មហាជននៅតែស្រពេចស្រពិលថាតើពេលណាគួរតែប្រើពាក្យ«អនុវត្ត»និងពេលណាគួរតែប្រើពាក្យ«អនុវត្តន៍»?
ពាក្យ «អនុវត្ត»ជាកិរិយាសព្ទ ដោយសំដៅលើ ប្រព្រឹត្តតាម, ធ្វើតាម, យល់ព្រម,យល់ព្រមតាម។ ឧទាហរណ៍៖ ដើម្បីឱ្យក្លាយជាមនុស្សល្អ ត្រូវតែអនុវត្តនូវសេចក្តីល្អ។
ចំណែកពាក្យ «អនុវត្តន៍» ជានាមសព្ទ មានន័យដូចនឹង«ការ, សេចក្តី, ក្តី, ដំណើរ» ដែលប្រែមកថា ការប្រព្រឹត្តតាម, ការធ្វើតាម, បណ្តោយតាម។ ប្រសិនបើគេប្រើពាក្យ «អនុវត្តន៍» គេមិនចាំបាច់ សរសេរ ការ,សេចក្តី,ក្តី ឬដំណើរមកជាមួយទេ ពីព្រោះពាក្យ ការ,សេចក្តី,ក្តី ឬដំណើរ ទាំងនេះមានថ្នាក់ពាក្យជានាមដែរ ដូច្នេះយើងមិនត្រូវសរសេរជា «ការអនុវត្តន៍» ដែលមាននាមពីរជាប់គ្នានោះឡើយ។ ឧទាហរណ៍៖ អនុវត្តន៍នូវសេចក្តីល្អ នាំឱ្យមនុស្សមានសេចក្តីសុខ(ទើបត្រឹមត្រូវ)។
អ្វីដែលគួរឲ្យគត់សម្គាល់មួយទៀតនោះ គឺថា តើពាក្យណាដែលត្រូវដាក់ «ន៍» ហើយពាក្យណាដែលត្រូវដាក់ «ណ៍»។ អ្នកគប្បីចំណាំថា រាល់ពាក្យទាំងអស់ត្រូវដាក់ «ន៍» នៅខាងចុង ដូចជាពាក្យថា អភិវឌ្ឍន៍, អនុវត្តន៍, បដិវត្តន៍, អនុសាសន៍, ប្រសាសន៍, គមនាគមន៍ ជាដើម។
នៅមានពាក្យដទៃទៀត ដែលមាន«ន៍» ពាក្យទាំងនោះមានដូចជា «ប្រណិប័តន៍» ប្រែថាការឱនសំពះ និង «អភិវឌ្ឍន៍» ប្រែថាសេចក្តីចម្រើនក្រៃលែង ជាដើម។ ក្រៅពីនេះ នៅមានពាក្យជាច្រើនទៀត ដែលបញ្ចប់ដោយអក្សរ «ន៍ ឬ ណ៍» ខាងចុង ដូចជា អធិករណ៍, ព្យាករណ៍, វេយ្យាករណ៍, ឧបករណ៍, គមនាគមន៍, សហគមន៍, ទូរទស្សន៍ ។ល។
គប្បីចងចាំថា ពាក្យទាំងឡាយណា ដែលមានអក្សរ «រ» ខាងចុង ត្រូវដាក់ «ណ៍» ដូចជា អធិករណ៍ និង ព្យាករណ៍ ជាដើម។ ចំណែកឯ ពាក្យទាំងឡាយណា ដែលបញ្ចប់ដោយអក្សរផ្សេង ក្រៅពីអក្សរ «រ» ត្រូវដាក់ «ន៍» ដូចជា ប្រសាសន៍, បដិវត្តន៍, អនុវត្តន៍, សម្ភាសន៍, ពិសោធន៍, ស្វាគមន៍, វិវឌ្ឍន៍, ពាក្យពេចន៍ ។ល។
ម្យ៉ាងទៀត ពាក្យទាំងអស់ ដែលមាន «ន៍ ឬ ណ៍» នៅខាងចុង គឺតែងតែជា «នាមសព្ទ» ជាដរាប ដោយមិនអាចជា «កិរិយាសព្ទ» ឡើយ។ ការបកស្រាយខាងលើ គឺយោងទៅតាមវចនានុក្រម សម្តេចព្រះសង្ឃរាជ ជួន ណាត និងសៀវភៅ វេយ្យាករណ៍បាលី ដែលរៀបរៀងដោយ បណ្ឌិត មហា ឈឹម ស៊ុម៕