អន្តរជាតិ
ស៊ីមបាវ៉េរៀបចំការបោះឆ្នោតដោយគ្មានវត្តមានលោក មូហ្កាបេ ជាលើកដំបូង 29, Jul 2018 , 8:59 pm
លោក Nelson Chamis បេក្ខជនបក្សប្រឆាំង (ឆ្វេង) និងប្រធានាធិបតី Emmerson Mnangagwa (ស្ដាំ)
× បក្សនយោបាយនៅស៊ីមបាវ៉េ នៅថ្ងៃទី២៨ ខែកក្កដា បានបិទបញ្ចប់យុទ្ធនាការស្វែងរកការគាំទ្រក្នុងការបោះឆ្នោតដែលរៀបចំឡើងដោយគ្មានវត្តមានលោក រ៉ូបឺត មូហ្កាបេ ជាលើកដំបូង។ ទាំងបក្សកាន់អំណាច Zanu-PF របស់ប្រធានាធិបតី Emmerson Mnangagwa ដែលឡើងកាន់អំណាចជំនួសលោក មូហ្កាបេ និងបក្សប្រឆាំងសុទ្ធតែរំពឹងឈ្នះដូចគ្នា។ បក្សនយោបាយទាំងអស់ក៏អំពាវនាវឲ្យប្រជាជនរក្សារបៀបរៀបរយដើម្បីការបោះឆ្នោតមួយដែលមានសន្តិភាព។
រដ្ឋអាហ្វ្រិកស៊ីមបាវ៉េ នឹងរៀបចំការបោះឆ្នោតទូទៅនៅថ្ងៃទី៣០ ខែកក្កដា ដែលនេះជាការបោះឆ្នោតលើកទីមួយដែលគ្មានវត្តមានលោក រ៉ូបឺត មូហ្កាបេ ក្នុងរយៈពេលជាង៤០ឆ្នាំ។ ប្រធានាធិបតីបច្ចុប្បន្ននៃបក្សកាន់អំណាច Zanu-PF លោក Emmerson Mnangagwa និងគូប្រជែងសំខាន់លោក Nelson Chamisa នៃបក្ស MDC Alliance បានបញ្ចប់យុទ្ធនាការឃោសនាទ្រង់ទ្រាយធំនៅថ្ងៃទី២៨ ខែកក្កដា។
ទាំងលោក Mnangagwa ទាំងលោក Chamisa សុទ្ធតែអំពាវនាវប្រជាជនស៊ីមបាវ៉េដែលមានឈ្មោះបោះឆ្នោតជាង៥លាន៦សែននាក់ ឲ្យបោះឆ្នោតគាំទ្របក្សរៀងៗខ្លួន។ បេក្ខជនប្រធានាធិបតីទាំងពីរក៏ស្នើឲ្យអ្នកគាំទ្ររបស់ខ្លួនរក្សាសន្តិភាពដើម្បីធានាថា ការបោះឆ្នោតនឹងធ្វើឡើងដោយរលូន។ រយៈពេលឃោសនាកន្លងមក បក្សធំទាំងពីរសុទ្ធតែបង្ហាញនយោបាយរបស់ខ្លួនដើម្បីទាក់ទាញចិត្តអ្នកគាំទ្រ ជាពិសេសយុវជន និងអ្នកបោះឆ្នោតនៅជនបទ។
ក្នុងការជួបជុំថ្ងៃចុងក្រោយក្នុងរដ្ឋធានីហារ៉ារ៉េ លោក Mnangagwa បានបង្ហាញក្ដីរំពឹងថា បក្សរបស់លោកនឹងទទួលជោគជ័យធំធេង។ ប្រធានាធិបតីដែលស្នងតំណែងលោក មូហ្កាបេ ក្នុងព្រឹត្តិការណ៍នយោបាយខែវិច្ឆិកា ឆ្នាំ២០១៧ បានសន្យាបង្កើនទំហំសេដ្ឋកិច្ច និងការពារបេតិកភណ្ឌរបស់ប្រទេសពេលខ្លួនឈ្នះឆ្នោត។ យោងតាមទីភ្នាក់ងារព័ត៌មាន Xinhua លោក Mnangagwa និយាយថា នៅថ្ងៃទី៣០ ខែកក្កដា យើងនឹងឈ្នះ។
ឯគូប្រជែងសំខាន់របស់លោក Mnangagwa គឺលោក Chamisa ក៏រំពឹងឈ្នះក្នុងការបោះឆ្នោតដែលមានអ្នកសង្កេតការណ៍ជាង៤០ប្រទេសរាប់ទាំងសហភាពអឺរ៉ុប និងអាមេរិកផងនោះ។ លោកបានដាក់ក្ដីសង្ឃឹមថា នឹងទទួលបានការគាំទ្រចំនួន៦៥ភាគរយដើម្បីបង្កើតរដ្ឋាភិបាលអាណត្តិក្រោយ និងដើម្បីបិទមាត់ក្រុមប្រឆាំង។ លោកសន្យាដោះស្រាយតម្រូវការរបស់ប្រជាជន និងបង្កើតសង្គមដែលគ្មានការរើសអើង ការគោរពសិទ្ធិកម្មករ និងការជំរុញសេដ្ឋកិច្ចផង។
បន្ថែមពីលើការបោះឆ្នោតជ្រើសរើសប្រធានាធិបតី អ្នកបោះឆ្នោតស៊ីមបាវ៉េជាង៥.៦លាននាក់ នឹងបោះឆ្នោតជ្រើសរើសសមាជិកសភាផង។ បេក្ខជន២៣នាក់ នឹងប្រជែងក្នុងការបោះឆ្នោតប្រធានាធិបតី ឯបក្សចំនួន៥៥ ចូលរួមប្រជែងយកអាសនៈសភា។ នេះជាលើកដំបូងក្នុងរយៈពេល១៦ឆ្នាំ ដែលសហភាពអឺរ៉ុប និងអាមេរិក បានបញ្ជូនអ្នកសង្កេតការណ៍ត្រួតពិនិត្យការបោះឆ្នោតនៅស៊ីមបាវ៉េ៕
Tag:
ស៊ីមបាវ៉េ
Emmerson Mnangagwa
Nelson Chamisa
© រក្សាសិទ្ធិដោយ thmeythmey.com