អន្តរជាតិ
ឥណ្ឌូណេស៊ី៖ យ៉ាងហោចបីនាក់ស្លាប់រញ្ជួយដីកម្រិត ៦,៤ រ៉ិចទ័រនៅកោះឡំបុក 29, Jul 2018 , 9:49 am
រូបភាព៖ Twitter
× យ៉ាងហោចណាស់មនុស្សបីនាក់ស្លាប់ដោយសាររញ្ជួយដីកម្រិត ៦,៤ រ៉ិចទ័រនៅកោះឡំបុក (Lombok) ឥណ្ឌូណេស៊ីនៅព្រឹកថ្ងៃអាទិត្យទី ២៩ ខែកក្កដានេះ។ មនុស្សប្រហែល ២០នាក់ផ្សេងទៀតរងរបួសផងដែរ។
បើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP រញ្ជួយនេះក្នុងកម្រិត ៦,៤ រ៉ិចទ័រនេះកើតឡើងក្នុងជម្រៅ ៧គីឡូម៉ែត្រ ប៉ុន្តែមិនមានការប្រកាសផ្តល់ដំណឹងពីសញ្ញារលកយក្សស៊ូណាមិឡើយ។
ចំណែកខាងអាជ្ញាធរទទួលបន្ទុកគ្រោះមហន្តរាយបានអះអាងថា អ្នកស្លាប់មានប្រហែលបីនាក់ ហើយមានពីរនាក់បានស្លាប់នៅភាគខាងជើងកោះ។
«មនុស្សម្នាក់ស្លាប់នៅភាគខាងកើតកោះ ហើយពីរនាក់ផ្សេងទៀតបានស្លាប់នៅភាគខាងជើងកោះឡំបុកបន្ទាប់ពីរញ្ជួយដីនេះ»។ លោក Sutopo Purwo Nugroho អ្នកនាំពាក្យទីភ្នាក់ងារទទួលបន្ទុកគ្រប់គ្រងគ្រោះមហន្តរាយនិយាយបែបនេះ។
យ៉ាងណាមិញ មិនមានរបាយការណ៍លម្អិតឡើយពាក់ព័ន្ធនឹងការស្លាប់របស់ជនរងគ្រោះ និងចំនួនអ្នកស្លាប់ពិតប្រាកដឡើយ។ ប៉ុន្តែគេដឹងថា មនុស្សយ៉ាងហោចណាស់ ២០នាក់បានរងរបួស ហើយផ្ទះមួយកន្លែងខូចខាតធ្ងន់ធ្ងរដោយសារការរញ្ជួយដីនេះ។
ឡំបុកជាកោះស្ថិតនៅភាគអាគ្នេយ៍នេះប្រទេសឥណ្ឌូណេស៊ី និងជាទីកន្លែងទេសចរណ៍ដ៏ពញនិយមមួយ ហើយវាស្ថិតនៅចម្ងាយប្រហែល ១០០ គីឡូម៉ែត្រពីកោះបាលីប៉ុណ្ណោះ៕
© រក្សាសិទ្ធិដោយ thmeythmey.com