អន្តរជាតិ
អាស៊ី ត្រៀមធ្វើជាមេដឹកនាំពិភពលោកក្នុងទីផ្សារថាមពលខ្យល់នៅឆ្នាំ២០៥០ 24, Oct 2019 , 8:39 am
×
ដោយ៖ ឈួន ឈីវអ៊ីង
ទ្វីបអាស៊ី នឹងក្លាយជាមេដឹកនាំពិភពលោកក្នុងវិស័យផលិតថាមពលដោយកម្លាំងខ្យល់ នៅប៉ុន្មានទសវត្សរ៍ខាងមុខនេះ ហើយគ្រប់គ្រងទាំងឧស្សាហកម្មផលិតថាមពលខ្យល់លើគោក និងក្នុងសមុទ្រ។ នេះបើតាមរបាយការណ៍របស់ទីភ្នាក់ងារថាមពលកកើតឡើងវិញអន្តរជាតិ នៅថ្ងៃទី២១ ខែតុលា។
បើយោងតាមរបាយការណ៍ខ្យល់នាពេលអនាគត អាស៊ី នឹងមានចំណែកច្រើនជាង៥០ភាគរយនៃថាមពលខ្យល់ផលិតចេញពីម៉ាស៊ីនដំឡើងលើគោក និង៦០ភាគរយនៃថាមពលដែលផលិតដោយម៉ាស៊ីនដំឡើងក្នុងសមុទ្រនៅឆ្នាំ២០៥០ខាងមុខ។
ទីភ្នាក់ងារថាមពលកកើតឡើងវិញអន្តរជាតិបានកត់សម្គាល់ថា ចិន គឺជាប្រទេសដែលចំណែកធំជាងគេសម្រាប់តំបន់អាស៊ី។ ចិន នឹងទាយយកថាមពលពីខ្យល់ដែលមានកម្លាំងសរុប ២៥២៥ ជីហ្គាវ៉ាត់ បពីម៉ាស៊ីនដែលដំឡើងនៅលើដីនិងនៅលើឆ្នេរសមុទ្រនៅឆ្នាំ២០៥០។ បន្ទាប់ពីចិន គឺឥណ្ឌាដែលអាចផលិតថាមពលខ្យល់បាន ៤៤៣ ជីហ្គាវ៉ាត់។ កូរ៉េខាងត្បូងនៅលំដាប់បន្ទាប់ជាមួយថាមពលចំនួន ៧៨ជីហ្គាវ៉ាត់ និងអាស៊ីអាគ្នេយ៍ចំនួន ១៦ជីហ្កាវ៉ាត់ផងដែរ។
នៅពាក់កណ្តាលសតវត្សរ៍ខាងមុខ ខ្យល់មួយភាគបី ត្រូវបានប្រើប្រាស់ជាប្រភពនៃថាមពលសកលរួមជាមួយប្រព័ន្ធអគ្គិសនី។ ការណ៍នេះ នឹងជួយកាត់បន្ថយការបំភាយកាបូនស្របតាមគោលដៅអាកាសធាតុទីក្រុងប៉ារីស។ នេះបើតាមការផ្សាយរបស់ទូរទស្សន៍ Channel NewsAsia ។
យ៉ាងណាមិញ ក្នុងរបាយការណ៍ដដែល ដើម្បីឈានដល់គោលដៅនេះ សមត្ថភាពទាញយកថាមពលខ្យល់នៅលើគោកត្រូវបង្កើនឲ្យបានបួនដង ហើយនៅឆ្នេរសមុទ្រត្រូវការបង្កើនចំនួន១០ដងរៀងរាល់ឆ្នាំ បើប្រៀបធៀបទៅនឹងបច្ចុប្បន្ននេះ។
ថាមពលកកើតឡើងវិញដែលមានតម្លៃទាបដូចជាថាមពលខ្យល់នេះ គឺជាដំណោះស្រាយដែលមានប្រសិទ្ធភាព និងបន្ទាន់បំផុតសម្រាប់ការកាត់បន្ថយការបំភាយកាបូន។ ថាមពលខ្យល់អាចជាប្រភពថាមពលតែមួយធំជាងគេបំផុតនៅពាក់កណ្តាលសតវត្សរ៍នេះផងដែរ។ ប្រការនេះមិនត្រឹមតែអាចជួយបំពេញគោលដៅអាកាសធាតុនាពេលអនាគតប្រកបដោយនិរន្តរភាពប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងជួយជំរុញកំណើនសេដ្ឋកិច្ច និងបង្កើតឱកាសការងារដើម្បីអភិវឌ្ឍប្រកបដោយចីរភាពទៀតផង៕
ទន្ទឹមនឹងថាមពលពន្លឺព្រះអាទិត្យ ថាមពលខ្យល់ នឹងក្លាយជាផ្លូវសម្រាប់ការផ្លាស់ប្តូរនៃវិស័យថាមពលពិភពលោក។ នេះក៏ព្រោះតែខ្យល់នៅលើគោកនិងឆ្នេរសមុទ្រ បង្កើតបានជាអគ្គិសនីច្រើនជាងមួយភាគបីនៃតម្រូវការអគ្គិសនីសរុប ហើយដែលនឹងក្លាយជាប្រភពថាមពលលេចធ្លោនៅឆ្នាំ ២០៥០ ៕
© រក្សាសិទ្ធិដោយ thmeythmey.com