អន្តរជាតិ
កូរ៉េខាងជើងប្រាប់អាមេរិកនិងកូរ៉េខាងត្បូងឲ្យរកដំណោះស្រាយថ្មីសម្រាប់បញ្ហានៅឧបទ្វីបកូរ៉េ 22, Oct 2019 , 8:19 pm
លោក Kim Hyong Ryong អនុរដ្ឋមន្ត្រីក្រសួងកងកម្លាំងប្រដាប់អាវុធប្រជាជនកូរ៉េខាងជើង ថ្លែងក្នុងវេទិកាសន្តិសុខ «សៀងសាន លើកទី៩» នាទីក្រុងប៉េកាំង នៅថ្ងៃ២១ តុលា (Reuters)
×
ដោយ៖ ងួន សុភាវត្តី
មន្ត្រីយោធាជាន់ខ្ពស់កូរ៉េខាងជើង លើកឡើងថា ក្រុងវ៉ាស៊ីនតោននិងសេអ៊ូល ត្រូវតែស្វែងរកដំណោះស្រាយថ្មីក្នុងបញ្ហានៅឧបទ្វីបកូរ៉េ ដោយព្រមានទៀតប្រទេសទាំងពីរអាចមានលទ្ធផលមិនល្អ ប្រសិនបើនៅតែព្យាយាមប្រើប្រាស់គោលនយោបាយដែលមានគ្រោះថ្នាក់សម្រាប់ក្រុងព្យុងយ៉ាងទៀត។
ក្នុងវេទិកាសន្តិសុខ «សៀងសាន លើកទី៩» នាទីក្រុងប៉េកាំង នៅថ្ងៃ២១ តុលា លោក Kim Hyong Ryong អនុរដ្ឋមន្ត្រីក្រសួងកងកម្លាំងប្រដាប់អាវុធប្រជាជនកូរ៉េខាងជើង បានមានប្រសាសន៍ថា កូរ៉េខាងជើងការខិតខំធ្វើការដើម្បីដោះស្រាយបញ្ហានៅឧបទ្វីបកូរ៉េ។ ក៏ប៉ុន្តែការខិតខំរបស់កូរ៉េខាងជើងបានធ្លាក់ចូលក្នុងភាពគ្រោះថ្នាក់និងបញ្ហាកាន់តែធ្ងន់ធ្ងរដោយសារសកម្មភាពរបស់រដ្ឋាភិបាលកូរ៉េខាងត្បូងនិងអាមេរិក។
ការលើកឡើងរបស់លោកបែបនេះ គឺជាការបញ្ជាក់បន្ថែមទៅលើការដើរចេញរបស់កូរ៉េខាងជើងពីកិច្ចជំនួបដែលធ្វើឡើងជាមួយអាមេរិកនៅដើមតុលានេះ។ ការដើរចេញរបស់កូរ៉េខាងជើងនេះដែរ គឺជាការបង្ហាញពីការមិនពេញចិត្តដែលសហរដ្ឋអាមេរិកមិនបានលើកយកនូវដំណោះស្រាយថ្មីៗមកនិយាយ។
ទន្ទឹមនេះ កូរ៉េខាងជើងក៏បានគំរាមពីការចាប់ផ្តើមសាកល្បងបាញ់មីស៊ីលចម្ងាយឆ្ងាយឡើងវិញ ខណៈដែលមានការដាក់ទណ្ឌកម្មផ្នែកសេដ្ឋកិច្ចពីប្រទេសផ្សេងៗក្នុងគោលបំណងអោយកូរ៉េខាងជើងបោះចោលនូវអាវុធនុយក្លេអ៊ែរនិងមីស៊ីលប៉ាលីស្ទិកក្តី។
តាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP មន្ត្រីយោធាជាន់ខ្ពស់កូរ៉េខាងជើងរូបនេះ បន្ថែមថា៖ «វាមានរយៈពេលជាងមួយឆ្នាំហើយដែលកូរ៉េខាងជើងនិងសហរដ្ឋអាមេរិកបានចុះកិច្ចព្រមព្រៀងដំបូងជាមួយគ្នា ប៉ុន្តែទំនាក់ទំនងនេះហាក់មិនមានការរីកចម្រើនឡើយ នេះគឺដោយសារសហរដ្ឋអាមេរិកតែងតែប្រើប្រាស់គោលនយោបាយមិនសមស្រប និងមានគ្រោះថ្នាក់ដល់កូរ៉េខាងជើង»។ មិនត្រឹមតែប៉ុណ្ណោះ លោកក៏ចោទប្រកាន់កូរ៉េខាងត្បូងថា នៅតែរៀបចំធ្វើសមយុទ្ធជាមួយសហរដ្ឋអាមេរិក បូករួមនឹងការទិញនូវគ្រឿងសព្វាវុធថ្មីៗផង ដែរនេះគឺជាការគំរាមគំហែងដល់កូរ៉េខាងជើង។
គួររំលឹកផងដែរថា កូរ៉េខាងជើងបានបន្តបាញ់សាកល្បងមីស៊ីលខ្លួនម្តងហើយម្តងទៀតបើទោះជាមានការដាក់ទណ្ឌកម្មពីបរទេសក្តី។ ជាក់ស្តែងនៅដើមខែតុលានេះ បានបាញ់សាកល្បងនូវមីស៊ីលប៉ាលីស្ទិកចេញពីនាវាមុជទឹក (SLBM) ប្រភេទថ្មី Pukguksong3 ដែលនេះបានធ្វើអោយមានការព្រួយបារម្ភជាថ្មីម្តងទៀតពីពិភពលោក។ ទន្ទឹមនឹងនេះដែរកិច្ចជំនួបរវាងកូរ៉េខាងជើងនិងអាមេរិកក៏បានបញ្ចប់ទាំងមិនទាន់បានផ្លែផ្កាអ្វីមួយនៅឡើយ។ រួមជាមួយសកម្មភាពរបស់កូរ៉េខាងជើងនេះ មានអ្នកវិភាគមួយចំនួនបាននិយាយថា កូរ៉េខាងជើងអាចនឹងបាញ់មីស៊ីលថែមទៀតនាពេលខាងមុខ៕
© រក្សាសិទ្ធិដោយ thmeythmey.com