កីឡាអន្តរជាតិ
អន្តរជាតិ
Suzuki Cup៖ មហា​ធៀ លួងលោម​និង​លើកទឹកចិត្ត​កីឡាករ​ម៉ាឡេស៊ី ក្រោយ​ចាញ់​វៀតណាម​
17, Dec 2018 , 8:59 pm        
រូបភាព
​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី មហា​ធៀ មហាម៉ាត់ បាន​និយាយ​លើកទឹកចិត្ត​ដល់​ក្រុម​កីឡាករ​ម៉ាឡេស៊ី​ដោយ​ប្រើ​ពាក្យលួងលោម និង​សរសើរ​ពួកគេ​ក្រោយ​ទទួល​បរាជ័យ​ក្រោម​ថ្វី​ជើង​វៀតណាម​ក្នុងការ​ប្រកួត​ដណ្តើមពាន​រង្វាន់ AFF Suzuki Cup 2018​។​

 
​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​ម៉ាឡេស៊ី​ទទួលបាន​ត្រឹម​ការខកចិត្ត​ប៉ុណ្ណោះ ដោយ​ការ​ចាញ់​វៀតណាម​ក្នុង​លទ្ធផល​ទាំងពីរ​ជើង ៣-២ សម្រាប់​ការប្រកួត​ដណ្តើមពាន​ប្រចាំ​តំបន់​អាស៊ាន​ឆ្នាំ​២០១៨​នេះ​។​
 
​នា​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​ជើង​ទី​២ នៅ​កីឡដ្ឋាន MyDinh ក្នុង​ក្រុង​ហាណូយ​ដែល​ម្ចាស់ផ្ទះ​បាន​យកឈ្នះ​ម៉ាឡេស៊ី ១-០ បុរស​វ័យ​៩៣​ឆ្នាំ ដែល​ទើប​ឡើងកាន់តំណែង​ជា​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​ជាថ្មី​នោះ ក៏បាន​អង្គុយ​ទស្សនាការ​ប្រកួត​នៅមុខ​អេ​ក្រុង​ទូរ​ស្សន៍​ក្នុង​បន្ទប់​មួយ​ជាមួយ​ក្រុមការងារ ៥០​នាក់​ផ្សេងទៀត​ផងដែរ បើទោះបី​លោក​កំពុង​ស្ថិតនៅ​ក្រុង​បាងកក ប្រទេស​ថៃ ដើម្បី​ធ្វើ​ទស្សនកិច្ច​ជា​ផ្លូវការ​ក៏ដោយ​។​
 
​បើទោះជា​បាន​លទ្ធផល​យ៉ាងនេះ​ក្តី ប៉ុន្តែ​លោក​មហា​ធៀ នៅតែ​លើកទឹកចិត្ត​ដល់​កីឡាករ​របស់លោក​ដោយ​ប្រើពាក្យ​សរសើ​លួងលោម រួមជាមួយ​នឹង​ការគាំទ្រ​របស់លោក​យ៉ាងខ្លាំង​ក្លា​។​


លោក មហាធៀ ជួបកីឡាករម៉ាឡេស៊ីដើម្បីលើកទឹកចិត្ត មុនជំនួបផ្តាច់ព្រ័ត្រ AFF Suzuki Cup 2018
 
«​កីឡាករ​របស់​យើង​លេង​បានល្អ​។ ពួកគេ​បាន​ខិតខំ​ព្យាយាម​ស្ទើ​តែ​រក​គ្រាប់​បាល់​ពី​វៀតណាម​បាន​ទៅហើយ ប៉ុន្តែ​ពួកគេ​មិនមាន​សំណាង​។ ជាមួយនឹង​ទម្រង់​លេង​របស់​ក្រុម​បែបនេះ យើង​អាចមាន​លទ្ធភាព​ឈ្នះ​ច្រើន​សម្រាប់​ការប្រកួត​នា​ថ្ងៃ​អនាគត​»​។​
 
​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី មហា​ធៀ បន្ថែមថា លោក​សង្ឃឹម​យ៉ាង​មុតមាំ​ថា​កីឡាករ​របស់​យើង​មិន​ខក​ចិត្តនឹង​លទ្ធផល​នេះ​ទេ ហើយ​យក​បរាជ័យ​លើក​នេះ​ជា​មេរៀន និង​បទពិសោធ​ដើម្បី​បង្កើន​ជំនាញ​របស់​ពួកគេ​ឲ្យ​កាន់តែ​ល្អ​ជាង​មុខ​៕

Tag:
 បាល់ទាត់​
  AFF Suzuki Cup
© រក្សាសិទ្ធិដោយ thmeythmey.com