ជាតិ
សង្គមជាតិ
មាឃបូជារម្លឹកដល់ថ្ងៃព្រះពុទ្ធ ជួបភិក្ខុ១២៥០អង្គ សម្តែងបាតិមោក្ខ និងដាក់អាយុសង្ខារ 24, Feb 2024 , 7:59 am
រូបភាពតំណាង៖ ថ្ងៃដែល ព្រះភិក្ខុ១២៥០អង្គ មកជួបជុំគ្នាក្នុងសំណាក់ព្រះសម្មាសម្ពុទ្ធដោយ មិនមានការណាត់ជាមុន។ ហើយព្រះសម្មាសម្ពុទ្ធ ក៏បានសម្តែងឱវាទបាតិមោក្ខ ដល់ព្រះភិក្ខុទាំងនោះ។
× ការប្រារព្ធពិធីបុណ្យមាឃបូជា គឺដើម្បីរម្លឹកនូវព្រឹត្តិការណ៏សំខាន់៣យ៉ាង ដែលរួមមាន ទីមួយ ការធ្វើចតុរង្គសន្និបាត ទីពីរ ព្រះពុទ្ធ សម្តែងឱវាទបាតិមោក្ខដល់ភិក្ខុ និងទីបី ព្រះពុទ្ធ ដាក់អាយុសង្ខារ។ ពិធីបុណ្យមាឃបូជា ប្រព្រឹត្តទៅនៅថ្ងៃ១៥កើត ខែមាឃ ដែលត្រូវនឹងថ្ងៃសៅរ៍ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤។
ចតុរង្គសន្និបាត មានន័យថា ជាការជួបជុំគ្នារបស់សាវ័កព្រះពុទ្ធ នៅក្នុងថ្ងៃតែមួយ ហើយប្រកបដោយអង្គ ឬហេតុ៤យ៉ាង។ អង្គ ឬហេតុទាំង៤ ដែលកើតឡើងក្នុងថ្ងៃជួបជុំនោះ គឺទីមួយ ជាថ្ងៃឧបោសថ ដែលមានព្រះចន្ទពេញវង់ល្អ ទីពីរ ជាថ្ងៃ ដែលព្រះភិក្ខុទាំង១២៥០អង្គ មកជួបជុំគ្នាក្នុងសំណាក់ព្រះសម្មាសម្ពុទ្ធដោយមិនមានការណាត់ជាមុន ទីបី ព្រះភិក្ខុទាំងអស់នោះ សុទ្ធសឹងតែជាព្រះអរហន្ត និងទីមួយ ព្រះភិក្ខុទាំងអស់នោះ សុទ្ធសឹងតែជាឯហិភិក្ខុ។ ឯហិភិក្ខុ គឺសំដៅលើជនណាម្នាក់ ដែលគ្រាន់តែចូលទៅស្តាប់ធម៌របស់ព្រះពុទ្ធហើយ ក៏ក្លាយជាភិក្ខុដូចគេដែរ។ ចតុរង្គសន្និបាតនេះ មានតែម្តងប៉ុណ្ណោះក្នុងសម័យព្រះពុទ្ធ។
រីឯ ការសម្តែងឱវាទបាតិមោក្ខ ជាកម្រងដំបូន្មានរបស់ព្រះពុទ្ធ ដើម្បីដឹកនាំសត្វលោកទាំងអស់ឱ្យរួចផុតទុក្ខ។ ឱវាទបាតិមោក្ខ មានដូចជា សេចក្តីអត់ធន់ ការមិនធ្វើបាបទាំងពួង ការបំពេញកុសល ការញ៉ាំងចិត្តរបស់ខ្លួនឱ្យផូរផង់ ការមិនពោលពាក្យតិះដៀល និងការមិនបៀតបៀនគ្នា ជាដើម។
ក្រោយសម្តែងឱវាទបាតិមោក្ខរួចហើយ ព្រះពុទ្ធ ក៏ប្រកាសតែងតាំងភិក្ខុ២អង្គ ជាអគ្គសាវ័កកំពូលលើសភិក្ខុទាំងឡាយ។ ភិក្ខុទាំង២អង្គនោះគឺ ព្រះសារីបុត្ត ជាអគ្គសាវ័កស្តាំ ដែលមានបញ្ញាលើសគេ និងព្រះមហាមោគ្គល្លាន ជាអគ្គសាវ័កឆ្វេង ដែលមានឫទ្ធិលើសគេ។
ចំណែក ការដាក់អាយុសង្ខារ គឺព្រះពុទ្ធ កំណត់ថា ៣ខែទៅមុខទៀត ព្រះអង្គនឹងចូលព្រះនិព្វាន ដែលជាការលាចាកលោកនេះ ដោយពុំមានការចាប់បដិសន្ធិជាថ្មីឡើយ។ រយៈពេល៣ខែក្រោយមក ព្រះអង្គក៏ចូលព្រះនិព្វាន ក្នុងព្រះជន្ម៨០ព្រះវស្សា។
មាឃបូជា គឺជាបុណ្យដ៏ធំមួយក្នុងព្រះពុទ្ធសាសនា ដែលប្រទេសកម្ពុជា ត្រូវប្រារព្ធឡើងជារៀងរាល់ឆ្នាំ។ មិនមែនតែកម្ពុជាទេ សូម្បីតែប្រទេសដទៃ ដូចជាស្រីលង្កា មីយ៉ាន់ម៉ា និងថៃ ជាដើម ដែលកាន់ព្រះពុទ្ធសាសនាផងនោះ ក៏ប្រារព្ធពិធីបុណ្យនេះដែរ៕
Tag:
មាឃបូជា
ព្រះធម៌
ព្រះពុទ្ធ
© រក្សាសិទ្ធិដោយ thmeythmey.com