អន្តរជាតិ
ប៉េកាំងរៀបចំគម្រោងដកលោកស្រី ការី ឡាំ ផ្គាប់ចិត្តពលរដ្ឋហុងកុង? 24, Oct 2019 , 7:59 am
លោកស្រី ការី ឡាំ ប្រធានប្រតិបត្តិក្រុងហុងកុង (AFP)
× រដ្ឋាភិបាលចិន កំពុងគិតគូរផែនការដកតំណែងលោកស្រី ការី ឡាំ ជាមេដឹកនាំហុងកុង ក្រោយបាតុករប្រឆាំងហិង្សា ឈានដល់ខែទី៤។ ម្យ៉ាងទៀត ប៉េកាំង ក៏សង្ឃឹមថា ហិង្សាក្នុងក្រុងហុងកុងនឹងថមថយ ខណៈការចាប់ខ្លួនក្រុមបាតុករកាន់តែច្រើនឡើងៗ។ នេះបើតាមការចុះផ្សាយរបស់កាសែត Financial Times នៅថ្ងៃទី២៣ ខែតុលា ដោយដកស្រង់សម្តីមនុស្សដឹងលឺពីគម្រោងនេះ។
ប្រភពនេះ បញ្ជាក់ឲ្យដឹងថា ប្រសិនបើប្រធានាធិបតី ស៊ី ជិនភីង សម្រេចចិត្តដំណើរការគម្រោងនេះ អ្នកជំនួសលោកស្រី ការី ឡាំ នឹងត្រូវជ្រើសតាំងឡើងនាខែមីនា ឆ្នាំ២០២០ខាងមុខ និងគ្រប់គ្រងបន្តពេលសេសសល់នៃអាណត្តិលោកស្រី ដែលនឹងបញ្ចប់នាឆ្នាំ២០២២។
តាម Financial Times បេក្ខជនឈានមុខក្នុងការបន្តតំណែងកំពូលនៅក្រុងហុងកុងនេះ គឺមានដូចជា លោក Norman Chan អតីតប្រធានអាជ្ញាធរទទួលបន្ទុកផ្នែករូបិយវត្ថុហុងកុង និងលោក Henry Tang ដែលធ្លាប់កាន់តំណែងជារដ្ឋមន្ត្រីហិរញ្ញវត្ថុ។
ចលនាបាតុកម្មនៅហុងកុង ដែលឈានដល់ខែទី៤ហើយនោះ ត្រូវបានមើលឃើញថាជាបញ្ហាប្រឈមដ៏ធ្ងន់ធ្ងរបំផុតមួយសម្រាប់បក្សកុម្មនុយនីស្តលើទឹកដីចិនក្នុងពេល៣ទស្សវត្សរ៍ចុងក្រោយ។ ក្រុមបាតុករទាំងនោះ អះអាងថា ពួកគេនឹងមិនបញ្ឈប់សកម្មភាពតវ៉ានោះទេ ពោលគឺរហូតដល់តំណាងរាស្ត្រនិងប្រធានប្រតិបត្តិរបស់ហុងកុង ត្រូវបានជ្រើសរើសតាមរយៈការបោះឆ្នោតប្រជាធិបតេយ្យ។
បើតាមប្រភពដដែល ក្រុមមន្ត្រីចិនចង់សម្រួលស្ថានការណ៍ហុងកុងបច្ចុប្បន្នដែលកំពុងតានតឹងខ្លាំង មុនពេលបង្កើតការសម្រេចចិត្តចុងក្រោយមួយគឺការធ្វើកំណែទម្រង់លើរបៀបជ្រើសរើសថ្នាក់ដឹកនាំនៅហុងកុង។ ពួកគេ ក៏សង្ឃឹមដែរថា ហិង្សាក្នុងក្រុងហុងកុងនឹងថមថយ ខណៈការចាប់ខ្លួនក្រុមបាតុករកាន់តែច្រើនឡើងៗ។
គួររម្លឹកថា កាលពីខែ កក្កដា កាសែត Financial Times បានចុះផ្សាយថា លោកស្រី ឡាំ ធ្លាប់មានបំណងលាលែងពីតំណែង ក៏ប៉ុន្តែក្រុងប៉េកាំង បង្ខំឲ្យលោកស្រីដឹកនាំបន្ត។ ក្រោយមក រដ្ឋាភិបាលចិន និងហុងកុង បានបដិសេធរបាយការណ៍នេះ។ ដោយឡែក ក្នុងអាត់សំឡេងបែកធ្លាយមួយ ដែលបញ្ចេញដោយទីភ្នាក់ងារ Reuters លោកស្រី ឡាំ និយាយថា៖«សម្រាប់នាយកប្រតិបត្តិម្នាក់ដែលបានបង្កឱ្យមានការបំផ្លិចបំផ្លាញដ៏ធំធេងបែបនេះសម្រាប់ហុងកុង គឺមិនអាចលើកលែងបានទេ»។ លោកស្រី បន្តថា ៖«ប្រសិនបើខ្ញុំមានជម្រើសមួយនោះ រឿងទីមួយ គឺ ចុះចេញពីតំណែង ហើយចេញមុខសុំទោស»៕
Tag:
ចិន
ហុងកុង
ការីឡាំ
© រក្សាសិទ្ធិដោយ thmeythmey.com