងកម្រិតខ្ពស់នោះ។
តាមភ្នាក់ងារព័ត៌មានជប៉ុន The Japan Times ក្នុងគម្រោងនេះ រដ្ឋាភិបាលជប៉ុន នឹងទទួលពលករវៀតណាមចំនួន ៣ពាន់នាក់សិននៅក្នុងឆ្នាំនេះ ហើយគម្រោងនេះផងដែរ ក៏ស្ថិតក្រោមការឧបត្ថម្ភហិរញ្ញវត្ថុពីរដ្ឋាភិបាលជប៉ុនសម្រាប់ការសិក្សាភាសាដើម្បីប្រើប្រាស់ផងដែរ។ សម្រាប់គម្រោងដែលនៅសេសសល់ នឹងត្រូវអនុវត្តរហូតដល់ឆ្នាំ២០២០។
កិច្ចព្រមព្រៀងក្នុងការទទួលយកពលករវៀតណាមឲ្យទៅបម្រើការនៅក្នុងប្រទេសជប៉ុនលើវិស័យថែទាំ បានចាប់ផ្តើមពីខែវិច្ឆិកាឆ្នាំមុន។ បន្ថែមលើកិច្ចព្រមព្រៀងដែលមានស្រាប់ ជប៉ុន និងវៀតណាម ក៏មានផែនការចុះហត្ថលេខាលើអនុស្សារណៈយោគយល់ពាក់ព័ន្ធវិស័យសុខាភិបាល និងសុខមាលភាពក្នុងគោលដៅផ្តល់ចំណេះដឹង និងជំនាញលើការថែទាំផងដែរ។ នេះបើយោងតាមប្រភពព័ត៌មានដដែល។
អ្វីដែលគួរសម្គាល់ផងដែរនោះ នៅថ្ងៃ២៦ កក្កដាកន្លងទៅ លោកនាយករដ្ឋមន្ត្រីជប៉ុន ស៊ីនហ្សូ អាបេ ក៏បានអះអាងថា លោក បានដាក់ការណែនាំឲ្យគណៈរដ្ឋមន្ត្រីរបស់លោករៀបចំទទួលពលករបរទេសបន្ថែមផងដែរ។ លោក ក៏បានដាក់គោលដៅពីពលករដែលមកពីប្រទេសអាស៊ានដូចជាឥណ្ឌូណេស៊ី កម្ពុជា និងឡាវ ផងដែរ៕
Tag:
ជប៉ុន
វៀតណាម
អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com