អន្តរជាតិ
លោក​ត្រាំ​ថា ខាត​២​ទៅ​៥​ពាន់​លាន​ដុល្លារ ក្រោយ​ក្លាយជា​ប្រធានាធិបតី​
22, Oct 2019 , 7:19 pm        
រូបភាព
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ (AFP)
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ (AFP)
ដោយ:
​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ បញ្ជាក់​ឲ្យ​ដឹងថា  ការចូល​កាន់តំណែង​កំពូល​នេះ​បានធ្វើ​ឲ្យ​លោក​ខាត​បង់លុយ​ចន្លោះ​ពី​២-៥​ពាន់​លាន​ដុល្លារ ដែល​លោក​អាច​រកបាន ប្រសិនបើ​លោក​បន្ត​ដឹកនាំ​អាជីវកម្ម ជំនួស​ឲ្យ​ការចូល​ធ្វើ​នយោបាយ​។ ប៉ុន្តែ​ការលើកឡើង​របស់លោក​មេដឹកនាំ​រូបនេះ គឺ​គ្មាន​ភស្តុតាង​គាំទ្រ​សោះឡើយ​។​


​ប្រាប់​អ្នកសារព័ត៌មាន នៅ​ថ្ងៃទី​២១ ខែតុលា លោក ដូ​ណា​ល់ ត្រាំ អះអាង​ដូច្នេះ​៖«​ទោះជា​ខ្ញុំ​បាត់​បង់លុយ​២​ពាន់​លាន​ដុល្លារ​, ៥​ពាន់​លាន​ដុល្លារ ឬ​តិចជាង​នេះ​, វា​គ្មានអ្វី​ខុសប្លែក​នោះឡើយ​។ ខ្ញុំ​មិន​ខ្វាយខ្វល់​ទេ​។ ខ្ញុំ​កំពុង​ធ្វើ​រឿងនេះ​សម្រាប់​ប្រទេសជាតិ​។ ខ្ញុំ កំពុង​ធ្វើ​វា​សម្រាប់​ប្រជាជន [​អាមេរិក​] »​។ ទោះជា​បែបនេះ​ក្តី មេដឹកនាំ​វ័យ​៧៣​រូបនេះ បែរជា​បង្ហាញ​ជំហរ​ថា ប្រសិនបើ​លោក​ត្រូវតែ​កាន់តំណែង​កំពូល​នេះ​ម្តងទៀត លោក​នឹង​ទទួលយក​ភ្លាមៗ ដោយ​មិន​រារែក​ចិត្ត​ឡើយ​។

​វា​គ្មាន​ភស្តុតាង​ណាមួយ​ដែល​បង្ហាញថា​លោក ត្រាំ បាត់បង់​លុយរាប់​ពាន់​លាន​ដុល្លារ ចាប់តាំងពី​លោក​ក្លាយជា​ប្រធានាធិបតី​អាមេរិក​មក​។ យោងតាម​របាយការណ៍​ក្នុង​ខែមីនា ២០១៩ របស់​ទស្សនា​វ​ដ្តី Forbes ទ្រព្យសម្បត្តិ​សរុប​លោក​ត្រាំ​ដែល​ស្មើនឹង​៣,១​ពាន់​លាន​ដុល្លារ គ្មាន​ប្រែប្រួល​អ្វី​សោះឡើយ បើ​ធៀប​នឹង​ឆ្នាំមុន​។

​មែនទែនទៅ អ្នកជំនួញ​ប្រែក្លាយជា​អ្នកនយោបាយ​រូបនេះ ធ្លាប់​លើកឡើង​ស្រដៀង​គ្នា​ម្តង​ហើយ​ដែរ កាលពី​ខែសីហា កន្លងទៅ ។ ក្រោយមក​ទស្សនា​វ​ដ្តី Forbes បាន​បកស្រាយ​ថា​៖«​លោក​ត្រាំ មិន​បាត់​បង់លុយ​ចន្លោះ​ពី​៣​ទៅ​៥​ពាន់​លាន​ដុល្លារ​ឡើយ​។ ចំណូល​លោក គ្មាន​ទៅណា​ឆ្ងាយ​ពី​តួលេខ​៣​ពាន់​លាន​ដុល្លារ​នោះទេ​»​។

