អន្តរជាតិ
ឥណ្ឌូណេស៊ី៖ អ្នកស្លាប់ដោយសាររញ្ជួយដីនៅលើកោះឡំបុកកើនលើស ១០នាក់ 29, Jul 2018 , 7:33 pm
រូបភាព៖ Al Jazeera
× គ្រោះមហន្តរាយរញ្ជួយដីកម្រិត ៦,៤ រ៉ិចទ័រនៅកោះឡំបុកប្រទេសឥណ្ឌូណេស៊ីព្រឹកថ្ងៃអាទិត្យទី ២៩ កក្កដានេះបានឆក់យកជីវិតមនុស្សយ៉ាងហោចណាស់ ១០នាក់។ នេះបើតាមការរបាយការណ៍បណ្តោះអាសន្នរបស់អាជ្ញាធរឥណ្ឌូណេស៊ី។
ទីភ្នាក់ងារព័ត៌មាន AFP ចុះផ្សាយថា ក្រៅពីអ្នកស្លាប់និងរបួស មនុស្សជាច្រើនដែលស្ថិតនៅកន្លែងកើតហេតុនោះភ័យស្លន់ស្លោរដោយសារករណីរញ្ជួយដីកម្រិតខ្ពស់នេះផង។ ភ្នំ Rinjani ដែលជាកន្លែងពេញនិយមសម្រាប់អ្នកទេសចរដែលចូលចិត្តឡើងភ្នំនោះក៏រងផលប៉ះពាល់ខ្លាំងដែរព្រោះមានការបាក់ដីខ្លាំង។
មន្ត្រីដែលស្ថិតនៅកន្លែងកើតហេតុបានប្រាប់អ្នកសារព័ត៌មានថា ក្រៅពីអ្នកស្លាប់ច្រើនជាង១០នាក់ ផ្ទះជាច្រើនខ្នងត្រូវបានបំផ្លាញព្រោះរលករញ្ជួយច្រើនជាងមួយរយដង និងចលនារញ្ជួយខ្លាំងបីដងបន្តបន្ទាប់ផង។
«រញ្ជួយដីបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១០នាក់ ហើយ ៤០នាក់ផ្សេងទៀតបានរបួស ហើយផ្ទះមិនក្រោម ១០០ខ្នងទៀតឡើយដែលត្រូវរងការបំផ្លិចបំផ្លាញ។ យើងវាយតម្លៃថា ចំនួននេះនឹងត្រូវកើនឡើងព្រោះថាយើងមិនទាន់បញ្ចប់ការប្រមូលទិន្នន័យនៅឡើយទេ»។ អ្នកនាំពាក្យទីភ្នាក់ងារដោះស្រាយបញ្ហាគ្រោះមហន្តរាយលោកSutopo Purwo Nugroho បាននិយាយដូច្នេះ។
អ្នកស្លាប់ និងអ្នករបួសភាគច្រើនរងការប៉ះទង្គិចដោយសារបំណែកអាគារដែលបាក់ ហើយក្នុងចំណោមនោះ មានស្ត្រីម្នាក់ជាជនជាតិម៉ាឡេស៊ីមានអាយុ ៣០ឆ្នាំ។
យ៉ាងណាក៏ដោយ ទោះបីជារលកជញ្ជួយមានកម្រិយដល់ ៦,៤រ៉ិចទ័រ ក្នុងជម្រៅដល់៧គីឡូម៉ែត្រក្តី គ្មានឡើយការចេញប្រកាសអាសន្នស្តីពីរលកយក្សស៊ូណាមិ។ ប្រជាជនដែលស្ថិតនៅក្នុងតំបន់កើតហេតុត្រូវបានអាជ្ញាធរណែនាំឲ្យប្រុងប្រយ័ត្ន និងរក្សាការអត់ធ្មត់សិន។
ឡំបុកជាកោះស្ថិតនៅភាគអាគ្នេយ៍នេះប្រទេសឥណ្ឌូណេស៊ី និងជាទីកន្លែងទេសចរណ៍ដ៏ពញនិយមមួយ ហើយវាស្ថិតនៅចម្ងាយប្រហែល ១០០ គីឡូម៉ែត្រពីកោះបាលីប៉ុណ្ណោះ។ ប៉ុន្តែតាំងពីយូរមកហើយ កោះនេះក៏ស្ថិតនៅក្នុងតំបន់ដែលរងផលប៉ះពាល់ដោយសារបញ្ហារញ្ជួយដី ឬគ្រោះមហន្តរាយធម្មជាតិជាញឹកញាប់ដែរប៉ុន្តែមិនមានគ្រោះថ្នាក់ធំដូចពេលនេះឡើយ៕
© រក្សាសិទ្ធិដោយ thmeythmey.com