អន្តរជាតិ
តើ​អ្វី​ទៅជា​«​ល្បឿន​សំឡេង​»?
19, Oct 2019 , 10:59 pm        
រូបភាព
​បន្ទាប់ពី​ល្បឿន​នៃ​ពន្លឺ ល្បឿន​នៃ​សំឡេង​ក៏​ជា​តួរ​លេខ​មួយ​សំខាន់​ផងដែរ​ក្នុង​ការសិក្សា​អំពី​ផ្នែក​ជាច្រើន​នៃ​រូបវិទ្យា​។ សំឡេង គឺជា​បាតុភូត​មួយ​ដែល​អ្នក​អាច​ស្តាប់លឺ តែ​មិនអាច​មើល​នឹង​ភ្នែក​ធម្មតា​ឃើញ តែ​តាមពិតទៅ វា​គឺជា​ទម្រង់​កម្លាំង​មួយបែប​ដែល​រុញ​ផង់​តូចៗ​នៅក្នុង​លំហ​ខ្យល់​ទៅវិញទៅមក​ប៉ុណ្ណោះ​។ តើ​អ្វី​ទៅជា​ល្បឿន​សំឡេង​? តើ​វា​មាន​ល្បឿន​លឿន​ដល់​ប៉ុនណា​?


​សំឡេង​មាន​ល្បឿន​ខុសៗ​គ្នា​បន្តិចបន្តួច​ទៅតាម​សីតុណ្ហភាព និង​អង្គធាតុ​ដែល​សំឡេង​ទាំងនោះ​ធ្វើដំណើរ​ឆ្លងកាត់ ក្នុង​រយៈពេល​កំណត់​ច្បាស់លាស់​មួយ​។ គេហទំព័រ Live Science បានធ្វើការ​បកស្រាយ​ថា នៅតាម​រយៈកម្ពស់​នៃ​នា​វ៉ូ​ទឹកសមុទ្រ ក្នុង​សីតុណ្ហភាព​ធម្មតា​១៥​អង្សា​សេ
​សំឡេង​អាចមាន​ល្បឿន​រហូត​ទៅដល់ ១២២៥​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​។ សំឡេង គឺជា​រំ​ញ័រ​របស់​ផង់​តូចៗ​នៅក្នុង​ខ្យល់​ដែល​គេ​ហៅថា​«​ម៉ូលេគុល​»​នៅពេលដែល​ផង់​ទាំងនោះ​រុញច្រាន​គ្នា​ទៅវិញទៅមក ដោយ​អាស្រ័យ​ជាមួយនឹង​កម្លាំង​ដែល​បាន​បញ្ចេញ​ដាក់​វា ដូចជា​រំ​ញ័រ​នៃ​ឧបករណ៍​បំពង​សំឡេង ឬ​បំពង់ករ​របស់​មនុស្ស​ជាដើម​។

​ផង់​តូចៗ​ដែល​ហៅថា​ម៉ូលេគុល​ទាំងនោះ​នឹង​រុញច្រាន​គ្នា​រហូត​វា​ធ្វើដំណើរ​ទៅកាន់​សរីរាង្គ​ចាប់​សំឡេងៗ​នានា​នៃ​ត្រចៀក ដែល​បង្កើត​ទៅជា​រំ​ញ័រ រួច​ប​ម្លែ​ង​ទៅជា​ញាណ​ដែល​មនុស្ស​យើង​អាច​ស្តាប់​បាន​។ មូល​ហេតុដែល​សីតុណ្ហភាព​មាន​លក្ខណៈ​សំខាន់​ក្នុងការ​កំណត់​ល្បឿន​សំឡេង​ពីព្រោះ នៅក្នុង​កន្លែង​ត្រជាក់ ម៉ូលេគុល​ខ្យល់​មាន​ចលនា​យឺត ទើប​ធ្វើ​ឲ្យ​សំឡេង​មាន​ល្បឿន​យឺត​។ នៅពេលដែល​ខ្យល់​មាន​លក្ខណៈ​ក្តៅ ចលនា​ម៉ូលេគុល​មាន​ល្បឿន​លឿន​ជាង​មុន ដែល​នឹងធ្វើ​ឲ្យ​ល្បឿន​របស់​សម្លេង​មាន​លក្ខណៈ​លឿន​ជាង​មុន​ដូចគ្នា​។

​សូម្បីតែ​ប្រភេទ​នៃ​ម៉ូលេគុល​ឧស្ម័ន (​អុកស៊ីសែន កាបូនឌីអុកស៊ីត អាសូត មេតាន​) ក៏​អាចធ្វើ​ឲ្យ​សម្លេង​ដាល​ក្នុង​ល្បឿន​ផ្សេងៗ​ពីគ្នា​បន្តិចបន្តួច​ផងដែរ ដោយសារ​ម៉ូលេគុល​ខុសគ្នា មាន​ម៉ាស​មិន​ដូចគ្នា​នោះទេ​។ ឧបករណ៍​ហោះហើរ​របស់​មនុស្ស​ជាច្រើន​បានធ្វើការ​បំបែក​ល្បឿន​សំឡេង​រួញ​ទៅហើយ​។

​នៅក្នុង​ឆ្នាំ​១៩៤៧ យាន្ត​ហោះហើរ​មួយ​របស់​សហរដ្ឋអាមេរិក​ដែលមាន​ឈ្មោះថា X-1 បើកបរ​ដោយ​ពី​លុត Chuck Yeager បាន​ក្លាយជា​អ្នក​ទីមួយ​ក្នុងការ​បំបែក​ល្បឿន​សម្លេង​។ នៅក្នុង​ឆ្នាំ​២០០៤ យន្ត​ហោះហើរ​មួយទៀត​របស់​អង្គការ NASA ដែលមាន​ឈ្មោះថា X-43A បាន​ក្លាយជា​យន្តហោះ​ហើរ​ដែលមាន​ល្បឿន​លឿន​ជាងគេ​មកទល់​ពេល​សព្វថ្ងៃ ជាមួយនឹង​ល្បឿន ១១២៦៥​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ឬ​ស្មើនឹង ៣១២៩​ម៉ែត្រ​ក្នុង​មួយ​វិនាទី​។

​តែ​សម្រាប់​យន្តហោះ​ដឹក​អ្នកដំណើរ​ភាគច្រើន​ក្នុងពេល​បច្ចុប្បន្ន​វិញ គេ​ធ្វើដំណើរ​ក្នុង​ល្បឿន​ក្រោម​១០០០​គីឡូម៉ែត្រ​ប៉ុណ្ណោះ ពោលគឺ​នៅក្រោម​ល្បឿន​សម្លេង​។ នេះ​គឺ​នៅក្នុង​ហេតុផល​នៃ​ការ​សន្សំសំចៃ​ប្រេង សម្រាប់​សុ​វត្តិភាព​អ្នកធ្វើដំណើរ និង​អាយុកាល​ដំណើរការ​នៃ​យន្តហោះ​៕  


© រក្សាសិទ្ធិដោយ thmeythmey.com