​ខណៈ​ទ្រព្យសម្បត្តិ​ផ្ទាល់​រក្សា​លំនឹង​រឹងមាំ​ក្នុងពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ លោក ត្រាំ បន្ត​ឈរ​ជាប់​នៅលើ​កំ​ពូ​ង​តារាង​ទស្សនា​វ​ដ្តី Forbes នៃ​មនុ​ស្សមាន​បំផុត​របស់​ពិភពលោក ស្រប​ពេលដែល​មហាសេដ្ឋី​អាមេរិក​ជាច្រើន​ប្រឈម​បញ្ហា​ហិរញ្ញវត្ថុ​។ ម្យ៉ាងទៀត ការកាន់កាប់​អចលនទ្រព្យ​លោក​ត្រាំ នៅតែមាន​តម្លៃ​ល្អប្រសើរ​ដដែល​។ ខុសពី​ប្រធានាធិបតី​អាមេរិក​មុនៗ លោក ដូ​ណា​ល់ ត្រាំ បាន​បដិសេធ​បញ្ចេញ​ឯកសារ​ការបង់ពន្ធ​លើ​ប្រាក់ចំណូល ព្រមទាំង​តវ៉ា​ជាមួយ​សភា និង​តុលាការ​អាមេរិក​ក្នុង​គោលដៅ​រក្សា​ហិរញ្ញវត្ថុ​លោក​ជាសម្ងាត់​។​

​សូម​រម្លឹក​ដែរ​ថា កាលពី​ថ្ងៃ​ចន្ទ ២១ តុលា លោក ដូ​ណា​ល់ ត្រាំ បាន​ប្តូរ​ចិត្ត​ភ្លាមៗ​ក្នុងការ​ផ្លាស់ប្ដូរ​ទីតាំង​រៀបចំ​ជំនួប​ប្រទេស G៧ ដែល​អាមេរិក​ត្រូវ​ធ្វើជា​ម្ចាស់ផ្ទះ​ឆ្នាំ​២០២០​។ ដោយ​ដំបូង​ឡើយ​ចង់យក​ទីលាន​វាយកូនគោល Trump National Doral នា​រដ្ឋ​ផ្លរីដា ជា​កន្លែង​រៀបចំ​ជំនួប លោក ត្រាំ ត្រូវ​រង​ការរិះគន់​ខ្លាំងៗ​ថា​ប្រើប្រាស់​មុខតំណែង​ជា​ប្រធានាធិបតី​ដើម្បី​កេងចំណេញ​ពីរ​ដ្ឋ​។ យ៉ាងណាមិញ មេដឹកនាំ​រូបនេះ បាន​ទាត់ចោល​ការចោទប្រកាន់​ថា​លោក​រំលោភ​រដ្ឋធម្មនុញ​អាមេរិក ដែល​ចែងថា ប្រធានាធិបតី​អាមេរិក និង​តំណាងរាស្ត្រ​មិនត្រូវ​ប្រើ​តំណែង​ពួកគេ​សម្រាប់​ប្រយោជន៍​ផ្ទាល់ខ្លួន​។​

​ជាការ​ពិត ប្រធានាធិបតី​អាមេរិក​ទី​៤៥​រូបនេះ ធ្លាប់​គ្រប់គ្រង​កន្លែង​កម្សាន្ត (Resort) ជាច្រើន​នៅ​ជុំវិញ​ពិភពលោក មុននឹង​ត្រូវបាន​បោះឆ្នោត​ជ្រើសរើស​តំណែង​កំពូល​នេះ​។ បច្ចុប្បន្ន កូនៗ​លោក កំពុង​កាន់កាប់​មួយផ្នែកធំ​នៃ​ជំនួញ​របស់​គ្រួសារ ក៏ប៉ុន្តែ​លោក ត្រាំ ពុំ​បោះបង់ចោល​ភាពជា​ម្ចាស់​កម្មសិទ្ធិ​ឡើយ​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ៕

Tag:
 សហរដ្ឋអាមេរិក​
  ដូ​ណា​ល់​ត្រាំ
© រក្សាសិទ្ធិដោយ thmeythmey.com