អន្តរជាតិ
មហា​ធៀ​៖ ម៉ាឡេស៊ី មិន​ដក​ពាក្យរិះគន់​លើ​រដ្ឋាភិបាល​ឥណ្ឌា​ពាក់ព័ន្ធ​នឹង​ដែន​ដីកា​ស្មៀ​រ​ឡើយ​
22, Oct 2019 , 10:39 pm        
រូបភាព
​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី មហា​ធៀ មហាម៉ាត់ នៅ​ថ្ងៃទី​២២ ខែ តុលា បាន​គូសបញ្ជាក់ថា ខ្លួន​មិនអាច​ដក​ពាក្យរិះគន់​សកម្មភាព​ទីក្រុង ញូ​វ ដែ​លី ក្នុង​ជម្លោះ​តំបន់​កា​ស្មៀ​រ​ឡើយ បើទោះបីជា​ពាណិជ្ជករ​ឥណ្ឌា ធ្វើពហិកា​ឈប់​ទិញ​ប្រេងដូង​ក៏ដោយ​។


​ទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង​ឥណ្ឌា និង​ម៉ាឡេស៊ី​បានទទួល​រង​នូវ​ភាព​រកាំរកូស  បន្ទាប់ពី​ឥណ្ឌា​បាន​បញ្ជា​ឲ្យ​សមាជិក​របស់ខ្លួន​ឈប់​ទិញ​ផលិតផល​ប្រេងដូង​របស់​ទីក្រុង​គូ​ឡា​ឡាំ​ពួ​។ ការណ៍​នេះ គឺ​កើតចេញពី ការរិះគន់​របស់​នាយ​ក​រដ្ឋមន្ត្រី មហា​ធៀ មហាម៉ាត់​ទៅលើ​ឥណ្ឌា​ថា បាន​ឈ្លានពាន និង​គ្រប់គ្រង​លើ​តំបន់​កា​ស្មៀ​រ​នៅឯ​មហាសន្និបាត​អង្គការសហប្រជាជាតិ​នា​ខែកញ្ញា​។

«​យើង​និយាយ​គំនិត​របស់​យើង ហើយ​យើង​នឹងមិន​ដក​ពាក្យ និង​ផ្លាស់ប្តូរ​វិញ​ឡើយ​។ អ្វី ដែល​យើង​និយាយ យើង​គួរតែ​គោរព​តាម​សេចក្តីសម្រេច​អង្គការសហប្រជាជាតិ​។ បើ​មិន​អញ្ចឹងទេ តើ​អង្គការសហប្រជាជាតិ​ប្រើប្រាស់​ដើម្បី​អ្វី​?»​។ នេះ​ជាស​ម្តី​របស់លោក​មហា​ធៀ ប្រាប់​អ្នកកាសែត​នៅក្រៅ​សភា ដើម្បី​ឆ្លើយតប​ទៅនឹង​សកម្មភាព​ពហិកា​ទំនិញ​ម៉ាឡេស៊ី​របស់​ឥណ្ឌា​។ បន្ថែម​ពីលើ​នេះ ម៉ាឡេស៊ី​នឹងធ្វើ​សិក្សា​ទៅលើ​ផលប៉ះពាល់​នៃ​ការធ្វើ​ពហិកា ដែល​បាន​អំពាវនាវ​ដោយ​សមាគម​ឥណ្ឌា Solvent Extractors មាន​មូលដ្ឋាន​នៅក្នុង​ទីក្រុង Mumbai​។

​ទោះបីជា​យ៉ាងណាក៏ដោយ នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​វ័យ ៩៤​ឆ្នាំ​រូបនេះ ក៏បាន​ទទួលស្គាល់​ដែរ​ថា ពហិកា​ទំនិញ​ម៉ាឡេស៊ី​នេះ មិនមែនជា​សកម្មភាព​របស់​រដ្ឋាភិបាល​ឥណ្ឌា​ទេ​។ ដូច្នេះ​ម៉ាឡេស៊ី​ធ្វើយ៉ាងណា ដើម្បី​ទំនាក់​ទំនងជា​មួយក្រុម​មនុស្ស ដែល​បញ្ចុះបញ្ចូល​ឲ្យ​ឈប់​ទិញ​ទំនិញ​ម៉ាឡេស៊ី​ទាំងនោះ ព្រោះ​សង្គ្រាម​ពាណិជ្ជកម្ម​គឺ​វា​អាក្រក់​ណាស់​សម្រាប់​ប្រទេស​ទាំងពីរ​។

​ទះ​ក្បាល អង្អែល​ខ្នង​។ នេះ​គឺជា​យុទ្ធសាស្ត្រ​របស់​ម៉ាឡេស៊ី ដើម្បី​លោម​ចិត្ត​រដ្ឋាភិបាល​ទីក្រុង​ញូ​វ ដែ​លី​កុំ​ឲ្យ​ផ្ទុះ​កំហឹង​។ ជាក់ស្តែង បន្ទាប់ពី​រិះគន់​ឥណ្ឌា​ចំៗ​ពាក់ព័ន្ធ​នឹង​តំបន់​កា​ស្មៀ​រហើយ រដ្ឋាភិបាល​ទីក្រុង​គូ​ឡា​ឡាំ​ពួ បាន​បន្ថយ​កំហឹង​រដ្ឋាភិបាល​ទីក្រុង​ញូ​វ ដែ​លី​វិញ តាមរយៈ​ការទិញ​សាច់​ក្របី និង​ស្ករស​បន្ថែម​។

​សូមបញ្ជាក់ថា ម៉ាឡេស៊ី គឺជា​ប្រទេស​ផលិត និង​នាំចេញ​ប្រេងដូង​ធំជាងគេ​បង្អស់​លំដាប់​ទី​ពីរ​នៅលើ​ពិភពលោក បន្ទាប់ពី​ឥណ្ឌូណេស៊ី​។ ជាក់ស្តែង​នៅក្នុង​ឆ្នាំ ២០១៨ ប្រេងដូង បាន​ជួយ​បង្កើន​ផលិតផល​ក្នុងស្រុក​សរុប​ម៉ាឡេស៊ី ២,៨ ភាគរយ និង​ស្មើរ​នឹង​៤,៥​ភាគរយ នៃ​ការនាំចេញ​សរុប​។ ជាពិសេស ឥណ្ឌា​គឺជា​ដៃគូរ​ពាណិជ្ជកម្ម​លំដាប់​ទី​បី របស់​ម៉ាឡេស៊ី​លើ​ការនាំចេញ​ប្រេងដូង​ទៅ​ក្រៅប្រទេស​។ ជា​ការពិត​ម៉ាឡេស៊ី បាន​នាំចេញ​ទំនិញ​ទៅ​ឥណ្ឌា ១០,៨​ពាន់​លាន​ដុល្លារ ខណៈដែល​ម៉ាឡេស៊ី​ទិញ​ទំនិញ​ពី​ឥណ្ឌា​មកវិញ​ត្រឹមតែ ៦,៤​ពាន់​លាន​ដុល្លារ​តែប៉ុណ្ណោះ​៕

Tag:
 ម៉ាឡេស៊ី​
  មហា​ធៀ
© រក្សាសិទ្ធិដោយ thmeythmey.com