អន្តរជាតិ
មេដឹកនាំ​កូ​ឡុំ​ប៊ី​៖ របប​ដឹកនាំ​វេ​ណេ​ស៊ុយ​អេ​ឡា​របស់​ម៉ា​ឌុយ​រ៉ូ នឹង​ដួលរលំ​ឆាប់ៗ
01, Aug 2018 , 11:59 am        
រូបភាព
ដោយ: ថ្មីៗ
​ប្រធានាធិបតី​ផុត​អាណត្តិ​កូ​ឡុំ​ប៊ី​លោក Juan Manuel Santos  បាន​ថ្លែងថា លោក នី​កូ​ឡាស់ ម៉ា​ឌូ​រ៉ូ ប្រធានាធិបតី​វេ​ណេ​ស៊ុយ​អេ​ឡា​ដែល​ហ៊ុមព័ទ្ធ​ដោយ​រឿងអាស្រូវ​នឹង​អាច​ធ្លាក់​ពី​តំណែង​នៅពេល​អនាគត​។ មេដឹកនាំ​កូ​ឡុំ​ប៊ី​នេះ​អះអាង​បែបនេះ​ដោយ​លើកយក​ហេតុផល​បញ្ហា​អតិផរណា​ដែល​នឹង​អាច​កើនឡើង​ដល់​មួយ​លាន​ភាគរយ​នោះ​។


​ក្នុង​បទសម្ភាសន៍​ជាមួយ​ទីភ្នាក់ងារ​ព័ត៌មាន AFP លោក Santos បាន​អះអាង​លោក​មើលឃើញ​របប​ដឹកនាំ​លោក ម៉ា​ឌុយ​រ៉ូ ក្នុង​គ្រោះថ្នាក់​ព្រោះ​របប​នេះ​អសមត្ថភាព​ក្នុងការ​ដោះស្រាយ​បញ្ហា​ប្រឈម​ចំពោះមុខ​ជាពិសេស​អាយុជីវិត​ប្រជាជន​។ អតិផរណា​កើន​ដល់​មួយ​លាន​ភាគរយ​ដូច​ការ​ព្យាករ​របស់​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​នោះ​ជា​បញ្ហា​ធ្ងន់ធ្ងរ​បំផុត​។​

​ប្រធានាធិបតី​ផុត​អាណត្តិ​នេះ​និយាយ​ដូច្នេះ​៖«​ខ្ញុំ​អាច​មើលឃើញថា វា​កំពុង​កើតឡើង​នៅពេល​ពេល​ឆាប់​នេះ​។ ប្រទេសមួយ​ដែលមាន​កម្រិត​អតិផរណា​ដូចដែល​វេ​ណេ​ស៊ុយ​អេ​ឡា​មាន​នោះ របប​ដឹកនាំ​ត្រូវតែ​ដួលរលំ​ចៀស​មិន​រួច​»​។​

​លោក Santos ក៏​យល់ឃើញ​ផងដែរ​ថា បញ្ហា​ធំ​គឺ​លោក ម៉ា​ឌុយ​រ៉ូ ព្យាយាម​ទាត់ចោល​រាល់​មតិ​រិះគន់ និង​ច្រានចោល​រាល់​ការ​អះអាងថា វេ​ណេ​ស៊ុយ​អេ​ឡា​កំពុង​ធ្លាក់​ជ្រៅ​ក្នុង​វិបត្តិ​។ លោក ម៉ា​ឌុយ​រ៉ូ កាលពី​ថ្មីៗ​នេះ​បាន​បដិសេធ​របាយការណ៍​ស្រាវជ្រាវ​ដែល​រកឃើញថា អត្រា​ភាពក្រីក្រ​នៅ​វេ​ណេ​ស៊ុយ​អេ​ឡា​កើន​លើស ៦០​ភាគរយ​នោះ ដោយ​លោក​អះអាងថា អត្រា​ភាពក្រីក្រ​នៅ​តិចជាង​១០​ភាគរយ​ប៉ុណ្ណោះ​។

​តាមពិតទៅ​ទំនាក់ទំនង​រវាង​វេ​ណេ​ស៊ុយ​អេ​ឡា និង​កូ​ឡុំ​ប៊ី​តានតឹង​ខ្លាំង​ដែរ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​មកនេះ​។ លោក ម៉ា​ឌុយ​រ៉ូ បាន​ហៅ​កូ​ឡុំ​ប៊ី​ជា​កូនជឹង​របស់​ងា​មេ​រិ​ក ហើយ​លោក Santos វិញ​ធ្លាប់​វាយតម្លៃថា ការផ្លាស់ប្តូ​របប​អាច​នឹង​កើតឡើង​នៅ​វេ​ណេ​ស៊ុយ​អេ​ឡា​មុន​ការបោះឆ្នោត​ប្រ​ធា​នាធ​ប​តី​ខែឧសភា​។ ប៉ុន្តែ​ក្រោយមក លោក ម៉ា​ឌុយ​រ៉ូ ឈ្នះឆ្នោត​ជាថ្មី​ដោយ​គ្មាន​បក្សប្រឆាំង​ចូលរួម​ឡើយ​។

​យ៉ាងណាមិញ កូ​ឡុំ​ប៊ី​ប្រឈម​បញ្ហា​ច្រើន​ដោយសារ​វិបត្តិ​សេដ្ឋកិច្ច​និង​សង្គម​នៅ​វេ​ណេ​ស៊ុយ​អេ​ឡា​។ ប្រជាជន​វេ​ណេ​ស៊ុយ​អេ​ឡា​រាប់ម៉ឺន​នាក់​ភៀសខ្លួន​ចូល​កូ​ឡុំ​ប៊ី ដោយសារ​ពួកគេ​ប្រឈម​កង្វះខាត​ចំណីអាហារ និង​ថ្នាំសង្កូវ ក៏ដូចជា​មិនអាច​ទទួលបាន​សេវាសាធារណៈ​ព្រោះ​រដ្ឋាភិបាល​រួមរឹត​ដោយសារ​វិបត្តិ​ធ្ងន់ធ្ងរ​។​

​ខណៈដែល​វិបត្តិ​កាន់តែ​ធ្ងន់ធ្ងរ លោក ម៉ា​ឌុយ​រ៉ូ បន្ត​ទិតៀន​ក្រុមប្រឆាំង និង​សហរដ្ឋអាមេរិក​ជុំវិញ​បញ្ហា​ដែល​កំពុង​កើតឡើង​នៅក្នុង​ស្រុក​នេះ​។ មេដឹកនាំ​ដែលមាន​ប្រវត្តិ​ធ្លាប់​ធ្វើជា​អ្នកបើក​ឡាន​នេះ​បាន​ព្យាយាម​យក​ការគំរាមកំហែង​របស់​អាមេរិក​ក្នុងការ​ឈ្លានពាន​វេ​ណេ​ស៊ុយ​អេ​ឡា និង​រំលំ​របប​ដឹកនាំ​ជា​លេស​ដើម្បី​ការពារ​ភាពស្របច្បាប់​នៃ​រដ្ឋាភិបាល​ខ្លួន​ផង​ផង​៕


Tag:
 នី​កូ​ឡាស់ ម៉ា​ឌុយ​រ៉ូ​
  កូ​ឡុំ​ប៊ី​
  Juan Manuel Santos
© រក្សាសិទ្ធិដោយ thmeythmey.com