កីឡាអន្តរជាតិ
អន្តរជាតិ
វៀតណាមខកចិត្តដូចក្រុមអាស៊ាន២ទៀតនាជំនួបបើកឆាក Asian Cup 09, Jan 2019 , 10:10 am
×
ក្រុមកីឡាបាល់ទាត់ជម្រើសជាតិវៀតណាមទទួលបានត្រឹមការខកចិត្តប៉ុណ្ណោះក្រោយការវាយបកយកឈ្នះរបស់អ៊ីរ៉ាក់ដោយលទ្ធផល ៣-២ នាជំនួបបើកឆាកពូល D នៃពានរង្វាន់ AFC Asian Cup ឆ្នាំ២០១៩ នៅថ្ងៃទី៨ ខែមករា។ វៀតណាមជាក្រុមពីតំបន់អាស៊ានទី៣ដែលបរាជ័យសម្រាប់ប្រកួតដំបូង បន្ទាប់ពីថៃ និងហ្វីលីពីន។
នៅឯកីឡដ្ឋាន Zayed Sports City ក្នុងទីក្រុងអាប៊ុយដាប៊ី កូនក្រុមរបស់លោក Park Hang-seo អាចរកគ្រាប់នាំមុខមុនដោយបាល់ចូលទីខ្លួនឯងពីសំណាក់ខ្សែការពារ Ali Faez Atiyah នៅនាទី២៤ មុនពេលកីឡាករ Mohanad Kadhim ស៊ុតឲ្យអ៊ីរ៉ាក់តាមស្មើវិញនៅ១១នាទីបន្ទាប់។ ខ្វះ៣នាទីចប់តង់ទី១ វៀតណាមអាចបន្តការនាំមុខ ២-១ វិញដោយការស៊ុតបញ្ចូលទីរបស់ខ្សែប្រយុទ្ធ Cong Phuong Nguyen។
ការប្រកួតបានឈានចូលដល់វគ្គទី២ និងដំណើរការបាន១៥នាទី ខ្សែបម្រើ Humam Tariq ជាអ្នកសម្រេចទីគ្រាប់ទី២ឲ្យអ៊ីរ៉ាក់ដើម្បីរក្សាលទ្ធផលស្មើគ្នា។ ប៉ុន្តែជាការខកចិត្តសម្រាប់ក្រុមវៀតណាម និងគ្រូបង្វឹក Park Hang-seo ត្រូវបានកើតឡើង បន្ទាប់ពីខ្សែការពារ Ali Adnan ទាត់បាល់ពិន័យ (Free Kick) យ៉ាងអស្ចារ្យបំប៉ោងសំណាញ់ទីវៀតណាមនៅនាទី៩០ទៅហើយ ដើម្បីនាំអ៊ីរ៉ាក់ឈ្នះ ៣-២ វិញ និងទទួលបាន៣ពិន្ទុសម្រាប់ជំនួបដំបូង។
VIDEO
នៅក្នុងសន្និសីតកាសែតមុនជំនួបគូទាំងពីនេះ គ្រូសញ្ជាតិកូរ៉េខាងត្បូង បានអះអាងថាកូនក្រុមរបស់លោក វៀតណាមអាចយកឈ្នះក្រុមខ្លាំងទាំង៣នេះបាន ក្នុងវគ្គជម្រុះតាមពូលនៃព្រឹត្តិការណ៍ប្រចាំតំបន់អាស៊ីនេះ។ ប៉ុន្តែអ្វីៗត្រូវបានបញ្ចប់ដ្បិតក្រុមបរាជ័យត្រឹមប្រកួតដំបូង។
សម្រាប់ពូល D នេះ អ៊ីរ៉ង់កំពុងឈរនៅកំពូលតារាងក្រោយលត់យេម៉ែន ៥-០ ហើយអ៊ីរ៉ាក់នៅចំណាត់ថ្នាក់ទី២ តាមពីក្រោយដោយវៀតណាម។
ចំណែកជំនួបមួយគូទៀត អារ៉ាប៊ីសាអូឌីតបានយកឈ្នះកូរ៉េខាងជើងដោយលទ្ធផល ៤-០ សម្រាប់ការប្រកួតបើកឆាកពូល E៕
VIDEO © រក្សាសិទ្ធិដោយ thmeythmey.com